- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ សមយុទ្ធនេះ ធ្វើឡើងក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។
បើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ គឺធ្វើឡើងក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា។ ជាពិសេស គឺដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
លោក ឈុំ សុជាត បានសរសរបញ្ជាក់នៅបណ្តាញសង្គមរបស់ខ្លួននាថ្ងៃទី៨ ខែឧសភាថា ការណ៍ធ្វើសមយុទ្ធរួមគ្នារវាងកងទព័កម្ពុជា-ចិននេះ គឺជាការរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
រូបថតពីផេកហ្វេសប៊ុក លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
សមយុទ្ធនាគមាស ឆ្នាំ២០២៥ ត្រូវចែកចេញជា២ផ្នែក។ ក្នុងផ្នែកទី១ ជាសមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។ រីឯផ្នែកទី២ គឺជាសមយុទ្ធសមុទ្រ និងអាកាស ដែលត្រូវធ្វើនៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិនជាង២០០០នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប។ បើតាមលោក ឈុំ សុជាតិ នៅក្នុងនោះ ក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទរបស់កម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
« សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កា នៃមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា កន្លងទៅ បានជំរុញកាន់តែខ្លាំងក្លា នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ នេះជាការលើកឡើងរបស់លោក ឈុំ សុជាតិ ដែលបានអះអាងថា សមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរនេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ៕
រូបថតពីផេកហ្វេសប៊ុក លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
អ្នកសរសេរអត្ថបទ
