លោក Vance ៖ ជម្លោះឥណ្ឌា-ប៉ាគីស្ថានមិនមែនបញ្ហារបស់អាម៉េរិកទេ
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:១៩ នាទី រសៀល
លោក Vance ៖ ជម្លោះឥណ្ឌា-ប៉ាគីស្ថានមិនមែនបញ្ហារបស់អាម៉េរិកទេ
លោក JD Vance អនុប្រធានាធិបតីអាម៉េរិក ។ រូបភាព ៖ AFP

អនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានលើកឡើងថា ឥណ្ឌា និងប៉ាគីស្ថាន គួរតែកាត់បន្ថយភាពតានតឹង ប៉ុន្តែបានសង្កត់ធ្ងន់ថា ជម្លោះរវាងពួកគេមិនមែនជារឿងរបស់អាម៉េរិកឡើយ។

TTN-Free-Banner-In-Article-PC

«យើងចង់បន្ថយស្ថានការណ៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ទោះបីជាយ៉ាងណា យើងមិនអាចគ្រប់គ្រងប្រទេសទាំងនេះបានទេ»។ អនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានប្រាប់ Fox News នៅថ្ងៃទី៨ ខែឧសភា ។

លោក Vance បន្ថែមថា ៖« អ្វីដែលយើងអាចធ្វើបានគឺលើកទឹកចិត្តពួកគេឱ្យត្រជាក់បន្តិច ប៉ុន្តែយើងនឹងមិនចូលរួមក្នុងការប្រយុទ្ធនេះទេ ព្រោះវាមិនមែនជាកិច្ចការរបស់យើង ហើយវាមិនមានអ្វីទាក់ទងនឹងសមត្ថភាពរបស់អាម៉េរិកក្នុងការគ្រប់គ្រងស្ថានការណ៍នោះទេ»។

សេចក្តីថ្លែងការណ៍របស់លោក Vance បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារតែប៉ាគីស្ថានគឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់អាម៉េរិកជាយូរមកហើយ ហើយឥណ្ឌាក៏ជាដៃគូដ៏សំខាន់របស់ប្រទេសនេះដែរ។ អាម៉េរិក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មហាអំណាច​ដែល​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដើម្បី​ដាក់​សម្ពាធ​ប្រទេស​អាស៊ី​ខាង​ត្បូង​ទាំង​ពីរ​ឲ្យ​មាន​ការ​អត់ធ្មត់។

ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរចំនួនពីរ បានកើនឡើង បន្ទាប់ពីការវាយប្រហារលើភ្ញៀវទេសចរនៅក្នុងតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា។ 

ជាការឆ្លើយ ឥណ្ឌាបានវាយប្រហារទីតាំងចំនួន ៩នៅក្នុងតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងតំបន់ផ្សេងទៀតនៃប្រទេសជិតខាងមួយនេះ។ 

តាមទីក្រុងញូវដេលី នេះជាការឆ្លើយតបទៅនឹងការបាញ់ប្រហារដែលបានសម្លាប់មនុស្ស ២៦នាក់នៅជិតទីក្រុង Pahalgam កាលពីថ្ងៃទី២២ ខែមេសា។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រក្រុមសកម្មប្រយុទ្ធដែលបានធ្វើការវាយប្រហារនេះ។

ប៉ាគីស្ថានបានបញ្ជាក់ថា ឥណ្ឌាបានបាញ់មីស៊ីលទៅលើទីតាំងចំនួន  ៩នៅក្នុងខេត្ត Punjab ភាគខាងកើត និងតំបន់ កាស្មៀ។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានថ្លែងថា គោលដៅទាំងអស់ដែលត្រូវបានវាយប្រហារដោយប្រទេសឥណ្ឌា គឺជាទីតាំងស៊ីវិល មិនមែន«ហេដ្ឋារចនាសម្ព័ន្ធភេរវករ»នោះទេ។

