កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៨លាននាក់ ក្នុងត្រីមាសទី ១
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៨លាននាក់ ក្នុងត្រីមាសទី ១

ភ្នំពេញ៖ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១,៨៣៨,២០៨នាក់ នៅក្នុងត្រីមាសទី១​ ឆ្នាំ២០២៥ ។ ចំនួននេះ កើនឡើង១៦,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។​

TTN-Free-Banner-In-Article-PC

របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយជាសាធារណៈនាថ្ងៃទី៩ ខែឧសភា បានបង្ហាញថា​ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង១,៨៣៨,២០៨នាក់នេះ គឺមាន១,៣៨៣,៥៧៨ នាក់ មកធ្វើដំណើរកម្សាន្តវិស្សមកាល ​និងមាន៤១៩,៨២៣នាក់មកធ្វើដំណើរធុរកិច្ច ខណៈ៣៤,៨០៧ នាក់ទៀតមកកម្ពុជា ក្នុងគោលបំណងផ្សេងៗ។​ 

បើតាមក្រសួងទេសចរណ៍​ ភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្សាន្តច្រើនជាងគេក្នុងត្រីមាសទី១នេះ គឺជនជាតិថៃ​ មានទៅដល់​៥០១,​៦៦៦នាក់។ បន្ទាប់មក ជនជាតិវៀតណាមមាន៣០៤,៦៣៤នាក់ , ជនជាតិចិនមាន២៨៦,១៥៦នាក់ និងជនជាតិអាម៉េរិកមាន ៧៣,៧៨៣នាក់។ 

លំដាប់បន្ទាប់ គឺទេសចរជនជាតិឡាវ​​ ដែលមាន៦៤,៤០៧នាក់, ជនជាតិកូរ៉េខាងត្បូងមាន ៦៣,០៥៥នាក់, ជនជាតិបារាំងមាន៥២,២៧៤នាក់​, ជនជាតិអង់គ្លេសមាន៥០,៣៨៦នាក់, ជនជាតិឥណ្ឌូនេស៊ី ៤០,៦៤៣នាក់ និងភ្ញៀវទេសចរជាជនជាតិជប៉ុនមាន ៣៤,៦៣៥នាក់។ 

បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរមកកម្ពុជា ​តាមផ្លូវអាកាសចំនួន ៧៨៩,៣៨៤នាក់ ក្នុងត្រីមាសទី១។  ក្នុងនោះ មកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន៥៤៤,៧៦៤នាក់, តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ២៣១,៧០១នាក់ និងតាមអាកាសយានដ្ឋានអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ១២,៩១៩នាក់។ 

ដោយឡែក ភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក គឺមាន ១,០៤៨,៨២៤ នាក់។

រដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បន្តជំរុញ និងផ្តល់គោលការណ៍លើកទឹកចិត្តនានា ដល់វិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ការបញ្ចុះតម្លៃវីសា (e-Visa)របស់កម្ពុជា ​បា​នចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥មកទល់បច្ចុប្បន្ន។ ក្នុងនោះ វីសាប្រភេទ (T) ត្រូវបានបញ្ចុះ ពី ៣៦ ដុល្លារមកនៅត្រឹម៣០ដុល្លារ, វីសាប្រភេទ (E) visa បញ្ចុះតម្លៃ ពី ៤២ ដុល្លារ មកនៅ ៣៥ដុល្លារ។

នាថ្មីៗនេះ ក្រសួងទេសចរណ៍បានដាក់ចេញគោលការណ៍ផ្លាស់ប្តូររដូវខ្សត់ភ្ញៀវឬរដូវ Low Season ទៅជា «រដូវកាលបៃតង» ដើម្បីបង្កើតទេសភាពស្រស់ស្អាត និង​ធ្លាក់​ភ្លៀងត្រជាក់ត្រជុំ តាមតំបន់ទេសចរណ៍នានា។ តាមគោលការណ៍នេះ ក្រសួងបានស្នើវិស័យឯកជនទាំងអស់ បញ្ចុះតម្លៃកន្លែង​ស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ជាពិសេស​ការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ។​

គួរជម្រាបថា ពេញមួយឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៦,៧លាននាក់ កើនឡើង ២៣ភាគរយ ធៀបនឹងឆ្នាំ២០២៣។ សម្រាប់ឆ្នាំ២០២៥ កម្ពុជារំពឹងចំនួនភ្ញៀវទេសចរអន្តរ ពី៧,២លាននាក់ ទៅ៧,៥លាននាក់៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គង់ អារុណពុទ្ធីរិទ្ធ