- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១២:៥៩ នាទី រសៀល

អត្ដពលិកកីឡាចំបាប់កម្ពុជា ១២នាក់ នៅថ្ងៃទី៩ ខែឧសភា ទៅចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី (Southeast Asian & Invitational Championship) នៅប្រទេសសិង្ហបុរី ដែលនឹងធ្វើឡើងពីថ្ងៃទី១០-១២ ខែឧសភា។ លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ចាត់ទុកការចូលរួមព្រឹត្តិការណ៍នេះ ដើម្បីតេស្ដ និងបំពេញបន្ថែមនូវសមត្ថភាពអត្ដពលិក ដើម្បីប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។
សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនគ្រូបង្វឹក ១នាក់ គ្រូជំនួយ ២នាក់ ចូលរួមកិច្ចប្រជុំបច្ចេកទេសមុនប្រកួតព្រឹត្តិការណ៍ចំបាប់ជើងឯកអាស៊ី។ ប្រតិភូគ្រូបង្វឹកទាំងនេះ បានចេញដំណើរទៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី៩ ឧសភា។ នាល្ងាចថ្ងៃដដែលនេះ អត្ដពលិកចំនួន ១២នាក់ នឹងត្រូវចេញដំណើរទៅប្រទេសសិង្ហបុរី ដើម្បីត្រៀមប្រកួត ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១០-១២ ឧសភា។
លោក Casey Barnett បានបញ្ជាក់ថា ការបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយនេះ គឺជាការសាកល្បង និងវាស់ស្ទង់សមត្ថភាពអត្តពលិក ដើម្បីត្រៀមសម្រាប់ប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥។
អនុប្រធានរូបនេះ បាននិយាយថា៖«គោលបំណងបញ្ជូន កីឡាករ-កីឡាការិនីទៅ គឺដើម្បីប្រកួតសាកល្បង វាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែម ឲ្យកាន់តែល្អសម្រាប់ការត្រៀមខ្លួន ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥។»។
ក្នុងចំណោមអត្ដពលិក ១២នាក់នោះ កីឡាករ មានចំនួន ៩នាក់ និងកីឡាការិនី មានចំនួន ៣នាក់។ កីឡាករ ៩រូប មាន៖កីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន។ រីឯកីឡាការិនី ៣នាក់នោះ មាន កីឡាការិនី ជា កញ្ញា, ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ៕
អ្នកសរសេរអត្ថបទ
