- ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:៣០ នាទី ព្រឹក

ភ្នំពេញ៖ អ្នកស្រី ពាន់ ភួងបុប្ផា ជាអ្នកនិពន្ធ និងដឹកនាំភាពយន្តចាស់វស្សាមួយរូប ដែលមានកេរិ៍្តឈ្មោះល្បីល្បាញតាមរយៈស្នាដៃខ្សែភាពយន្ត អប់រំសង្គម និងគ្រួសារ។ អ្នកនិពន្ធវ័យ ៧១ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៨៨មកម៉្លេះ ពោលមានរយៈពេល ៣៧ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៥នេះ។
ជាកូនស្រីច្បងនៅក្នុងគ្រួសារ ដែលមានបងប្អូន ៨នាក់ អ្នកស្រី ពាន់ ភួងបុប្ផា មានឪពុកជាគ្រូបង្រៀន និងម្តាយជាស្រ្តីមេផ្ទះ ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ កាលកុមារភាព អ្នកស្រី ភួងបុប្ផា ជាក្មេងស្រី ដែលស្រឡាញ់ការអាន។ ការអានពិតជាមានតម្លៃសម្រាប់អ្នកស្រីរហូតមកដល់បច្ចុប្បន្ននេះ ក៏ព្រោះថា វាបានក្លាយជាគ្រឹះក្នុងអាជីពជាអ្នកនិពន្ធរបស់អ្នកស្រី។
រូបភាព៖ ហ្វេសប៊ុកអ្នកស្រី ពាន់ ភួងបុប្ផា
ស្ថិតក្នុងគេហដ្ឋាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាយរាជធានីភ្នំពេញ ដែលព័ទ្ធជុំវិញដោយសួនច្បារ និងដើមរុក្ខជាតិតូចធំជាច្រើនប្រភេទ ជាកន្លែងសម្រាប់ស្មេររូបនេះប្រមូលអារម្មណ៍និពន្ធស្នាដៃរបស់ខ្លួន។ អ្នកនិពន្ធដែលចំណាយពេលច្រើនក្នុងវិថីសិល្បៈរូបនេះ នៅតែបន្តតែងនិពន្ធ និងផលិតស្នាដៃ សម្រាប់បម្រើអារម្មណ៍ទស្សនិកជន។
អ្នកស្រី ពាន់ ភួងបុប្ផា ជាផលិតការី ដែលមានសមត្ថភាពខ្ពស់ និងជោគជ័យក្នុងអាជីពជាអ្នកនិពន្ធខ្សែភាពយន្ត។ ប៉ុន្តែស្រ្តីដ៏ពូកែរូបនេះ ហាក់មិនសមប្រកបក្នុងជីវិតគូ។ អ្នកស្រី មានភារកិច្ចចិញ្ចឹមកូនប្រុសស្រី៤នាក់ ក្រោយក្លាយជាស្ត្រីមេម៉ាយ។
រូបភាព៖ ហ្វេសប៊ុកអ្នកស្រី ពាន់ ភួងបុប្ផា
ជាអ្នកនិពន្ធភាពយន្តប្រាកដនិយម អំពីការអប់រំសង្គម និងគ្រួសារ
