- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:១៩ នាទី ល្ងាច

ភ្នំពេញ៖ ឈ្មួញខិលខូចមួយចំនួន កំពុងនាំចូលផ្លែទុរេនពីប្រទេសក្បែរខាង មកលក់ក្នុងតម្លៃថោកៗ ដោយកុហកពលរដ្ឋថាជា ទុរេនកំពត, កំពង់ចាម, បាត់ដំបង ឬត្បូងឃ្មុំ ជាដើម។ ជុំវិញបញ្ហានេះ អ្នកជំនាញបារម្ភថា ទុរេនក្លែងម៉ាកទាំងអស់នោះ អាចមានជ្រលក់សាធារតុគីមី បង្កជាជំងឺមហារីក និងបញ្ហាសុខភាពផ្សេងៗដល់ពលរដ្ឋខ្មែរ ដែលជាអ្នកទទួលទាន។
លោក អ៊ុក គង់ ប្រធានសមាគមទុរេនកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៩ ឧសភានេះថា ការរឹតបន្តឹងការនាំចូលទុរេនថៃ និងវៀតណាម ពីសំណាក់គយចិន កំពុងធ្វើ ឱ្យផ្លែទុរេនក្នុងប្រទេសក្បែរខាងកម្ពុជានេះធ្លាក់ថ្លៃ និងសល់កកកុញ។ ក្នុងបរិបទនេះ ប្រធានសមាគមទុរេនកម្ពុជា សង្កេតឃើញថា មានឈ្មួញខិលខូចមួយចំនួន បានដឹកតាម ផ្លែទុរេនពីប្រទេសជិតខាងតាមច្រកព្រំដែន មកលក់ក្នុងតម្លៃថោកៗ ដោយកុហកពលរដ្ឋថា ជាទុរេនកំពត, កំពង់ចាម, បាត់ដំបង និងត្បូងឃ្មុំ ជាដើម។
លំហូរទុរេនពីប្រទេសជិតខាងនេះ មិនមែនមកពីកម្ពុជាគ្មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយខ្លួនឯងនោះទេ ប៉ុន្តែមកពីការទប់ស្កាត់របស់មន្រ្តីថ្នាក់ក្រោមមានភាពធូរលុង។ នេះជាការយល់ឃើញ របស់ លោក អ៊ុក គង់។
លោក អ៊ុក គង់ ប្រធានសមាគមទុរេនកម្ពុជា។ រូបភាពផ្ដល់ដោយ លោក អ៊ុក គង់
ទោះយ៉ាងណា ប្រធានសមាគមរូបនេះ បានទទួលស្គាល់ផងដែរថា ទុរេនខ្មែរពិតជាមានតម្លៃខ្ពស់ ធ្វើឱ្យពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយពុំមានលទ្ធភាពទិញបរិភោគបាន។ ការណ៍នេះ ក៏ជាហេតុធ្វើឱ្យពលរដ្ឋងាករកទុរេនដែលគ្មានប្រភពច្បាស់លាស់ដែរ។
លោក អ៊ុក គង់ ប្រាប់ដូច្នេះថា៖«ទុរេនយើងអាចផ្គត់ផ្គង់ក្នុងស្រុកបានហើយ ទាស់តែរបស់គេ(ទុរេនបរទេស) ថោកជាង ហើយចំពេលបងប្អូនយើងអត់សូវមានលទ្ធភាពទៀត គាត់ហូបរបស់គេសិនហើយ។ អ៊ីចឹងហើយ បានជាខ្ញុំសុំបងប្អូនសមត្ថកិច្ចពាក់ព័ន្ធរបស់យើងគួរតែហ្មត់ចត់បន្តិចទៅ អាណិតថ្នាក់ដឹកនាំ គាត់ខិតខំធ្វើការណាស់ មិនថាថ្ងៃសៅរ៍ ឬអាទិត្យទេ តែបងប្អូនថ្នាក់ក្រោម បែរជាធូរលុង។»។
បើសិនទប់ស្កាត់ការនាំចូលទុរេនពីប្រទេសជិតខាងមិនបានទេ លោក អ៊ុក គង់ ព្រួយបារម្ភថាពលរដ្ឋនឹងជួបបញ្ហាសុខភាពកាន់តែច្រើន ជាពិសេសការកើនឡើងនូវជំងឺមហារីក ដ្បិតកន្លងមក ទុរេនថៃនិងវៀតណាម ជាប់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមី Basic Yellow 2 ឬ Auramine 0 និង Cadmium។
