- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:៤៥ នាទី រសៀល

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា អះអាងថា កម្ពុជាក្លាយជាប្រទេសរងគ្រោះ ដោយសារការឆបោកតាមអនឡាញ។ សម្ដេច អំពាវនាវឱ្យបរទេសរួមគ្នា អប់រំពលរដ្ឋខ្លួន ពាក់ព័ន្ធករណីឆបោក និងការលេងល្បែងអនឡាញ។
ឡើងថ្លែងនៅវិមានប្រធានាធិបតី នៃប្រទេសទីម័រឡេស្តេ នៅព្រឹកថ្ងៃទី៩ ឧសភា ប្រធានព្រឹទ្ធសភា សម្ដេច ហ៊ុន សែន បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រឹងទប់ស្កាត់ឧក្រិដ្ឋឆ្លងដែន បទល្មើសបច្ចេកវិទ្យា និងល្បែងឆបោកតាមអនឡាញ។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បង្ហាញពីការភ្ញាក់ផ្អើល ដែលកម្ពុជា ក្លាយទៅជាកន្លែងនៃការឆបោក ព្រោះតែពាក្យថា «ធ្វើការនៅកម្ពុជាទទួលបានប្រាក់ខែខ្ពស់»។
ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសទីម័រឡេស្ដេ សម្ដេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ៖ «អ្វីដែលគួរឱ្យភ្ញាក់ផ្អើល កម្ពុជាបានក្លាយទៅជា ទីតាំងគេឆបោកមកកាន់កម្ពុជា ថាឱ្យតែមកកម្ពុជាទទួលបានប្រាក់ខែច្រើន។ អ៊ីចឹងកម្ពុជា កំពុងរងគ្រោះដោយសារតែសន្តិភាព ដោយសារតែការរីកចម្រើន ក្នុងរយៈពេលចុងក្រោយ។ ពួកឆបោកនានា ទាក់ទងនឹងល្បែងអនឡាញ ប្រមូលមនុស្សតាំងពីឥណ្ឌូណេស៊ី ឥណ្ឌា កន្លែងនេះ កន្លែងនោះ ថាទៅកម្ពុជា គេឱ្យប្រាក់ខែច្រើន។ នេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំ»។
កាលពីអំឡុង៣០ ទៅ៤០ឆ្នាំមុន នៅពេលគេឮពាក្យថា កម្ពុជា គឺគេខ្លាចរអាល ឬនឹកឃើញដល់សង្គ្រាមខ្មែរក្រហម ប៉ុន្តែឥឡូវកម្ពុជា បែរក្លាយទៅជាឋានសួគ៌លោកិយ នៃការឆបោក របស់ក្រុមអន្តរជាតិ តាមរយៈអនឡាញទៅវិញ។ នេះជាប្រសាសន៍បែបប្រៀបធៀបរបស់សម្ដេច ហ៊ុន សែន ដោយបានបន្ថែមថា បច្ចុប្បន្ន ប្រទេសផ្សេងៗទៀត ក៏កំពុងរងគ្រោះលើករណីឆបោកតាមអនឡាញដែរ ព្រោះជាបញ្ហាពិបាកគ្រប់គ្រង និងស្វែងរកជនសង្ស័យ។
ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន ចោទសួរទៅវិញយ៉ាងដូច្នេះ៖ «ហេតុអ្វីចូលចិត្តបន្ទោសកម្ពុជា ហើយក៏មិនព្រមបន្ទោសខ្លួនឯងផងទៅ! ខ្ញុំសុំនិយាយកន្លែងនេះ បន្តិចផ្ញើសារទៅកាន់បណ្ដារដ្ឋនានា ហេតុអ្វីមិនអប់រំពលរដ្ឋខ្លួនថាកុំលេងល្បែង! »។
ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញមេដឹកនាំដែលមានពលរដ្ឋរងគ្រោះច្រើនជាងគេ លើករណីឆបោកតាមអនឡាញនេះ ចេញមុខអប់រំពលរដ្ឋខ្លួនឱ្យបានសកម្ម ជាជាងដាក់បន្ទុកលើប្រទេសដែលកំពុងរងគ្រោះដូចកម្ពុជាសព្វថ្ងៃ។ សម្ដេច ហ៊ុន សែន បានស្នើសុំបែបនេះ៖ «ខ្ញុំសូមអំពាវនាវ បណ្ដាប្រទេស ដែលរងគ្រោះដោយសារការឆបោក ត្រូវអប់រំប្រជាជនខ្លួនឯង សុំកុំឱ្យលេងល្បែងអនឡាញ…»។
អ្វីដែលសម្ដេច ហ៊ុន សែន បរិយាយខាងលើនេះ មិនមែនជាការវាយប្រហារលើ់បណ្ដាប្រទេស ដែលដាក់បន្ទុកមកលើកម្ពុជាឡើយ ប៉ុន្តែសម្ដេច មានបំណងចង់ឱ្យប្រទេសដែលរងគ្រោះ ចូលរួមទទួលខុសត្រូវ។
ដើម្បីទប់ស្កាត់ និងបង្ក្រាបករណីឆបោក និងល្បែងអនឡាញនេះ លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្ស នៃអង្គការលីកាដូ យល់ថារដ្ឋាភិបាល គួរតែផ្ដោតសំខាន់លើការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការលុបបំបាត់អំពើពុករលួយ និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេង។ លើសពីនេះ រដ្ឋត្រូវបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យា ដល់សមត្ថកិច្ច សម្រាប់បង្កើនប្រសិទ្ធភាព ទប់ស្កាត់ និងបង្ក្រាប បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យា។
មន្ត្រីលីកាដូរូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗបន្ថែមថា៖ «បើករណីឆបោក ល្បែងអនឡាញខុសច្បាប់ ថយចុះ កម្ពុជាអាចស្ដារមុខមាត់ឡើងវិញនៅឆាកអន្តរជាតិ ហើយក៏ទាកទាញភ្ញៀវទេសចរណ៍ ការវិនិយោគកាន់តែច្រើនដែរ»។
បញ្ហាស្មុគស្មាញ នៃការឆបោកនិងល្បែងអនឡាញនេះ មិនមែនកម្ពុជាមិនអើពើឡើយ។ កន្លងមក ការប្រឆាំងការឆបោកតាមអនឡាញ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខដឹកនាំគណៈកម្មការចំពោះកិច្ចដោយផ្ទាល់ រួមទាំងមានឧបនាយករដ្ឋមន្ត្រី៦រូប ទេសរដ្ឋមន្ត្រី២រូបជាអនុប្រធាន។ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប. ត្រូវបានបង្កើតឡើងដើម្បីបំពេញភារកិច្ចដាក់ចេញវិធានការបង្ក្រាប ការបង្ការ និងការទប់ស្កាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ការណែនាំ សម្របសម្រួល គាំទ្រ និងអន្តរាគមន៍តាមការចាំបាច់នានា៕
អ្នកសរសេរអត្ថបទ
