- ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី ព្រឹក

ភ្នំពេញ៖ ផ្សារទួលទំពូង ដែលទេសចរបរទេសហៅយ៉ាងសាមញ្ញថា«ផ្សាររុស្ស៊ី», «Russian Market» ជាផ្សារមួយដែលមានកំណើនភ្ញៀវទេសចរបរទេសចេញ-ចូលច្រើននៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីវិបត្តិកូវីដ-១៩ ជាពិសេសនាដើមឆ្នាំ២០២៥នេះ មានភ្ញៀវបរទេសចម្រុះជាតិសាសន៍ ជាមធ្យម៦០០-៨០០នាក់ក្នុងមួយថ្ងៃ បានចូលទិញទំនិញ និងស្វែងរកវត្ថុអនុស្សាវរីយ៍នានាក្នុងផ្សារទួលទំពូង។ នេះជាការលើកឡើងរបស់លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង។
ប្រធានផ្សារទួលទំពូងរូបនេះ សង្កេតឃើញមួយរយៈចុងក្រោយនេះ ភ្ញៀវទេសចរអន្តរជាតិដែលមកស្វែងរកវត្ថុអនុស្សាវរីយ៍នានាក្នុងផ្សារទួលទំពូង គឺកាន់ក្រដាសប្រាក់រៀលមកទិញទំនិញក្នុងផ្សារនេះតែម្តង។ លោក ចំរើន សុខលីម ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ «ក្នុងរយៈក្រោយនេះ ខ្ញុំឃើញភ្ញៀវបរទេស ដែលមកទិញទំនិញនៅផ្សារនេះ គាត់ភាគច្រើនកាន់ប្រាក់រៀល មកទិញទំនិញតែម្តង។ ក្នុងហ្នឹងដែរ, ប្រាក់បរទេស មិនសូវជាមានច្រើនទេ។ ភាគច្រើន គាត់ដូរលុយរៀល កាន់លុយរៀលមកទិញ ហើយគាត់សប្បាយចិត្តក្នុងការដើរចាយវាយជាលុយរៀល។»។
លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង ដែលស្ថិតនៅក្នុងសង្កាត់ទួលទំពូង I ខណ្ឌចំការរមន រាជធានីភ្នំពេញ_។ រូបថត៖ លោក មឿន ម៉ាក់ថុង
ប្រវត្តិផ្សារទួលទំពូង (ប្រភពមន្ត្រីសង្កាត់ផ្សារទួលទំពូង)
ផ្សារទួលទំពូងបានចាប់កំណើតមុនឆ្នាំ១៩៥០មកម្លេះ។ តាំងពីដើមរៀងមក ផ្សារទួលទំពូងនេះមានសភាពរកេតរកូត និងលិចទឹករៀងរាល់រដូវវស្សា ព្រោះមានបឹងនៅខាងកើតមួយ និងបឹងខាងលិចមួយ ស្ថិតនៅក្នុងសង្កាត់លេខ៥ចាស់ ដែលមានគ្រែលក់នៅត្រង់នេះមួយដុំ ត្រង់នោះមួយដុំ និងមានថ្លុកក្របី ថ្លុកជ្រូក ដោយអន្លើៗទៀតផង។
មូលហេតុដែលផ្សារនេះ មានឈ្មោះទួលទំពូង ឬទួលតាពូង មកពីនៅខាងជើងផ្សារនេះ មានវត្តអារាមមួយឈ្មោះ«មុន្នីរតនារាម» ហៅថា វត្តទួលទំពូង។ ក្រោយមកបានជាគ្រប់គ្នាហៅវត្តទួលទំពូងរៀងមក។