អ្នកនិយមទស្សនារឿងភាគខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ ពិតជាបានស្គាល់ឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា តាមរយៈខ្សែរឿងជាច្រើន ជាពិសេសភាពយន្តជីវិត។ មកដល់វ័យនេះ អ្នកនិពន្ធ ពាន់ ភួងបុប្ផា បានឆ្លងកាត់ច្រើនជំនាន់ និងមើលឃើញពីទិដ្ឋភាព ការប្រែប្រួលនៃរបត់សង្គម ពីជំនាន់ទៅមួយជំនាន់។ អ្នកនិពន្ធរូបនេះ យល់ថា សង្គមមួយល្អ លុះត្រាតែកោសិកាសង្គមល្អ គឺគ្រួសារល្អ។ ហេតុដូច្នេះ ទើបស្នាដៃរបស់អ្នកស្រី ភាគច្រើនលើកពីញ្ហាគ្រួសារ។
បញ្ហាគ្រួសារ ដូចជាជីវិតគូ បងប្អូន ទឹកចិត្តម្តាយ និងបញ្ហាអសកម្មក្នុងសង្គម ត្រូវបានយកមកនិពន្ធជាខ្សែភាពយន្ត ដោយបង្កប់នូវខ្លឹមសារអប់រំ រួមទាំងរំលេចពីតថភាពតាមរបត់សង្គមនីមួយៗមកឆ្លុះបញ្ចាំង។ អ្នកនិពន្ធមានឈ្មោះបោះសំឡេង ជាច្រើនទសវត្សរ៍រូបនេះលើកឡើងថា៖«ខ្សែភាពយន្ត របស់ខ្ញុំភាគច្រើន ឆ្លុះបញ្ចាំងពីខ្សែជីវិតពិត ក្នុងសង្គមគ្រួសារ។ ជាពិសេសកង្វះខាតការអប់រំ និងទំនួលខុសត្រូវក្នុងគ្រួសារ ធ្វើឱ្យមនុស្សបាត់បង់គុណធម៌ សុជីវធម៌ និងបង្កឱ្យមានភាពអសកម្មក្នុងសង្គម។»។
រូបភាព៖ ហ្វេសប៊ុកអ្នកស្រី ពាន់ ភួងបុប្ផា
ជាក្មេងស្រីធំដឹងក្តីជាមួយការតស៊ូ និងទំនួលខុសត្រូវក្នុងនាមជាកូនស្រីច្បង និងធ្លាប់ជាមេគ្រួសារទទួលបន្ទុកផ្គត់ផ្គង់សមាជិកគ្រួសាររហូតដល់ ១០នាក់ អ្នកស្រី ពាន់ ភួងបុប្ផា ចាត់ទុកការឆ្លងកាត់បញ្ហាជីវិតទាំងអស់នេះជាដើមទុន ក្នុងការផលិតភាពយន្ត។ លើសពីនេះ ការស្រឡាញ់ ទេពកោសល្យ និងចំណេះដឹងដែលកើតចេញការមើល ការស្តាប់ ពូកែសង្កេត និងបទពិសោធធ្លាប់ឆ្លងកាត់ ក៏ជាស្ពានសម្រាប់អ្នកស្រី។
បើតាមអ្នកស្រី ពាន់ ភួងបុប្ផា ខ្សែភាពយន្តដំបូងរបស់អ្នកស្រីមានចំណងជើងថា«កូនភ្លោះបី» ផលិតនៅឆ្នាំ១៩៨៨ ដែលឆ្លុះបញ្ចាំងអំពីផ្នត់គំនិតពលរដ្ឋខ្មែរទៅតាមវណ្ណៈ ពេលចេញពីរបបខ្មែរក្រហម។ ក្រោយផលិតកុនបាន ៥ឆ្នាំវិស័យភាពយន្តក៏បានធ្លាក់ចុះ អ្នកស្រីក៏ប្តូរទៅធ្វើការសារព័ត៌មាន ដោយផ្តោតលើ សិល្បៈ វប្បធម៌ កីឡា និងអប់រំ នៅកាសែតរស្មីកម្ពុជាកាលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨។ ជំនាន់នោះ អ្នកកាសែតស្រី្តមានតែអ្នកស្រីតែម្នាក់ប៉ុណ្ណោះ។ ចេញពីការងារជាអ្នកកាសែត អ្នកនិពន្ធរូបនេះបន្តការងារក្នុងវិស័យភាពយន្តវិញ ដោយផលិតភាពយន្តអប់រំនៅមណ្ឌលព័ត៌មានស្រី្តកម្ពុជា ៨ឆ្នាំ។