លោក បន្ថែមដូច្នេះថា៖«បើយើងសម្បូរតែមនុស្សឈឺ តើយើងអាចកសាងប្រទេសដែរកើតទេ? ឥឡូវ យើងឃើញហើយនៅតាមមន្ទីរពេទ្យភាគច្រើនសុទ្ធអ្នកកើតជំងឺមហារីក ទឹកនាមផ្អែមផ្សេងៗ។ ទាំងអស់នេះហ្នឹង គឺសុទ្ធសឹងកើតចេញពីបន្លែផ្លែឈើនាំចូលនេះឯង ព្រោះអ្នកដាំគាត់ប្រើប្រាស់សារធាតុគីមីដោយមិនបានគិតវែងឆ្ងាយទេ ជាពិសេសទុរេនហ្នឹងតែម្ដង។»។
សម្រាប់ លោក អ៊ួន ជាងម៉េង ប្រធានសហគមន៍កសិកម្មដំណាំទុរេនទឹកឈូ ខេត្តកំពត បានឱ្យដឹងថា នៅខេត្តកំពត ក៏មានអ្នកនាំចូលទុរេនពីប្រទេសជិតខាង ហើយបោកពលរដ្ឋថាជាទុរេនកំពតដែរ។ បញ្ហានេះ លោកថាកើតមានស្ទើរតែរាល់ឆ្នាំ។
លោក អ៊ួន ជាងម៉េង ប្រធានសហគមន៍កសិកម្មដំណាំទុរេនទឹកឈូ ខេត្តកំពត។ រូបថត៖ ហ្វេសប៊ុកសហគមន៍កសិកម្មដំណាំទុរេនទឹកឈូ
លោកមិនទទួលបានព័ត៌មានថា ទុរេនទាំងអស់នេះ ត្រូវបានគេនាំចូលដោយរបៀបណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា វាមានតម្លៃថោកជាងទុរេនក្នុងស្រុក។ បច្ចុប្បន្ន ទុរេនកំពតមានតម្លៃ ១៨០០០រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងទុរេននាំចូលមានតម្លៃប្រហែល១០០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
ស្រដៀងទៅនឹង លោក អ៊ុក គង់ ដែរ ប្រធានសហគមន៍កសិកម្មដំណាំទុរេនទឹកឈូខាងលើ បានអះអាង ថា បច្ចុប្បន្ន កម្ពុជាមានទុរេនគ្រាន់ក្នុងការផ្គត់ផ្គង់ឱ្យពលរដ្ឋទូទាំងប្រទេសបានហើយ។
ទាក់ទិននឹងការនាំចូលទុរេនពីបរទេសដដែលនេះ លោក អ៊ួន ជាងម៉េង ថា វាមិនគ្រាន់តែធ្វើឱ្យប៉ះពាល់ដល់ទីផ្សារស្រុកប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់សុខភាពអ្នកបរិភោគផងដែរ ព្រោះផលិតផលទាំងអស់នេះ ភាគច្រើនប្រើប្រាស់ថ្នាំគីមីលើសលុប។
លោក អ៊ួន ជាងម៉េង ប្រាប់ដូច្នេះថា៖«បច្ចុប្បន្ននេះ កម្ពុជាដាំទុរេនបានច្រើនហើយ។ ដូច្នេះ បើសិនមិនមានការនាំចូលពីប្រទេសជិតខាងទេ ទុរេនក្នុងស្រុកយើងអាចទទួលបានតម្លៃគួរសម្យ។ ចំពោះការនាំចូលនេះ វាមិនត្រឹមតែប៉ះពាល់ដល់ទីផ្សាររបស់យើងទេ តែក៏អាចធ្វើប៉ះពាល់សុខភាពពលរដ្ឋយើងដែរ ព្រោះផលិតគេភាគច្រើនដាក់ថ្នាំច្រើនៗណាស់។»។
ទាំងលោក អ៊ួន ជាងម៉េង និង លោក អ៊ុក គង់ បានស្នើឱ្យអាជ្ញាធរ និងវិស័យឯកជនពាក់ព័ន្ធនានា ជួយទប់ស្កាត់ការចូលទុរេនពីបរទេសដែលគ្មានប្រភពច្បាស់លាស់។ អ្នកទាំងពីរ ក៏ចង់ឱ្យរដ្ឋបង្កើនការផ្សព្វផ្សាយ ឬណែនាំដល់ពលរដ្ឋឱ្យស្វែងយល់ប្រភពទុរេន មុននឹងទិញហូបផងដែរ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានរកឃើញពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជាដែរ។ នេះបើតាមសេចក្តីជូនដំណឹង ចុះកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែ ត្រូវបានក្រសួងផ្សាយឡើងវិញនៅថ្ងៃទី៧ ខែឧសភានេះ។