នៅចន្លោះឆ្នាំ១៩៥៥-១៩៦៨ ទីក្រុងភ្នំពេញមានការអភិវឌ្ឍ មានមនុស្សរស់នៅកាន់តែច្រើន ទីផ្សារក៏មានការរីកចម្រើន មានអ្នកប្រកបរបរលក់ដូរច្រើន ហើយផ្សារទួលទំពូងក៏មានជារូបរាងឡើង ដោយមានគ្រែលក់បន្លែជាជួរ ហើយមានតូបមួយៗជាបន្តបន្ទាប់មក។ ដោយមានកំណើនប្រជាជនច្រើនមកតាំងលំនៅដ្ឋាននៅជុំវិញបិរវេណផ្សារទួលទំពូងនេះ ប្រជាជនបាននាំគ្នាធ្វើប្រឡាយ និងចាក់ដីលុប ថ្លុកជ្រាំ ដើម្បីកុំឱ្យមានទឹកលិចទៀត។ នៅជុំវិញផ្សារទួលទំពូង មានផ្ទះលក់ទំនិញគ្រឿងទេសជាច្រើន ហើយនៅក្នុងផ្សារមានរោងម៉ាស៊ីនកិនស្រូវមួយ និងមានរោងល្ខោនបាសាក់មួយ បានធ្វើឱ្យផ្សារទួលទំពូងនេះ កាន់តែមានភាពអ៊ូអរឡើង។ ល្ខោនបាសាក់នោះមានចៅកែឈ្មោះ«បាក់ ស្រេង និងអ្នកស្រី អ៊ុន វ៉ាន»។
ចាប់ពីឆ្នាំ ១៩៧០-១៨៧៤ ផ្សារទួលទំពូងនេះ ត្រូវបានរៀបចំឱ្យស្អាតឡើងវិញ ក្នុងរបបសាធារណរដ្ឋខ្មែរ«លន់ នល់» ដោយមានសសរបេតុង ក្រាលឥដ្ឋ ចាក់សាប មានអគារប្រក់ហ្វីប្រូ មានចំនួនពីរ គឺមានខាងលិចផ្សារមួយខ្នង និងខាងកើតផ្សារមួយខ្នង ដោយមានរបងដែលព័ទ្ធជុំវិញ។ ផ្សារមានច្រកទ្វារចេញ-ចូលចំនួន១៧ មានបង្គន់អនាម័យមួយ និងមានអគារទីស្នាក់ការផ្សារមួយ ដែលស្ថិតនៅជ្រុងខាងលិច ឈៀងខាងជើងផ្សារ។ បច្ចុប្បន្នទីស្នាក់ការផ្សារនេះ បានក្លាយជាប៉ុស្ត៍នគរបាលទួលទំពូង១។ ថី្វដ្បិតកាលនោះ មានទីស្នាក់ការផ្សារ សាងសង់រួចហើយក៏ពិតមែន ប៉ុន្តែពុំបានបែងចែកតូបទៅតាមប្រភេទមុខរបរនីមួយៗទេ ព្រោះស្ថិតនៅក្នុងសង្រ្គាមរវាងទ័ព លន់ នល់ និងទ័ពខ្មែរក្រហម។ ទ័ពរបបលន់ នល់ បានដួលរលំនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ នៅម៉ោង៦ល្ងាច ថ្ងៃទី១៧មេសា ឆ្នាំ១៩៧៩ ពួកខ្មែរក្រហមដែលស្លៀកពាក់ខ្មៅ បានចាប់ផ្តើមដេញប្រជាជននៅក្នុងទីក្រុងភ្នំពេញទាំងអស់ទៅតាមជនបទ។
ចាប់ពីឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ផ្សារទួលទំពូងត្រូវបានពួកខ្មែរក្រហមប្រើប្រាស់ជាកន្លែងដាក់រថយន្តទ័ព រោងជាងជួសជុលរថយន្ត ហើយប៉ែកខាងលិចពួកគេចិញ្ចឹមសត្វពាហនៈ សម្រាប់ធ្វើជាម្ហូបកងទ័ពដែលបានបោះទីតាំងនៅផ្ទះលោកសេនាប្រមុខលន់ នល់។ ក្នុងរបបខ្មែរក្រហម គេបានយកសាលាបឋមសិក្សាព្រះកែវមរកត (បច្ចុប្បន្នជាវិទ្យាល័យទួលទំពូង) ជាកន្លែងឃុំឃាំងមនុស្ស ដើម្បីសួរចម្លើយអ្នកទោស។
ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដួលរលំនៃរបបប្រល័យពូជសាសន៍ ប្រជាជនដែលធា្លប់រស់នៅទីក្រុងភ្នំពេញ បានរួចផុតពីរបបប៉ុល ពត បាននាំគ្នាវិលចូលទីក្រុងភ្នំពេញវិញ។
