លោកម៉ាក្រុង​នៅតែ​រឹងទទឹងទទួលមេដឹកនាំថ្មីរបស់ស៊ីរី ទោះរងការរិះគន់ពីអ្នកនយោបាយបារាំង
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
លោកម៉ាក្រុង​នៅតែ​រឹងទទឹងទទួលមេដឹកនាំថ្មីរបស់ស៊ីរី ទោះរងការរិះគន់ពីអ្នកនយោបាយបារាំង
French President Emmanuel Macron, left, shakes hands with Syria's interim President Ahmad al-Sharaa before their talks Wednesday, May 7, 2025 at the Elysee Palace in Paris. (AP Photo/Michel Euler) AP - Michel Euler

ប្រមុខដឹកនាំថ្មីរបស់ស៊ីរី លោក Ahmed al Charaa ​បានបំពេញទស្សនកិច្ចនៅប្រទេស​បារាំង​កាលពីថ្ងៃ​ពុធទី ៧ឧសភា។ នៅក្នុង​ដំណើរទស្សនកិច្ច​​ជាលើកទី១ ​នៅទឹកដីអឺរ៉ុប ប្រធានាធិបតីស្តីទី ដែល​បានចូលកាន់អំណាច​ដឹកនាំ​ស៊ីរីនៅក្រោយផ្តួលរំលំរបបផ្តាច់ការរបស់​លោកបាស្ហា អាល់អាសាដ​បានទាមទារ​ឲ្យ​អឺរ៉ុប​ដកទណ្ឌកម្ម​​ដែលបាន​បំបាក់​សេដ្ឋកិច្ចស៊ីរី​ឲ្យសឹងដល់​ចំណុចសូន្យ។ នៅក្នុង​សន្និសីទកាសែតនៅវិមានអេលីហ្សេ លោកប្រធានាធិបតី​បារាំង​ម៉ាក្រុង​បាន​​និយាយការពារជំហរ​របស់បារាំង​ក្នុងការទទួល​មេដឹកនាំ​ស៊ីរី ​ដែលធ្លាប់​ជា​គ្នីគ្នា​របស់​ក្រុមអាល់កៃដា ក្រុមជីហាត​ ប៉ុន្តែ លោក​បានទាមទារ​ឲ្យ​ប្រធានាធិបតី​ស្តីទីរបស់​ស៊ីរី​ត្រូវតែការពារប្រជាជន​ស៊ីរី​ដោយ​មិន​រើសអើង​សាសនា​ ក្រុមជាតិពន្ធុអ្វីទាំងអស់។

TTN-Free-Banner-In-Article-PC

នៅវិមានប្រធានាធិបតីបារាំង លោក​លោកអេម៉ានុយអែល ម៉ាក្រុង​បានទទួល​យ៉ាងរាក់ទាក់ មេដឹកនាំ​ថ្មី​របស់ស៊ីរី លោក Ahmed al Charaa ដែលទើបទទួលជ័យជំនះ​ផ្តួលរំលំអំណាច​របស់ប្រធានាធិបតី​ស៊ីរី​លោកបាស្ហា អាល់អាសាដកាលពីខែ​ធ្នូ ឆ្នាំមុន។ ដោយ​ទទួល​ស្វាគម​លោក Ahmed al Charaa ដែល​ប្តូរឯកសណ្ឋាន​ពីទាហាន​ជីហាត​ មកជាជនស៊ីវិលដឹកនាំ​ស៊ីរី លោកប្រធានាធិបតី​ម៉ាក្រុង​​បាន​រងការរិះគន់ពីអ្នកនយោបាយ​ស្តាំនិយមក្នុងប្រទេសថា ​កំពុង​ផ្តល់​កិត្តិយសដល់​ក្រុមជីហាត ទទួល​ភេរវជន​ដែល​ធ្លាប់​ប៉ង​ធ្វើភេរវកម្ម​នៅទឹកដីបារាំង។

