- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ប្រជាជនរុស្ស៊ីទាំងមូល គាំទ្រប្រតិបត្តិការពិសេសរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែន។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងបែបនេះនៅទីលាន Red Square ក្នុងថ្ងៃទី៩ ខែឧសភា។ មេដឹកនាំរូបនេះ បានប្រកាសប្រឆាំងក្រុមណាហ្ស៊ី និងក្រុមអ្នកស្អប់រុស្ស៊ីផងដែរ។
រុស្ស៊ី នៅថ្ងៃទី៩ ខែឧសភា បានធ្វើព្យុហយាត្រ ដើម្បីអបអរខួប៨០ឆ្នាំ ដែលយកឈ្នះកម្លាំងណាហ្ស៊ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទីពីរ។ នៅក្នុងពិធីនេះ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងយ៉ាងច្បាស់ថា ប្រជាជនរុស្ស៊ីទាំងអស់ គាំទ្រការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន។
«ប្រទេស សង្គម និងប្រជាជនរុស្ស៊ីទាំងមូល គាំទ្រអ្នកចូលរួមក្នុងប្រតិបត្តិការយោធាពិសេស»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៩ ខែឧសភា ដោយបន្តថា រុស្ស៊ីមានមោទកភាពចំពោះការប្តេជ្ញា និងភាពក្លាហាន ដែលធ្វើឱ្យរុស្ស៊ីទទួលបានជ័យជម្នះ។
ស្របគ្នានេះ លោក ពូទីន បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងមូស្គូ នឹងបន្តប្រយុទ្ធប្រឆាំងនឹងក្រុមណាហ្ស៊ី និងក្រុមដែលស្អប់រុស្ស៊ី។ក្រោមប្រតិបត្តិការការពារប្រជាជនរុស្ស៊ីពីការប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយក្រោយកៀវ រុស្ស៊ី បានបើកការវាយប្រហារលើតំបន់ភាគខាងកើតអ៊ុយក្រែន ដើម្បីយកតំបន់ចំនួន៤ ដូចជាតំបន់ Donetsk, Luhansk, Zaporizhzhia និង Kharkiv នៅខែកុម្ភៈ ឆ្នាំ២០២២។ តំបន់ទាំង៤នេះ បានចូលរួមជាទឹកដីរបស់រុស្ស៊ី នៅក្នុងឆ្នាំដដែលនោះ ក្រោយការធ្វើប្រជាមតិ ដែលលោកខាងលិចចោទថា មិនត្រឹមត្រូវ។
មកទល់ពេលនេះ ប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន មិនទាន់បញ្ចប់ទេ ខណៈអាម៉េរិកក្រោមរដ្ឋាភិបាលលោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងជំរុញឱ្យភាគីសង្រ្គាមទាំងពីរ អនុវត្តបទឈប់បាញ់ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពពេញលេញ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
