Amnesty International ថាអេមីរ៉ាតឱ្យអាវុធផលិតនៅចិនទៅក្រុមប្រដាប់អាវុធស៊ូដង់
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
Amnesty International ថាអេមីរ៉ាតឱ្យអាវុធផលិតនៅចិនទៅក្រុមប្រដាប់អាវុធស៊ូដង់

ក្នុង​ខណៈ​ដែល​មាន​ការ​វាយប្រហារ​ដ្រូនកាន់​តែ​​សន្ធាប់ឡើងៗ​​ជាប់​គ្នា​អស់​៥​ថ្ងៃ Anmnesty International ​បាន​ចេញសេចក្តី​​ថ្លែងការណ៍​ប្រកាស​ថា មាន​អាវុធ​ចិន​ជា​ច្រើន​ ត្រូវ​បាន​អេមីរ៉ាតអារ៉ាប់រួម​​យក​ទៅផ្គត់ផ្គង់ក្រុមប្រដាប់​អាវុធប៉ារ៉ាយោធា​​​​ស៊ូដង់​។ ទង្វើ​នេះ​ជា​ការ​​រំលោភ​យ៉ាង​ច្បាស់​ក្រលែត​​បម្រាម​របស់​អង្គការសហប្រជាជាតិ​។

TTN-Free-Banner-In-Article-PC

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ អង្គការ​Amnesty International  បានលម្អិត​ថា មាន​គ្រាប់​បែកបញ្ជា​ពី​ចម្ងាយ​​ប្រភេទ​GB50A និង​គ្រាប់​កាំភ្លើង​ធំ​ AH-4 ១៥៥មីល្លីម៉ែត្រ​ កំពុងប្រើ​នៅ​ក្នុង​ទឹក​ដី​ស៊ូដង់។ គេអាច​កំណត់​បាន​តាម​ការ​រយៈ​ការ​វិភាគ​រូបភាព​នៃ​បំណែក​គ្រាប់ នៅ​ក្នុង​កន្លែង​រងគ្រោះ​ នៅ​ក្រុង​ខាទុំ​និង​តំបន់​ដារហ្វួរ នៃ​​ប្រទេស​ស៊ូដង់។ អាវុធ​ប្រភេទ​នេះ ជា​របស់​ចិន ផលិត​ដោយ​ក្រុមហ៊ុនមេ​​Norinco ដែល​មាន​ឈ្មោះ​ថា​China North Industries Group Limited និងដែល​ក្រុម​ហ៊ុន​ឧស្សាហកម្ម​អាវុធ​របស់​រដ្ឋ​ចិន។ នេះ​បើ​តាម​Amnesty International ដដែល។

សម្រាប់​Amnesty International អាវុធ​ចិន​ធ្លាក់​ដល់​ដៃ​ក្រុមប្រដាប់​អាវុធ​ស៊ូដង់ តាម​រយៈ​អេមីរ៉ាត ព្រោះ​​​យោង​​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​នៅ​ស្តុកខុល មាន​តែ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​មួយគត់​នៅ​លើ​ពិភពលោក ដែល​នាំ​ចូល​នូវ​គ្រាប់​កាំភ្លើង​ធំ​AH-4ទំហំ​១៥៥មីល្លីម៉ែត្រ​មកពី​ចិន នៅក្នុង​ឆ្នាំ​២០១៩។ 

ចំណែក​គ្រាប់​បែ​ក​GB50A ទើប​ឃើញ​មាន​ប្រើ​យ៉ាង​សកម្ម​ក្នុង​ជម្លោះ​ពិភពលោក​នៅ​ស៊ូដង់​ ក៏​ទំនង​អេមីរ៉ាត​ជា​អ្នក​​បញ្ជូនទៅ​ឱ្យ​​តាម​ដ្រូន​ចិនប្រភេទ​ Wing Loong II និង Feihong-95។ ដ្រូន​ចិន​មាន​ប្រើ​តែ​នៅក្នុង​ប្រទេស​ស៊ូដង់ និង​ដោយ​ពួករណសិរ្ស​គាំទ្រ​ស៊ូដង់។ ​របាយការណ៍​​​របស់​អង្គការ​សហប្រជាជាតិ​មួយ ក៏​លាត​ត្រដាង​ឱ្យ​ឃើញ​​ថា​ក្រុង​អាប៊ូដាប៊ី​បាន​ផ្តល់​ដ្រូនចិន​ជា​ច្រើន​គ្រឿង​ដល់​ក្រុម​រណសិរ្ស​គាំទ្រ​ស៊ូដង់ ឬ​ក្រុម​ប្រដាប់​អាវុធ​ប៉ារ៉ាយោធា​។ នេះ​បើ​តាម​ប្រភព​ដដែល។

​ចេញ​មុខ​ធ្វើ​សង្គ្រាមតាំងពី​ខែ​មេសា​ឆ្នាំ​២០២៣​ប្រឆាំង​​យោធា​ដែល​គ្រប់​គ្រង​ប្រទេស​ស៊ូដង់ ពួក​ប៉ារ៉ា​យោធា បាន​បង្កើន​ការ​វាយប្រហារ​ដោយ​ដ្រូន​យ៉ាងខ្លាំង​ នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដោយ​ដៅ​លើ​ទីតាំង​យុទ្ធសាស្ត្រ​និង​ទីស្នាក់ការ​បណ្តោះ​អាសន្ន​របស់​រដ្ឋាភិបាល​យោធា ព្រមទាំង​មណ្ឌល​ភស្តុភារ​​មនុស្សធម៌​ទៀត។ មូលដ្ឋាន​ទ័ព​ ស្ថានីយ៍​អគ្គិសនី ស្ថានីយ៍​ស្តុក​ប្រេង រងការ​ខូច​ខាត​យ៉ាង​ខ្លាំង តែ​អាកាសយានដ្ឋាន​នៅអាច​​ដំណើរការ។ នៅ​ថ្ងៃ​នេះ ដ្រូន​បាន​ដៅ​វាយប្រហារកំពង់ផែ​​ ជា​មូលដ្ឋាន​ទ័ពជើង​ទឹក បណ្តាល​ឱ្យ​ជន​ស៊ីវិល​នាំរត់ចេញ​ពីតំបន់​ផែ​​សមុទ្ទ​ក្រហម​ និង​ក្រុង​ភាគ​ខាង​ត្បូង​ ដែល​ធ្លាប់ ​តែមាន​សុវត្ថិភាព​។

អេមីរ៉ាត​អារ៉ាប់រួម​បាន​ច្រាន​ចោល​រាល់​គ្រប់ពាក្យ​ចោទ​ប្រកាន់ដោយ​បដិសេធ​ថា​មិន​បាន​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​នៅ​ស៊ូដង់​ដែលសម្លាប់​​មនុស្ស​អស់​ជា​ច្រើន​ពាន់​នាក់ និងពលរដ្ឋ​ផ្លាស់​ទី​​​ជាង​១៣លាន​នាក់។ រដ្ឋាភិបាល​យោធា​ស៊ូដង់ បានប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អេមីរ៉ាត​តាំងពី​ថ្ងៃ​អង្គារ​ទី ៦​ឧសភាមក៕

ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other