- ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី ព្រឹក

Manny Pacquiao នឹងត្រឡប់ទៅកាន់សង្វៀនវិញ ដោយត្រូវដណ្តើមខ្សែក្រវាត់ពិភពលោក WBC ពីកីឡាករវ័យក្មេង Mario Barrios នៅថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Las Vegas សហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត ESPN នៅថ្ងៃទី៨ ខែឧសភា។
ស្តេចប្រដាល់ហ្វីលីពីន បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការផ្តួលកីឡាករលំដាប់កំពូលៗរបស់ម៉ិកស៊ិក ដូចជា Erik Morales, Juan Manuel Marquez, Marco Antonio Barrera និង Osca Delahoya ជាដើម។ អ្វីដែលអស្ចារ្យបំផុត Pacquiao ត្រូវបានផ្គូរផ្គងឱ្យកំពូលកីឡាករមិនដែលចាញ់អាម៉េរិក Floyd Mayweather Jr. ដែលជាជំនួបធំបំផុតប្រចាំសតវត្ស ដែលមានតម្លៃសំបុត្រថ្លៃ និងអ្នកចូលរួមទស្សនាច្រើន។
មុនចូលនិវត្តន៍ពីអាជីពប្រដាល់សកល បន្ទាប់ពីចាញ់កីឡករគុយបា Yordenis Ugas នៅឆ្នាំ ២០២១ Pacquiao ធ្លាប់គ្រងខ្សែក្រវាត់ពិភពលោកដល់ទៅ៨ស្ថាប័នផ្សេងគ្នា ជាមួយកំណត់ត្រាប្រកួត៧២ដង ឈ្នះ៦២ ចាញ់៨ និងស្មើ២។
ថ្មីៗនេះ មានព័ត៌មានលេចលឺថា អតីតសមាជិកព្រឹទ្ធសភាហ្វីលីពីនពីឆ្នាំ ២០១៦ ដល់ ២០២២ នឹងត្រឡប់ពីការចូលនិវត្តន៍របស់ខ្លួនវិញ។ ការសែត ESPN ផ្សាយថា Pacquiao នឹងមានការប្រកួតជាមួយ Mario Barrios កីឡាករវ័យក្មេងរបស់អាម៉េរិក នៅខែកក្កដា។ អ្នកប្រដាល់ Barrios វ័យ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម WBC មានប្រវត្តិប្រកួត ៣២លើក ឈ្នះ២៩ ចាញ់២ និងស្មើ១ ក្នុងនោះផ្តួលដៃគូមិនឱ្យតដៃរួច ១៨ដង។
សមាជិកព្រឹទ្ធសភាហ្វីលីពីនពីឆ្នាំ 2016 ដល់ឆ្នាំ 2022 Pacquiao បានឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ 2022 ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រកួតប្រជែងសម្រាប់ព្រឹទ្ធសភា ដោយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី 12 ខែឧសភា។
អ្នកប្រដាល់ និងជាអ្នកនយោបានហ្វីលីពីន វ័យ៤៦ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាកីឡាករវាយចេញលឿនរហ័ស និងល្បឿនកណ្តាប់ដៃធ្ងន់ក្នុងប្រវត្តិសាស្ត្រកីឡានេះ នឹងចូលរួមបោះឆ្នោតព្រឹទ្ធសភាហ្វីលីពីនផងដែរ នៅថ្ងៃទី១២ ខែឧសភា៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