ប៉ុន្តែ លោកម៉ាក្រុង​បាន​និយាយ​ការពារ​ការអញ្ជើញរបស់លោក ព្រោះថា ​ប្រធានាធិបតី​ស្តីទីរបស់ស៊ីរី លោក Ahmed al Charaa ជាអ្នកដែលបានជួយបិទបញ្ចប់សង្រ្គាមស៊ីវិលដែលមានរយៈពេល​១៤ឆ្នាំ ដោយ​ផ្តួលរំលំ​អំណាច​ផ្តាច់ការរបស់​លោកបាស្ហា អាល់អាសាដ ដែល​សហគមន៍អន្តរជាតិថ្កោលទោស។ 

ម្យ៉ាង បើតាម​ប្រធានាធិបតីបារាំង លោក Ahmed al Charaa ជាមនុស្ស​ដែល​យល់ដឹង​ពីស្ថានការណ៍ និង​បាន​សន្យា​កសាងប្រទេស​ស៊ីរី​​ឡើងវិញ។

យ៉ាងណាក៏ដោយ ​ថ្លែងនៅក្នុង​សន្និសីទកាសែត​រួមកាលពីថ្ងៃពុធ លោកម៉ាក្រុងបានទាមទារ​ឲ្យរបបដឹកនាំថ្មី​នៅស៊ីរីត្រូវតែ​​ការពារប្រជាជន​ស៊ីរីទាំងអស់ ដោយ​មិនប្រកាន់រើសអើង​ជាតិសាសន៍ ជាតិពន្ធុអ្វីឡើយ។ 

ប្រធានាធិបតីបារាំង​ចង់​និយាយដល់​ការប៉ះទង្គិចអាវុធដ៏ហិង្សា​កាលពី​ខែ​មីនា​កន្លង រវាងកងកម្លាំង​រក្សាសន្តិសុខ​ស៊ីរី​របស់​រដ្ឋអំណាច​ថ្មី  និងក្រុមប្រដាប់អាវុធជាតិពន្ធុនៅស៊ីរី​ ដែល​សម្លាប់មនុស្ស​ជាង​១៧០០នាក់។ ចំពោះប្រធានាធិបតីបារាំង អំពើហិង្សា ការសម្លាប់រង្គាលសាជាថ្មី​នៅ​ស៊ីរី បាន​ធ្វើ​ឲ្យសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសលោកខាងលិច​​ដែល​បោះដៃ​ទៅរក​របបថ្មី​ រន្ធត់​ចិត្ត​ខ្លាំង។ 

លោក​ម៉ាក្រុង​បានទាមទារ​ឲ្យមេដឹកនាំ​ស៊ីរីថ្មីត្រូវ​​តែដាក់ទោស​លើ​ជនដៃដល់ ខណៈបារាំង​កំពុង​ទាមទារ​ឲ្យ​គេ​បញ្ចូល​ឈ្មោះអ្នកទទួលខុសត្រូវ​លើ​ការសម្លាប់រង្គាល​លើ​ជនពន្ធុនៅស៊ីរី​ទៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប។

ជាការឆ្លើយតប​នឹង​ការទាមទារ​របស់​ប្រធានាធិបតីបារាំង មេដឹកនាំ​ថ្មី​របស់ស៊ីរី បាននិយាយ​ថា រដ្ឋាភិបាល​ថ្មី​របស់លោក​បាន​ប្តេជ្ញា​ដាក់ទោស រាល់​អ្នកដែល​រំលោភច្បាប់ស៊ីរី​ដោយ​មិនលើកលែងឡើយ។​ ប៉ុន្តែ ការដាក់ទោស​ត្រូវ​ធ្វើឡើង​នៅក្រោយ​ការស៊ើបអង្កេត​គ្រប់ជ្រុងជ្រោយ។