ផ្សារទួលទំពូងពេលនោះ មានសភាពទ្រុឌទ្រាម ប្រជាជនរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវចាស់ៗ បាននាំគា្នបោសសម្អាត និងរៀបចំបង្កើតផ្សារទួលទំពូងឡើងវិញ។ ការបង្កើតផ្សារឡើងវិញនេះ មានការយកចិត្តទុកដាក់អំពីថ្នាក់រដ្ឋអំណាចភូមិ៥ រដ្ឋអំណាចសង្កាត់ផ្សារដើមថ្កូវ ដោយបង្កើតបានជាថ្ងៃ «ទិវាពលកម្មរាល់ថ្ងៃសៅរ៍» និងដោយប្រមូលប្រជាជនតាមភូមិនានា មកធ្វើពលកម្ម សម្អាត និងរៀបចំផ្សារនេះឱ្យមានការលក់ដូរឡើងវិញ ដោយមានការចាត់តាំងគណៈកម្មការផ្សារ ដើម្បីគ្រប់គ្រង និងរៀបចំ។
ហេតុអ្វីជនបរទេសហៅថា «ផ្សាររុស្ស៊ី»?
កំណើតនៃឈ្មោះ«ផ្សាររុស្ស៊ី» គួរតែបានកើតឡើងនៅដើមទស្សវត្សរ៍១៩៩០ គឺនៅពេលដែលមន្ត្រីទូតរុស្ស៊ីដែលបំពេញការងារនៅកម្ពុជា បានចូលទិញទំនិញ និងវត្ថុអនុស្សាវរីយ៍រៀងរាល់សប្តាហ៍នៅក្នុងផ្សារទួលទំពូងនេះ។ ប្រធានផ្សារទួលទំពូង លោក ចំរើន សុខលីម បានរំឭករៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា នៅពេលនោះ ក្នុងមួយសប្តាហ៍ម្តងមន្ត្រីទូតរុស្ស៊ី តែងតែឈប់ឡាន ២ ឬ៣គ្រឿងនៅមុខផ្សារ ហើយកាន់កន្ត្រកចូលផ្សារដើម្បីទិញអីវ៉ាន់ ដូចជារូបចម្លាក់ វីស៊ីឌីបទចម្រៀងមរតកដើម និងត្បូងមានតម្លៃជាដើម។ លោក សុខលីម បន្តថា យូរៗទៅផ្សារនេះមិនត្រឹមតែមានមន្តី្រទូតទេ សូម្បីតែជនជាតិរុស្ស៊ីធម្មតាក៏ចូលផ្សារនេះផងដែរ។ ប្រធានផ្សារទួលទំពូង បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «អាជីវករក្នុងផ្សារគ្រប់រូបនិយាយភាសារុស្ស៊ីបានយ៉ាងល្អ ហើយដឹងថាជនជាតិរុស្ស៊ីគ្មានទៅផ្សារណាក្រៅពីផ្សារទួលទំពូងនេះឡើយ។ យើងឃើញចឹង ក៏ហៅផ្សារទួលទំពូង ជាផ្សាររុស្ស៊ី តៗគ្នាមក។ បន្ទាប់មកទៀត ក៏មានទេសចរបរទេសផ្សេងទៀតក៏បានមកផ្សារនេះដែរ»។
ការចេញ-ចូលទិញទំនិញក្នុងផ្សារទួលទំពូងជារៀងរាល់ថ្ងៃពីជនបរទេសដែលស្នាក់នៅទីក្រុងភ្នំពេញ ក្នុងរយៈពេលវែងឬខ្លី បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេល៣ឆ្នាំមុនដែលពិភពលោកផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជនបរទេសដែលចូលក្នុងផ្សារទួលទំពូង មានចន្លោះពី៩០០ ទៅ១ ៧០០នាក់ ក្នុងមួយថ្ងៃ។ នេះជាការអះអាងរបស់ លោក សុខលីម៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
