- ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ស្រីលង្កា នឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតប្រដាល់សកលយុវជនជើងឯកអាស៊ី ចាប់ពីថ្ងៃទី១០-១៤ ឧសភា ឆ្នាំ២០២៥។ លោក ចេង ដារ៉ា គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលកម្ពុជា មានជំនឿចិត្ដ ៦០ភាគរយ ថាអត្ដពលិកកម្ពុជា នឹងដណ្ដើមបានមេដាយណាមួយពីព្រឹត្តិការណ៍នេះ។
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនគ្រូបង្វឹក ១នាក់ និងកីឡាករ ៣នាក់ ចូលរួមក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី ឆ្នាំ ២០២៥ នៅស្រីលង្កា។ កីឡាករប្រដាល់សកលកម្ពុជា ទាំង៣រូប សុទ្ធតែមានកម្រិតបច្ចេកទេសល្អ ដោយសារតែពួកគេ បានប្រឹងប្រែងហ្វឹកហាត់ជាខ្លាំង។ ការប្រឹងប្រែងហ្វឹកហាត់នេះ បានធ្វើឲ្យគ្រូជម្រើសជាតិលោក ដារ៉ា មានជំនឿចិត្តខ្ពស់ថា អត្ដពលិកកម្ពុជា អាចដណ្ដើមបានមេដាយ ណាមួយពីព្រឹត្តិការណ៍នេះ។
«កីឡាករ ដែលយើងជ្រើសរើសទៅចូលរួមនេះ គឺមានកម្រិតបច្ចេកទេសល្អខ្ពស់។ កីឡាករទាំងនេះ យកចិត្តទុកដាក់ហ្វឹកហាត់។ ខ្ញុំដាក់ក្ដីសង្ឃឹម ៦០ភាគរយ នឹងទទួលបានមេដាយ។ យើង ជឿជាក់លើកីឡាករយើងទាំង៣នេះ ព្រោះបច្ចេកទេសរបស់ពួកគាត់ គឺស្មើគ្នា។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
លោក ចេង ដារ៉ា រំពឹងទុកត្រឹម ៦០ភាគរយនេះ ព្រោះរូបលោកផ្ទាល់ មិនអាចវាយតម្លៃកីឡាករបរទេស ដែលមកពីប្រទេសផ្សេងៗឡើយ។ កីឡាករទាំង ៣នាក់នោះ មានកីឡាករ នា សុវណ្ណ ប្រកួតលើប្រភេទទម្ងន់ ៤៨គីឡូក្រាម, កីឡាករ រ៉ុន វិរៈ ប្រភេទទម្ងន់ ៦០គីឡូក្រាម និង ឡុង ណូវែល ប្រកួតក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម។
នេះ គឺជាលើកទី៣ ដែលកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តការណ៍ប្រដាល់សកលយុវជនក្រោម ២២ឆ្នាំ ជើងឯកអាស៊ី។ លើកទី១ កម្ពុជា មិនឈ្នះមេដាយណាមួយឡើយ។ លុះចូលដល់លើកទី២ ឆ្នាំ២០១៩ កម្ពុជា ដណ្ដើមបានមេដាយប្រាក់១ និងសំរឹទ្ធិ១។
គ្រូបង្វឹករូបនេះ បន្ថែមទៀតថា កម្ពុជា គឺជាប្រទេសមួយ ដែលធនធានកីឡាករ មានកម្រិតប្រហាក់ប្រហែលគេ ទើបអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបាន។ «យើង អាចចូលរួមជាមួយគេបាន លុះត្រាតែយើង មានកម្រិតប្រហាក់ប្រហែលគេ។»៕
អ្នកសរសេរអត្ថបទ