ក្រោយមក ​ប៉ាគីស្ថាន​បាន​អនុវត្ត​វិធានការ​សងសឹក​មួយ​ចំនួន​ដូច​ជា​ការ​បាញ់​ផ្លោង និង​វាយឆ្មក់​គោលដៅ​ជា​ច្រើន​នៅ​ជិត​ព្រំដែន។ រដ្ឋាភិបាល​ឥណ្ឌា​បានព្រមាន​ថា ខ្លួន​បាន​ឆ្លើយ​តប​ដោយ​ការ​វាយ​ប្រហារ ​និង​បំផ្លាញ​តំបន់​ការពារ​ដែន​អាកាស​របស់​ប៉ាគីស្ថាន​មួយ​ចំនួន។ ការ​ប្រយុទ្ធ​គ្នា​ ២​ថ្ងៃ​រវាង​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត ៥០នាក់​ស្លាប់។

អនុប្រធានាធិបតីអាម៉េរិកបានសង្កត់ធ្ងន់ថា ៖«យើងសង្ឃឹម និងរំពឹងថាភាពតានតឹងនាពេលបច្ចុប្បន្ននឹងមិនកើនឡើងទៅជាជម្លោះក្នុងតំបន់កាន់តែធំ ហើយសូមព្រះជាម្ចាស់ហាមឃាត់ជម្លោះនេះ ទៅជាជម្លោះនុយក្លេអ៊ែរ»។ បច្ចុប្បន្ននេះ អាម៉េរិកជឿជាក់ថាលទ្ធភាពទាំងនោះនឹងមិនកើតឡើងទេ។ 

លោក Vnace បន្ថែមថា អាម៉េរិកមិនអាចបង្ខំភាគីទាំងពីរឱ្យបញ្ឈប់អាវុធរបស់ពួកគេ ហើយនឹងបន្តស្វែងរកបណ្តាញការទូត។

សេចក្តីថ្លែងការណ៍របស់លោក Vance ត្រូវបានចាត់ទុកថាស្របទៅនឹងគោលនយោបាយការបរទេស «America First» របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលអំពាវនាវឱ្យអាម៉េរិកដកខ្លួនចេញពីតួនាទីជាអ្នកសម្រុះសម្រួលក្នុងជម្លោះបរទេស។ លោក ត្រាំ និងលោក Vance ទាំងពីរបានព្រមានថា អាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ប្រសិនបើភាគីទាំងពីរមិនអាចចរចាដោយផ្ទាល់បាន។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អាម៉េរិក​មាន​ទំនាក់ទំនង​ញឹកញាប់​ជាមួយ​ឥណ្ឌា និង​ប៉ាគីស្ថាន។ កាលពីថ្ងៃទី ៨ ឧសភា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា ដោយអំពាវនាវឱ្យភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹង និងចូលរួមកិច្ចសន្ទនាដោយផ្ទាល់។

លោកប្រធានាធិបតី ត្រំា បានពណ៌នាភាពតានតឹងបច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថានថា «គួរឱ្យរន្ធត់» និង «គួរឱ្យអាម៉ាស់» ។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​ពីរ​ បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ហើយ​បាន​បង្ហាញ​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​សម្រាល​ស្ថានការណ៍ ប៉ុន្តែ​ឈប់​ប្រើ​វិធានការ​ធ្ងន់ធ្ងរ​ជាង​នេះ។

អនុប្រធានាធិបតី លោក Vance ដែលដើរតួយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់រដ្ឋបាល ត្រាំ បានធ្វើដំណើរទៅកាន់ឥណ្ឌាជាមួយភរិយាកាលពីខែមុន។ អំឡុងដំណើរទស្សនកិច្ចនេះ លោកបានលើកឡើងថា ឥណ្ឌាអាចឆ្លើយតបទៅនឹង«ភេរវករ» ដោយសំដៅទៅលើការវាយប្រហារដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅក្នុងតំបន់ Kashmir ប៉ុន្តែបានសង្កត់ធ្ងន់ថា អាម៉េរិកមិនចង់បង្កើនទៅជាជម្លោះក្នុងតំបន់នោះទេ។

«និយាយដោយត្រង់ទៅ យើងក៏សង្ឃឹមថាប៉ាគីស្ថាននឹងធ្វើការជាមួយឥណ្ឌា ដើម្បីធានាថា ភេរវករដែលកំពុងប្រតិបត្តិការនៅលើដីរបស់ខ្លួនត្រូវបានតាមប្រមាញ់ និងកម្ចាត់»។ លោក Vance បញ្ជាក់បែបនេះ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង