- ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ រយៈពេលជិត៦ឆ្នាំហើយ ដែលលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យសង្គមថ្មី ដឹកនាំសិស្សានុសិស្សដាំបន្លែជាច្រើនប្រភេទ និងចិញ្ចឹមត្រីក្នុងទីធ្លាសាលា។ គោលបំណងដែលសាលាឱ្យសិស្សធ្វើកសិកម្មនេះ ដើម្បីឱ្យសិស្សានុសិស្ស អាចស្វែងយល់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ចេះដាំដំណាំ និងចូលរួមថែរក្សាបរិស្ថាន ហើយជាមូលដ្ឋានគ្រឹះដល់សិស្សក្នុងការយកជំនាញកសិកម្ម ទៅដាំនៅតាមសាលារៀន ផ្ទះ ឬកសិដ្ឋានណាមួយនៅថ្ងៃអនាគត។
ស្ថិតក្នុងភូមិតាសែងកណ្ដាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ អនុវិទ្យាល័យសង្គមថ្មី តម្រូវឱ្យសិស្សចាប់ពីថ្នាក់ទី៧ ដល់ទី៩ ត្រូវអនុវត្តនៅរាល់ម៉ោងកសិកម្ម និងបំណិនជីវិត។ លោក លី ថុន នាយកសាលាអនុវិទ្យាល័យសង្គមថ្មី លើកឡើងថា ការអប់រំបំណិននេះ គឺអនុវត្តនៅពេលសិស្សទំនេរពីការសិក្សាតែប៉ុណ្ណោះ។
បន្លែដែលអនុវិទ្យាល័យសង្គមថ្មីដាំនោះ មានដូចជា ស្ពៃ ត្រកួន ត្រប់ តាសក់ និងស្លឹកគ្រៃ ដែលការដាំដោយគឺប្រើប្រាស់ជីធម្មជាតិ និងមានការថែទាំយ៉ាងដិតដល់ ពីលោកគ្រូ អ្នកគ្រូ និងសិស្សថា្នក់ទី៧ដល់ថ្នាក់ទី៩ ស្រោចទឹក និងបោចស្មៅជាប្រចាំថ្ងៃ។ បន្ថែមពីនេះ សាលា ក៏មានសកម្មភាពមួយចំនួនផ្សេងទៀតដូចជា ការចិញ្ចឹមត្រី ការធ្វើជីកំប៉ុស្តសម្រាប់ស្រោចដំណាំ និងប្រមូលសំរាមក្នុងបរិវេណសាលាជាដើម។
លោក លី ថុន នាយកសាលាអនុវិទ្យាល័យសង្គមថ្មី បញ្ជាក់ថា៖ « យើងបណ្តុះគំនិតឱ្យសិស្ស សម្រាប់ទៅថ្ងៃក្រោយទៀត។ យើងនឹងបន្តសកម្មភាពបែបនេះរហូត ដើម្បីឱ្យពួកគាត់ចេះដាំ ចេះថែទាំបន្លែ និងស្គាល់ពីប្រភេទបន្លែ ជាពិសេសនៅតំបន់សាលាអនុវិទ្យាល័យសង្គមថ្មី គឺនៅឆ្ងាយពីផ្សារ។ បន្លែទាំងនេះ ជាប្រភេទបន្លែដែលផ្តល់ផលលឿន ងាយស្រួលដាំ និងថែទាំ។ ការដាំបន្លែ និងចិញ្ចឹមត្រីរួមគ្នានេះ បង្ហាញពីសាមគ្គីភាព ទំនាក់ទំនងរវាងគ្រូ និងសិស្ស ដោយផ្ដល់ប្រយោជន៍មួយផ្នែកដល់សាលារបស់យើងផងដែរ។»។
រូបភាពពី៖ អនុវិទ្យាល័យសង្គមថ្មី
បន្ថែមពីនេះ ការថែទាំបន្លែ និងចិញ្ចឹមត្រី មានលោកគ្រូផ្នែកកសិកម្ម និងសិស្សនុសិស្សនាំគ្នាស្រោចទឹករាល់ថ្ងៃផងដែរ។ សម្រាប់គ្រាប់ពូជដំណាំ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺត្រូវចំណាយថវិការបស់សាលា។ ទន្ទឹមនឹងនោះ សិស្សានុសិស្ស អាចបេះបន្លែ និងចាប់ត្រីដែលដាំនៅក្នុងសាលាទៅបរិភោគបាន។
«បន្លែទាំងអស់នោះ គឺយើងយកលក់ឱ្យសហគមន៍។ ថវិកាដែលទទួលបានពីការលក់បន្លែនោះ សាលាយកទិញគ្រាប់ពូជដាំ។ សល់លុយខ្លះសម្រាប់សិស្សានុសិស្ស និងយកទៅដាក់ក្នុងកញ្ចប់អភិវឌ្ឍន៍សាលា ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន។»។ នេះជាការអះអាងបន្ថែម របស់លោកនាយកសាលាអនុវិទ្យាល័យសង្គមថ្មី។
លោក លី ថុន បន្តថា ការដឹកនាំសិស្សដាំបន្លែនេះ បានជំរុញ និងលើកទឹកចិត្តដល់សិស្សស្រឡាញ់បរិស្ថាន និងចូលរួមក្នុងសកម្មភាពដាំដំណាំ កាន់តែប្រសើរថែមទៀត។ នាយកសាលារូបនេះ សង្កេតឃើញថា សិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម ក្នុងការថែទាំដំណាំយ៉ាងដិតដល់ ហើយសិស្សយល់ដឹងច្រើនទាក់ទងទៅនឹងការដាំបន្លែ និងចិញ្ចឹមត្រី ក្នុងទីធ្លាសាលា។
រូបភាពពី៖ អនុវិទ្យាល័យសង្គមថ្មី
លើសពីនេះ សួនដាំបន្លែក្នុងសាលានេះ ក៏បានក្លាយជាកន្លែងអប់រំ និងកន្លែងកម្សាន្តសម្រាប់សិស្សក្នុងពេលកំពុងសិក្សា ហើយសួននេះ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទម្លាប់ និងទំនាក់ទំនងរវាងគ្រូ និងសិស្សដែរ។ លោក លី ថុន សង្ឃឹមថា ផ្នត់គំនិតដឹកនាំសិស្សានុសិស្សដាំបន្លែ និងចិញ្ចឹមត្រីនេះ នឹងកើតមាននៅគ្រប់សាលា ដើម្បីចូលរួមអប់រំ សិស្សឱ្យចេះកសិកម្ម យល់ពីបច្ចេកទេសដាំបន្លែ ដោយមិនប្រើគីមី និងរួមចំណែកការពារបរិស្ថានផងដែរ។
ក្រៅពីនេះ លោក លី ថុន នាយកសាលាអនុវិទ្យាល័យសង្គមថ្មី ស្ថិតក្នុងភូមិតាសែង កណ្ដាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ យល់ថាសកម្មភាពទាំងនេះ ពិតជាមានសារៈប្រយោជន៍ច្រើនក្នុងវិស័យអប់រំ និងមានឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់សិស្ស ទាំងផ្នែកបរិស្ថាន និងសុខភាពទៀតផង៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