នៅក្រោយ​ការដួលរលំ​របបផ្តាច់ការស៊ីរី កាលពី​ចុងឆ្នាំមុន ការប្រយុទ្ធគ្នាសងសឹកគ្នា​រវាង​ក្រុមប្រដាប់អាវុធ​របស់​រដ្ឋអំណាច​ថ្មីនៅស៊ីរី និងក្រុមយោធាគាំទ្រ​របបដឹកនាំស៊ីរីចាស់របស់​លោក​បាស្ហា អាល់អាសាដ​ បានបន្ត​​​សម្លាប់ជីវិត ទាហាន ​ប្រជាជនស៊ីវិល​ជាច្រើនពាន់នាក់ ក្នុងនោះក៏មានក្រុមជាតិពន្ធុ Druzeដែលអ៊ីស្រាអែល​សន្យា​ចេញមុខ​ជួយការពារក្នុងទឹកដីស៊ីរី។ ការណ៍នេះ​បានធ្វើ​ឲ្យ​សហគមន៍អន្តរជាតិបារម្ភ និងសង្ស័យ​ពី​សមត្ថភាព ឥទ្ធិពល​​របស់​មេដឹកនាំស៊ីរីថ្មី​ទៅលើ​ក្រុមប្រដាប់អាវុធ​ដែលបែងចែកគ្នា​ជាច្រើនក្រុមនៅ​ស៊ីរី។​

ដូច​ដំណើរទស្សនកិច្ច​នៅ​បណ្តាប្រទេស​អារ៉ាប់ នៅប្រទេស​បារាំង លោក Ahmed al Charaaមាន​បំណង​ស្វែងរកជំនួយហិរញ្ញវត្ថុ កសាងប្រទេសស៊ីរីឡើងវិញ តាមរយៈ​ការអំពាវនាវ​ឲ្យ​អឺរ៉ុប​ដកចោល​ទណ្ឌកម្មសេដ្ឋកិច្ច​​ដែល​អឺរ៉ុបបានដាក់​លើរបបចាស់។ ប្រធានាធិបតីបារាំង​ លោកម៉ាក្រុង​យល់ស្រប និង​ចង់​ឲ្យ​អឺរ៉ុប​លុបចោល​ទណ្ឌកម្ម​លើ​ស៊ីរី ចាប់ពីខែ​មិថុនា​ខាងមុខ។ មេដឹកនាំ​បារាំង​ក៏ចង់​ឲ្យ​សហរដ្ឋអាមេរិក​ធ្វើដូច​អឺរ៉ុបដែរ ប៉ុន្តែ ត្រូវរក្សា​វត្តមានទ័ព​នៅស៊ីរី ដើម្បី​ជួយ​ធានា​ស្ថិរភាព​នៅទឹកដី​ស៊ីរីបន្តទៀត។

ដោយ​​ជំនះរាល់ការរិះគន់ ​ដើម្បីទទួល​មេដឹកនាំ​ស៊ីរីថ្មី ដែលធ្លាប់​ជា​ប្រធានក្រុមជីហាត​ដែលជា​សាខាមួយ​របស់​ក្រុមភេរវនិយមអាល់កៃដា​នៅ​ស៊ីរី បារាំងដែល​ធ្លាប់ជា​អតីតប្រទេស​ធ្វើ​​អាណានិគមនៅទឹកដីស៊ីរី ចង់​ចូលទៅ​ជិតស្និទ្ធនឹង​មេដឹកនាំ​ស៊ីរី​ថ្មីដើម្បីបានប្រយោជន៍សេដ្ឋកិច្ច និង​ឥទ្ធិពលនយោបាយ ខណៈពេល​ដែល​​​រុស្ស៊ី​បាន​ចុះ​សាបឥទ្ធិពល​នៅស៊ីរី នៅក្រោយការដួលរលំ ​របបស៊ីរី​ចាស់របស់​លោកបាស្ហាអាល់អាសាដ ជា​សម្ព័ន្ធមិត្ត​របស់រុស្ស៊ី៕

ដោយ៖ ឈាង បុប្ផា (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other