ស្ថានទូតបារាំងរៀបចំពិធីរម្លឹកខួប៥០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញ
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
ស្ថានទូតបារាំងរៀបចំពិធីរម្លឹកខួប៥០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញ

ភ្នំពេញ៖ ​ស្ថានទូតបារាំងប្រចាំកម្ពុជា រៀបចំពិធីរម្លឹកខួប៥០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញ​ នាល្ងាចថ្ងៃទី៨ ខែឧសភា។ ពិធីដែលប្រព្រឹត្តទៅនៅស្ថានទូតបារាំងនេះ មានការឧទ្ទិសកុសលតាមបែបព្រះពុទ្ធសាសនាដល់អ្នកបាត់បង់ជីវិតផងដែរ។

TTN-Free-Banner-In-Article-PC

ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៧៥ មនុស្សរាប់រយនាក់បានភៀសខ្លួនមកជ្រកកោននៅក្នុងស្ថានទូតបារាំង ជាស្ថានទូតតែមួយគត់ដែលពួកគេនៅអាចចូលបាន ដោយសង្ឃឹមថា នឹងទទួលបានការការពារ​នៅទីនោះ។ ក្នុងស្ថានភាពដ៏លំបាកក្រៃលែង ស្ថានទូតបានទទួលពលរដ្ឋបារាំងជាង៥០០នាក់ដែលនៅមានវត្តមាននៅកម្ពុជា និងជនបរទេសជាង១០០នាក់ នៃប្រទេស២០ផ្សេងទៀត ព្រមទាំងប្រជាពលរដ្ឋកម្ពុជា​ជាច្រើនរយនាក់ទៀត។ ក្នុងនោះ ក៏មានសមាជិកគ្រួសាររាជវង្ស និងឥស្សរជនសម័យសាធារណៈរដ្ឋ ដែលបានមកស្វែងរកកន្លែងសុវត្ថិភាព។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងបានរម្លឹកថា៖ «យើងត្រូវ​តែចងចាំព្រឹត្តិ​ការណ៍​​ទាំងនេះ។ ការចងចាំនេះ គឺមិនមែនមានន័យថា ដើម្បីជាប់ឃុំក្នុងអតីតកាលនោះទេ ប៉ុន្តែគឺដើម្បីកុំឱ្យភ្លេចប្រវត្តិសាស្រ្ត»។​ លោកបញ្ជាក់បន្ថែមថា ប្រវត្តិសាស្រ្តបារាំង-កម្ពុជាត្រូវបានដិតដាមដោយ​ហេតុការណ៍​​ទាំងនេះ។

ជាមួយគ្នានេះ​ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងពីចំណងប្រវត្តិសាស្ត្ររវាងកម្ពុជា-កម្ពុជា ជាពិសេសពីសាមគ្គីភាព ដែលបារាំងបង្ហាញចំពោះកម្ពុជា តាមរយៈការទទួលយកជនភៀសខ្លួនកម្ពុជាច្រើនពាន់នាក់ (មួយម៉ឺននាក់ បើគិតត្រឹមចន្លោះឆ្នាំ១៩៧៥-១៩៧៨)។​ ការណ៍ បានដើរតួនាទីសំខាន់ក្នុងការចរាចរដែលនាំទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នា១៩៩១។ លោកទូត បានបញ្ជាក់ពីសន្ទុះដ៏ប្រសើរនៃសាមគ្គីភាពមួយ ដែលបន្តមាននៅពេលបច្ចុប្បន្ន តាមរយៈវត្តមានរបស់អង្គការសង្គមស៊ីវិល និងអ្នកស្ម័គ្រចិត្តបារាំង។​

នៅពេលបើការដំណើរការស្ថានទូតបារាំងឡើងវិញនៅឆ្នាំ១៩៩៥ អតីតទ្វារបងមួយចំហៀងរបស់ស្ថានទូត ដែលជាច្រកឆ្លងកាត់នៃក្តីសង្ឃឹម និងក្តីអស់សង្ឃឹម ត្រូវបានជួសជុលឡើងវិញ។ បច្ចុប្បន្ន អតីតទ្វារនេះ ត្រូវបានរក្សាទុកនៅក្នុងឧទ្យានស្ថានទូត ដើម្បីជាកន្លែងរម្លឹកការចងចាំ។ លោក ហ្សាក់ ប៉ឺឡេ បានថ្លែងថា​៖ « ល្ងាចនេះ យើងចង់រម្លឹកដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកដែលបានចាកចេញទៅ។ ខ្ញុំប្រើពាក្យនេះរបស់លោក Sera សិល្បករបារាំង-ខ្មែរ ដែលបានជ្រកកោននៅស្ថានទូតកាលពីឆ្នាំ១៩៧៥។ ពោល គឺរម្លឹកដល់ដួងវិញ្ញាណក្ខន្ធរបស់ពលរដ្ឋកម្ពុជា ដែលត្រូវបានចាកចេញពីស្ថានទូត ក៏ដូចជាពលរដ្ឋបារាំងដែលបានបាត់ខ្លួនប្រមាណ១០០នាក់ ដោយសារមិនអាចមកដល់ស្ថានទូតទាន់ពេលវេលា។ យើងសូមបង្ហាញក្តីនឹករលឹក ដោយសាមគ្គីភាពបំផុតដល់ពួកគេ និងសាច់ញាតិក្រុមគ្រួសារ»។​

ក្នុងឱកាសខួប៥០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញនេះ ស្ថានទូតបារាំងក៏បានសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីរៀបចំនូវការតាំងពិព័រណ៌រូបថត សន្និសីទ និងការចាក់បញ្ចាំងភាពយន្តពាក់ព័ន្ធខ្មែរក្រហមផងដែរ។ ទាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅរក្សាការចង់ចាំពីព្រឹត្តិការណ៍ដ៏សោកនាកម្មនៅជំនាន់នោះ បញ្រ្ជាបប្រវត្តិសាស្ត្រនេះដល់មនុស្សជំនាន់ក្រោយ និងបញ្ជាក់សាជាថ្មីពីការប្តេជ្ញារបស់ប្រទេសបារាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់ពីអតីតកាល ការសន្ទនា និងទំនុកចិត្ត៕ 



អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អ៊ូ សុខមាន