- ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ភ្នំពេញ៖ បច្ចុប្បន្ន អគារអង្គរជ័យដ៏ចាស់ទ្រុឌទ្រោម ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋ៤គ្រួសារទៀត ដែលកំពុងរស់នៅ។ យ៉ាងណាមិញ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱសានវាទ១៥ថ្ងៃ ឱ្យគ្រួសារទាំងនោះចាកចេញពីអគារជាបន្ទាន់ ដើម្បីបង្ការនូវហានិភ័យនូវការបាក់រលំអគារ។ ឱសានវាទនេះ គឺគិតចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ តទៅ។
« សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវចាកចេញពីអគារនេះ ក្នុងរយៈពេល១៥ថ្ងៃ គិតជាថ្ងៃទី៥ ខែឧសភា តទៅ»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងដែនដី នាថ្ងៃទី៥ ខែឧសភា ដែលក្រុមការងារក្រសួងនឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនពលរដ្ឋទាំង៤គ្រួសារនោះ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនបានប្រាប់ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យចាត់វិធានការបន្ទាន់នូវការហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃទី៥ ខែឧសភា តទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្លាប់សាធារណៈ។ ក្រសួងដែនដី នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រាឌទ្រោមនេះ ក្រោយផុតពេលកំណត់ នៃការចាកចេញរបស់ក្រសួងប្រជាពលរដ្ឋចុងក្រោយចំនួន៤គ្រួសារនោះ។
អគារអង្គរជ័យដ៏ទ្រុឌទ្រោមខ្លាំង ជាអាគារសហកម្មសិទ្ធិនេះ មានទីតាំងស្ថិតនៅនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អគារនេះ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំ។
បើតាមក្រសួងដែនដី អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧ បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។ ក្រសួងបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ស្មើនឹង ៩៤ភាគរយ បានទទួលយកដំណោះស្រាយក្រោម ការសម្របសម្រួលរបស់រដ្ឋាភិបាល ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី។ ប៉ុន្តែ បច្ចុប្ប្ន គឺ មានគ្រួសារចំនួន ៤ទៀត ដែលបន្តរស់នៅអគារនេះ៕
អ្នកសរសេរអត្ថបទ
