- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លា ភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារអាម៉េរិក។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បញ្ជាក់ដូច្នេះ នាជំនួបជាមួយ លោកស្រី Reva Price ប្រធានគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាម៉េរិក-ចិន (The U.S.-China Economic and Security Review Commission – USCC) កាលពីថ្ងៃទី៨ ខែឧសភា។
ការបញ្ជាក់បែបនេះ គឺឆ្លើយនឹងបញ្ហាដែលប្រតិភូ USCC បានកត់សម្គាល់ថា ប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ជាហេតុផលមួយ ដែលនាំឱ្យដើមកំណើតទំនិញមួយចំនួន មានការកែប្រែ មុននឹងនាំចេញទៅកាន់ទីផ្សារអាម៉េរិក។
ទំព័រហ្វេសប៊ុករបស់ CDC បានស្រង់សម្តីរបស់លោក ស៊ុន ចាន់ថុល ចុះផ្សាយបន្ថែមដូច្នេះ ថា ក្នុងន័យស្ថាបនាបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពី វិធានការសម្រាប់បង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទី ផ្សារអាម៉េរិក និងប្រកាសក្រសួងពាណិជ្ជកម្ម ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិត អនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារអាម៉េរិក។
ទន្ទឹងនឹងការប្តេជ្ញានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បញ្ជាក់ដែរថា កម្ពុជា បាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា- អាម៉េរិក ដែលរួមមានជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ជាមួយភាគីតំណាងពាណិជ្ជកម្មអាម៉េរិក (United States Trade Representative – USTR) ចំនួន២លើក និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។ បើតាម CDC លោក ស៊ុន ចាន់ថុល ក៏បានរំឭកប្រាប់ប្រតិភូ USCC អំពីសាវតា បេសកកម្ម និងចក្ខុវិស័យរបស់CDC ព្រមទាំងសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបេសកកម្មគោះទ្វារទាក់ទាញវិនិយោគរបស់ CDC ទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោកផងដែរ។
លោកស្រី Reva Price ប្រធានគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាម៉េរិក-ចិន (USCC)។ រូបភាព៖ ហ្វេសប៊ុក CDC
ក្នុងជំនួបនោះ លោកស្រី Reva Price ប្រធានគណៈកម្មការ USCC បានបញ្ជាក់ថា USCC ដែលជាទីភ្នាក់ងារឯករាជ្យ មួយនៃសាខានីតិបញ្ញត្តិរបស់អាម៉េរិក ទទួលបន្ទុកលើការត្រួតពិនិត្យ ស៊ើបអង្កេត និងរាយការណ៍ទៅសភាអាម៉េរិកអំពីកិច្ចការនានាពាក់ព័ន្ធនឹងសន្តិសុខនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី រវាងអាម៉េរិក និងចិន។
រូបភាព៖ ហ្វេសប៊ុក CDC
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥តទៅកម្ពុជា នឹងចាប់អនុវត្តវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ការអនុវត្តនូវវិធានការនេះឡើង គោលបំណងរួមគ្នាបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សំដៅលើការជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក៕
អ្នកសរសេរអត្ថបទ
