- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី ព្រឹក

ភ្នំពេញ៖ «បើយើងលែងគិតពីសីលធម៌ គុណធម៌ យើងគិតតែប្រជែងគ្នា ដណ្តើមគ្នាឈ្នះ នោះថ្ងៃមុខ (សង្គម)នឹងរប៉ាតរប៉ាយហើយ»។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភានេះ ដោយបន្តសង្កត់ធ្ងន់ថា នៅក្នុងសង្គមទំនើបជឿនលឿនដូចបច្ចុប្បន្ន ការអប់រំសីលធម៌ គុណធម៌ នៅតែជារឿងដ៏សំខាន់ដែលភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖« បញ្ហាទំនាក់ទំនងមនុស្ស ចិត្តសាស្ត្រ អារម្មណ៍ ឥរិយាបថមនុស្ស អត់ប្រែប្រួលទេ។ ប្រែប្រួលតែវិទ្យាសាស្ត្រ បច្ចេក ទេស តែប៉ុណ្ណឹងទេ។ អ៊ីចឹងហើយការគ្រប់គ្រង ថែរក្សានូវឥរិយាបធ គុណតម្លៃរបស់មនុស្សនេះ គឺជាកិច្ចការសំខាន់ ជាពិសេសក្នុងសម័យទំនើប ដែលគិតគូរប្រកួតប្រជែងដណ្តើមយកឈ្នះគ្នា។ ពីណាមានជាង? ពីណារកលុយបានច្រើនជាង? ពីណាបាន Like, View ច្រើនជាង នៅក្នុងហ្វេសប៊ុក? សុខចិត្តហ៊ានធ្វើអ្វីៗទាំងអស់ ប៉ះពាល់តម្លៃ សីលធម៌ វប្បធម៌ ពេលខ្លះតម្លៃជាស្ត្រីខ្មែរផង។»។
ឆ្លើយតបនឹងកង្វល់របស់សាធារណជនជុំវិញស្ថានភាពសីលធម៌សង្គម និងការមើលឃើញថាក្រុមយុវជនកម្ពុជាមួយចំនួន កំពុងជាប់ផុងខ្លួនក្នុងអំពើអបាយមុខ, កាប់ចាក់គ្នា និងមបង្ហាញទង្វើអសីធម៌មួយចំនួនតាមបណ្តាញសង្គមផងនោះ ប្រមុខរាជរដ្ឋាភិបាល អះអាងថាសង្គមខ្មែរ នៅមានភាពវិជ្ជមានច្រើន ដ្បិតពលរដ្ឋភាគច្រើន បន្តប្រើប្រាស់បណ្តាញសង្គម ដោយការទទួលខុសត្រូវ និងមានសីលធម៌ខ្ពស់។
សម្តេច នាយករដ្ឋមន្ត្រី ក៏មានសុទិដ្ឋិនិយម និងជំរុញឱ្យសាធារណជន បង្កើនការចែករំលែកភាពវិជ្ជមាន និងការអប់រំល្អៗកាន់តែច្រើនថែមទៀត។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «យើងរួមគ្នាដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម តាមរយៈការទី១ បញ្ចេញសារវិជ្ជមាន សារល្អៗជាច្រើន ដើម្បីគ្របដណ្តប់ទៅលើរឿងអវិជ្ជមាននេះ។ ទី២ គឺត្រូវខ្លួនយើងនីមួយៗ ត្រូវប្រកាន់នូវឥរិយាបថ ត្រូវប្រកាន់នូវសីលធម៌ គុណធម៌ ដើម្បីយើងឱ្យកត្តាអវិជ្ជមានកាន់តែថយទៅៗ។ ប្រើប្រាស់ច្បាប់! រដ្ឋនឹងប្រើប្រាស់ចំពោះអ្នកដែលដើរហួសព្រំដែន។»។
ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការប្រើប្រាស់ច្បាប់ មិនមែនជាជម្រើសចុងក្រោយ ដែលរដ្ឋត្រូវអនុវត្តលើពលរដ្ឋខ្លួនឯងឡើយ។ សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យភាគីពាក់ព័ន្ធរួមមានសហគមន៍ សាលារៀន ឪពុកម្តាយ ត្រូវរួមគ្នា ដើម្បីអប់រំពលរដ្ឋ យុវជន និងកូនចៅ ឱ្យក្លាយជាធនធានដែលមានសីលធម៌ គុណធម៌ ចេះគោរព និងមានភាពអត់ធ្មត់ខ្ពស់។
សង្គមមួយមានសុខដុមរមនីយកម្ម មិនចាំបាច់ប្រើប្រាស់ច្បាប់នោះទេ ប៉ុន្តែការគោរពគ្នាទៅវិញទៅមក។ គ្មានច្បាប់ សាសនា ក៏ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអប់រំសីលធម៌ គុណធម៌ ក្នុងសង្គមដែរ។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ៕
អ្នកសរសេរអត្ថបទ