បើតាមក្រសួង ការនាំចូលទុរេននេះ ធ្វើឡើងក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួនជាមួយប្រទេសជិតខាង។ ទុរេននាំចូលមួយចំនួន ត្រូវបានគេជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយទេ។ យ៉ាងណាមិញ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងបន្តស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុបន្ថែមទៀត។
រដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសាធាតុគីមី Basic Yellow 2 ឬ Auramine O និង Cadmium ដែលមានផ្ទុកក្នុងផ្លែទុរេន នាំចូលពីប្រទេសថៃ និងវៀតណាម ឱ្យបានឆាប់រហ័ស។
ការពង្រឹងសមត្ថភាពពិសោធន៍នេះ ដើម្បីជួយគាំទ្រដល់មន្រ្តីគយ និងរដ្ឋាករកម្ពុជា ដល់ការវិភាគ និងត្រួតពិនិត្យលើទុរេននាំចូលនៅតាមច្រកព្រំដែន។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម ក៏ត្រូវទទួលបន្ទុកជំរុញការដាំដុះទុរេនក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការផងដែរ។
ការដាក់ចេញវិធានភ្លាមៗនេះ គឺធ្វើឡើងបន្ទាប់ពី មានករណីរកឃើញសារធាតុគីមី Basic Yellow 2 ឬ Auramine 0 និង Cadmium នៅក្នុងទុរេន ដែលនាំចូលពីថៃ និងវៀតណាម ពីសំណាក់អាជ្ញាធរចិន។ សាធាតុគីមីលឿង Basic Yellow 2 នេះ ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកថាសារធាតុគ្រោះថ្នាក់ដែលអាចបង្កឱ្យមានជំងឺមហារីកថែមទៀតផង។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យ កសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសារធាតុគីមីលើ «បន្លែ និងសាច់» នាំចូលឱ្យបានម៉ត់ចត់ ដើម្បីកាត់បន្ថយជំងឺមហារីកលើពលរដ្ឋ។
ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» កាលពីថ្ងៃទី ៥ ខែឧសភា សម្ដេច បានលើកឡើងថា ជំងឺមហារីក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិកម្ពុជា។ ជារៀងរាល់ឆ្នាំ អ្នកកើតជំងឺមហារីកនៅកម្ពុជា បានកើនឡើងរហូតដល់ជាង ២ម៉ឺននាក់ និងស្លាប់មានដល់ចំនួន១,៤ម៉ឺននាក់។ ប្រមុខរដ្ឋាភិបាល ចាត់ទុកកំណើនអ្នកកើតមហារីកនៅពេលនេះ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភ និងថាជំងឺដ៏កាចសាហាវនេះ មានមួយចំណែកកើតចេញពីការបរិភោគអាហារមានផ្ទុកជាតិគីមី៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
