សម្តេច ហ៊ុន សែន ប្រាប់មេដឹកនាំទីម័រឡេស្តេថា មិត្តបរទេសល្អហើយ តែជួនកាលគេយកយើងជាកន្លែងពិសោធន៍
- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:៣៤ នាទី រសៀល

សម្តេច ហ៊ុន សែន បានចែករំលែកបទពិសោធន៍ដល់ថ្នាក់ដឹកនាំទីម័រឡេស្តេក្នុងការធ្វើការជាមួយដៃគូបរទេស។ នាអំឡុងពេលផ្តល់បាឋកថាលើប្រធានបទ «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជាសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតីទីម័រឡេស្តេ នាព្រឹកថ្ងៃទី៩ ខែឧសភា អតីតនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា មិត្តភក្តិបរទេស ពិតជាល្អ ប៉ុន្តែជួនកាល ពួកគេយកប្រទេសក្រីក្រ ជាកន្លែងពិសោធន៍ ជាកន្លែងឧទាហរណ៍។

«ជួនកាលមិត្តភក្តិបរទេសគេល្អហើយ ប៉ុន្តែយកយើងជាកន្លែងពិសោធន៍ ប្រយ័ត្នអាកន្លែងហ្នឹង យើងយកជាកន្លែងពិសោធន៍ ជាក់ស្តែងខ្ញុំហើយ»។ សម្តេច ហ៊ុន សែន បានក្រើនរំលឹកយ៉ាងដូច្នេះចំពោះមេដឹកនាំទីម័រឡេស្តេ គឺលោកប្រធានាធិបតី ចូ ហ្សេ រ៉ាមូស អរតា និងលោកនាយករដ្ឋមន្ត្រី កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ។
បទពិសោធន៍ជាក់ស្តែងដែលសម្តេច ហ៊ុន សែន បានលើកមកប្រាប់មេដឹកនាំទីម័រឡេស្តេ និងអ្នកចូលរួមដទៃទៀតនោះ គឺកាលពីអំឡុងឆ្នាំ២០០៧-២០០៨ មិត្តភក្តិបរទេសបានបបួលសម្តេចឱ្យលក់គយ ដោយដាស់តឿនសម្តេចតាមរយៈការផ្តល់កញ្ចក់ថវិកាជាថ្នូរនឹងការលក់ស្ថាប័នដែលផ្តល់សេវាអធិបតេយ្យ។
សម្តេចដែលកាលណោះជាប្រមុខរដ្ឋាភិបាល បានអះអាងថា សម្តេចបានបដិសេធភ្លាមៗចំពោះសំណើនេះ ព្រោះស្ថាប័នគយមានសិទ្ធិប្រើឧទ្ធម្ភាគចក្រ មានសិទ្ធិប្រើនាវាប្រដេញ មានសិទ្ធិបំពាក់អាវុធ។ សម្រាប់សម្តេច វាជារឿងអកុសល ដែលធាតុពិតនោះ មិត្តបរទេសយកកម្ពុជាជាកន្លែងដកពិសោធន៍សម្រាប់ប្រទេសមួយចំនួនដែលបានសាកល្បងធ្វើបែបនេះ។
«ការលក់គយស្មើនឹងលក់អធិបតេយ្យភាព»។ សម្តេចបានបដិសេធចំពោះសំណើរនេះ ហើយនៅពេលនោះ សម្តេចបានចារលើលិខិតរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយព្រមានមិនឱ្យមន្ត្រីបន្តប្រជុំជាមួយដៃគូបរទេសនោះបន្តទៀតឡើយ។
សម្រាប់ទំនាក់ទំនងជាមួយដៃគូបរទេសមួយចំនួននាពេលបច្ចុប្បន្ន សម្តេច ហ៊ុន សែន បានលើកឡើងថា តែងតែទទួលរងនូវការព្រមានអំពីការកាត់ជំនួយ នៅពេលដែលកម្ពុជាមិនធ្វើតាមការណែនាំ។ «ស្ថានភាពជាប្រទេសក្រីក្រដូចគ្នា ត្រូវតែឯករាជ្យ»។ ការផ្តល់យោបល់របស់សម្តេច ទទួលបាននូវការទះដៃសាទរផងដែរពីសំណាក់អ្នកចូលរួមស្តាប់បាឋកថា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com