- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

Manchester United វាយបកឈ្នះ Athletic Club ៤-១ នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ដែលបន្តឈ្នះ Bodoe/Glimt ២-០។ ក្រុមពីលីគកំពូលអង់គ្លេសចំនួន៦ នឹងមានវត្តមាននៅ Champions League រដូវកាលក្រោយ។
នៅកីឡដ្ឋាន Old Trafford ក្រុមភ្ញៀវ Athletic Club រកបានគ្រាប់នាំមុខ Man Utd មុន នៅនាទី៣១ ដែលធ្វើបានដោយកីឡាករ Mikel Jauregizar។ ចូលដល់វគ្គទី២ ម្ចាស់ផ្ទះដែលមាន៣គ្រាប់ក្នុងដៃពីជើងទី១មក តាមបានមួយគ្រាប់វិញពីសំណាក់ Mason Mount នៅនាទី៧២។
Casemiro បន្ថែមគ្រាប់ទី២នាទី៧៩ មុនពេល Rasmus Hojlund រកបានគ្រាប់ទី៣ នៅ៦នាទីបន្ទាប់ និងគ្រាប់ចុងក្រោយនៅនាទី៩០+១ ពីសំណាក់ Mason Mount ដែលជាគ្រាប់ទី២របស់គេ។ សរុបលទ្ធផលទាំងពីរជើង បិសាចក្រហមឈ្នះក្រុមពីអេស្ប៉ាញ ៧-១។
លោក Ruben Amorim នឹងត្រូវដឹកនាំ Man Utd ឈានទៅវគ្គផ្តាច់ព្រ័ត្រជើងឯកលំដាប់ទីពីរអឺរ៉ុប ដោយត្រូវតតាំង Spurs ក្រុមពីអង់គ្លេសដូចគ្នា។
ក្រុមរហស្សនាមមាន់ខ្នាយមាស បានទម្លាក់ក្រុមន័រវែស Bodo/Glimt ក្នុងលទ្ធផលទាំងពីរជើងនៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-១ បន្ទាប់ពីបន្តឈ្នះនៅជើងទី២ក្នុងលទ្ធផល ២-០។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២៤-២៥ នឹងធ្វើនៅកីឡដ្ឋាន San Mames របស់ក្លិប Athletic Club នៅរាត្រីថ្ងៃទី២១ ខែឧសភា វេលាម៉ោង ២អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
ដោយសារក្រុម Premier League ពីរឡើងវគ្គផ្តាច់ព្រ័ត្រ Europa League មានន័យថា រដូវកាលក្រោយក្របខណ្ឌ Champions League នឹងមានក្រុមអង់គ្លេសដល់ទៅ៦ ចូលរួមប្រកួតប្រជែង។
ដោយឡែក Chelsea ក៏បានកៅអីផ្តាច់ព្រ័ត្រ Conference League ផងដែរ ដោយត្រូវប៉ះ Real Betis របស់អេស្ប៉ាញ។ តោខៀវ បានយកឈ្នះ Djurgårdens នៅជើងទីពីរ ១-០ និងសរុបទាំងពីរជើង ៥-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេល Real Betis ស្នើ Frorentina ២-២ នៅជើងទីពីរ តែសរុបទាំងពីរជើងក្រុមអេស្ប៉ាញ ឈ្នះក្រុមអ៊ីតាលី ៤-៣។
Chelsea និង Real Betis នឹងត្រូវដណ្តើមជើងឯកពានរង្វាន់កម្រិតទី៣អឺរ៉ុបនៅរាត្រីថ្ងៃទី២៨ ខែឧសភា វេលាម៉ោង ២អាធ្រត្រ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
