- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

អាម៉េរិក និងអង់គ្លេស នៅថ្ងៃទី៨ ខែឧសភា បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
នេះគឺជាកិច្ចព្រមព្រៀងដំបូងដែលអាម៉េរិកសម្រេចបានជាមួយដៃគូពាណិជ្ជកម្ម ចាប់តាំងពីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសពន្ធនាំចូលលើសេដ្ឋកិច្ចភាគច្រើន។
«ខ្ញុំពិតជារីករាយណាស់ក្នុងការប្រកាសថា យើងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងបង្អស់ជាមួយអង់គ្លេស ដែលជាប្រទេសដ៏អស្ចារ្យមួយ» ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបែបនេះពីការិយាល័យ Oval នៅថ្ងៃទី៨ ខែឧសភា។
នេះគឺជាកិច្ចព្រមព្រៀងដំបូងដែលអាម៉េរិកសម្រេចបានជាមួយដៃគូពាណិជ្ជកម្ម ចាប់តាំងពីលោក ត្រាំ បានប្រកាសពន្ធនាំចូលលើសេដ្ឋកិច្ចភាគច្រើននៃពិភពលោក។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានលើកឡើងនៅក្នុងការហៅទូរស័ព្ទទៅកាន់សេតវិមានថា ៖«នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ»។ លោកបានបញ្ជាក់ថា អង់គ្លេស និងអាម៉េរិកតែងតែមានកិច្ចព្រមព្រៀងប្រកបដោយតុល្យភាព និងយុត្តិធម៌។ លោកបន្តថា៖ «កិច្ចព្រមព្រៀងនេះបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះរឹងមាំ ហើយមានន័យពិសេសសម្រាប់ឧស្សាហកម្មដូចជាការផលិតរថយន្ត ដែក អាលុយមីញ៉ូម និងច្រើនទៀត»។
ទោះជាយ៉ាងណា គ្មានឯកសារណាមួយត្រូវបានចុះហត្ថលេខាអំឡុងពេលព្រឹត្តិការណ៍នៅការិយាល័យ Oval ថ្ងៃនោះទេ។ លោក ត្រាំ បាននិយាយថា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនឹងត្រូវបានចេញផ្សាយនៅក្នុងសប្តាហ៍ខាងមុខនេះ រួមទាំងការកាត់បន្ថយរបាំងមិនមែនពន្ធ ការបង្កើនល្បឿននៃការបោសសំអាតពន្ធគយសម្រាប់ទំនិញអាម៉េរិក និងបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងសារធាតុគីមី និងគ្រឿងម៉ាស៊ីន។
អាម៉េរិកក៏បានរក្សាពន្ធនាំចូល ១០ភាគរយលើទំនិញពីអង់គ្លេសដែរ។ លោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកបានលើកឡើងថា «នេះត្រូវបានគេរំពឹងថានឹងនាំមកនូវប្រាក់ ៦ពាន់លានដុល្លារសម្រាប់អាម៉េរិក»។
«យើងបានបើកទីផ្សារថ្មីជាច្រើនដូចជា អេតាណុល សាច់គោ និងផលិតផលកសិកម្មទាំងអស់។ ពួកគេបានយល់ព្រមបើកទីផ្សាររបស់ពួកគេ។ នោះនឹងបង្កើតឱកាសបន្ថែមចំនួន ៥ពាន់លានដុល្លារសម្រាប់អ្នកនាំចេញអាម៉េរិក»។ លោក Lutnick បានអះអាងបែបនេះ។ លោកក៏បានបង្ហើបដែរថា អង់គ្លេសនឹងប្រកាសពីគម្រោងទិញយន្តហោះ Boeing ដែលមានតម្លៃ ១០ពាន់លានដុល្លារទៀត។
ពន្ធនាំចូលរបស់អាម៉េរិកលើរថយន្តដែលផលិតនៅអង់គ្លេសត្រូវបានកាត់បន្ថយពី ២៧,៥ភាគរយទៅ ១០ភាគរយ។ អត្រានេះអនុវត្តចំពោះតែរថយន្ត ១០ម៉ឺនគ្រឿងប៉ុណ្ណោះ ដែលស្ទើរតែគ្រប់រថយន្តទាំងអស់របស់ប្រទេសនេះបាននាំចេញកាលពីឆ្នាំមុន។ ដែកថែបរបស់អង់គ្លេសក៏បានកាត់បន្ថយពន្ធរបស់ខ្លួនពី ២៥ភាគរយទៅសូន្យ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
