- ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលភ្ញៀវ Athletic Club ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League នៅរាត្រីថ្ងៃទី៨ ខែឧសភា វេលាម៉ោង ២អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ មាន៣គ្រាប់ក្នុងដៃពីជើងទី១រួចហើយ តើ Man Utd អាចដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២អឺរ៉ុបរដូវកាល ២០២៤-២៥ នេះបានឬទេ?
កាលពីជើងទី១ វគ្គ១/២ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន San Mames ក្រុមភ្ញៀវ Man Utd ឈ្នះ Athletic Club ដល់ទៅ ៣-០។ លទ្ធផលនេះផ្តល់ឱ្យក្រុមបិសាចក្រហម មានប្រៀបខ្ពស់លើក្រុមអេស្ប៉ាញ ដ្បិតត្រូវលេងនៅទឹកដីខ្លួនសម្រាប់ជើងទី២។ តាមការប៉ាន់ស្មានរបស់ Opta ក្រុមអង់គ្លេស មាន ៩៧ភាគរយឯណោះ ជាក្រុមមានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ។
ក្រោមការដឹកនាំរបស់លោក Ruben Amorim ក្រុម Man Utd ធ្វើមិនបានល្អសោះក្នុងការប្រកួតលីគ និង FA Cup ក្នុងនាមជាក្រុមការពារជើងឯក។ ដោយឡែកនៅក្របខណ្ឌអឺរ៉ុបវិញ ក្រុមរហស្សនាមបិសាចក្រហមមិនទាន់ស្គាល់ចាញ់ឡើយតាំងពីវគ្គចែកពូល រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាក្រុមល្បីល្បាញនៅតំបន់អឺរ៉ុប Man Utd សល់ឱកាសមួយលើកនេះប៉ុណ្ណោះ ក្នុងការទទួលបានកៅអី Champions League រដូវកាលក្រោយ។ កាលពីរដូវកាលមុន ក្រុមយក្សអង់គ្លេសមួយនេះ ក៏ពឹងផ្អែកលើការឈ្នះពាន FA Cup ដើម្បីបានកៅអី Europa League ផងដែរ។
ដោយឡែក ជំនួបមួយគូទៀតរវាង Tottenham Hotspur និង Bodo/Glimt វគ្គ១/២ផ្តាច់ព្រ័ត្រ ក៏នឹងធ្វើឡើងនៅម៉ោង២អាធ្រាត្រនេះដូចគ្នា។ សម្រាប់ជើងទី២នេះ Spurs ក៏ជាក្រុមមានប្រៀបផងដែរ ក្រោយជើងទី១ក្នុងដី ពួកគេឈ្នះក្រុមពីន័រវែស ៣-១។ សម្រាប់គូនេះ Opta បានបង្ហាញស្ថិតិរបស់ខ្លួនថា ក្រុមរហស្សនាមមាន់ខ្នាយមាស នឹងឡើងវគ្គផ្តាច់ព្រ័ត្រ Europa League ដោយត្រូវប៉ះគ្នានឹង Man Utd។
បើ Man Utd និង Spurs បានកៅអីផ្តាច់ព្រ័ត្រ នឹងក្លាយជាកំណត់ត្រាទី៦ ដែលក្រុមមកពីអង់គ្លេសដូចគ្នា ឡើងជួបគ្នាវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់អឺរ៉ុប ហើយក្រុមអង់គ្លេសដល់ ៦ក្រុម នឹងបង្ហាញខ្លួននៅ Champions League រដូវកាលក្រោយ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
