- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៤៩ នាទី រសៀល

ភ្នំពេញ៖ កម្ពុជា-ថៃ បន្តឈរជើងជាសហភាគីនៅប្រាសាទតាមាន់ នៃទឹកដីខេត្តឧត្តរមានជ័យ ដោយភាគីម្ខាងៗ រក្សាកងកម្លាំងចំនួនប្រាំនាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារនាថ្ងៃទី៩ ខែឧសភា។
ការសម្រេចបែបនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែលតាមបណ្តោយព្រំដែន។ ក្រសួងការពារបានបញ្ជាក់យ៉ាងដូច្នេះថា ៖ « ភាគីទាំងពីរនៅតែរក្សាការឈរជើង ជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួន៥នាក់»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ភាគីទាំងពីរ គឺពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ។ ប៉ុន្តែ បានប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ ដើម្បីបង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏បានច្រានចោល និងថ្កោលទោសនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ក្រសួងបានបញ្ជាក់ថា ៖ « នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង»៕
អ្នកសរសេរអត្ថបទ