រូបភាព៖ ហ្វេសប៊ុកអ្នកស្រី ពាន់ ភួងបុប្ផា
ភាពយន្តរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលទទួលបានការគាំទ្រខ្លាំង រួមមាន រឿងទឹកចិត្តម្តាយ កូនឥតខាន់ស្លា មមាចប្រឡែងភ្លើង ទឹកចិត្តគ្រូបង្រៀន ទឹកចិត្តបងស្រី កុមារី២៥ឆ្នាំ និងប្តីល្អជាដើម។ ទោះបីខ្សែភាពយន្តខ្លះផលិតតាំងពី២០ ឆ្នាំមុនក៏ដោយ ប៉ុន្តែនៅតែទទួលបានប្រជាប្រិយភាពពីមហាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសរឿងកូនប្រសាស្រី។ រឿងកូនប្រសាស្រី ជាខ្សែភាពយន្តមួយ ក្នុងចំណោមខ្សែភាពយន្តជាច្រើន របស់អ្នកនិពន្ធ ពាន់ ភួងបុប្ផា ដែលឆ្លុះបញ្ចាំងពីជីវិតស្រ្តីខ្មែរ ក្នុងអំឡុងទសវត្សរ៍ ៨០ និង៩០។ រឿងដ៏ល្បីល្បាញមួយនេះ ត្រូវបានចាក់ផ្សាយកាលពីអំឡុងឆ្នាំ២០០៦។
អ្នកស្រី ពាន់ ភួងបុប្ផា ៖«ខ្ញុំផលិតរឿង គឺផលិតចេញពីបេះដូង»
«ខ្ញុំជាអ្នកសរសេរម្នាក់ហេតុអ្វីខ្ញុំមានអាយុវែងក្នុងអាជីពហ្នឹង»។ នេះជាសំណួរ អ្នកស្រី ពាន់ ភួងបុប្ផា ចោទសួរក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅគេហដ្ឋានរបស់អ្នកស្រី។ អ្នកស្រីមានអាយុវែងក្នុងវិស័យសិល្បៈ ក៏ដោយសារអ្នកស្រី គោរព និងឱ្យតម្លៃ អ្នកទស្សនា ដោយស្នាដៃនីមួយៗរបស់អ្នកស្រីឆ្លុះបញ្ចាំងពីតថភាពសង្គមជាក់ស្តែង គួបផ្សំជាមួយទេពកោសល្យរបស់អ្នកសម្តែង និងអត្ថន័យអប់រំនៅក្នុងនោះ។
អ្នកនិពន្ធដ៏ពូកែមួយនេះ បង្ហាញពីជម្រៅនៃសេចក្តីស្រឡាញ់ចំពោះវិស័យភាពយន្តដូច្នេះ៖«ខ្ញុំផលិតរឿងហ្នឹង មិនមែនផលិតគ្រាន់តែដូរបាយទេ គឺខ្ញុំធ្វើចេញពីបេះដូង ថ្លើម ប្រមាត់ ពេលខ្លះយើងមានជីវភាពរស់នៅបានធូរធា...។ ប៉ុន្តែដោយសារការស្រឡាញ់ ការស្រឡាញ់ហ្នឹងហើយដែលប្រឹងធ្វើទាំងយប់ ទាំងថ្ងៃ»។
រូបភាព៖ ហ្វេសប៊ុកអ្នកស្រី ពាន់ ភួងបុប្ផា
ស្ទើរគ្រប់ខ្សែភាពយន្តរបស់អ្នកស្រី បានឆក់យកបេះដូងទស្សនិកជន ឱ្យលង់ក្នុងមនោគតិរបស់អ្នកនិពន្ធ ខឹង ស្អប់ ច្រណែន ទប់ទឹកភ្នែកមិនបាន ពេលទស្សនាម្តងហើយចង់ទស្សនាម្តងទៀត។ ខ្សែភាពយន្ត ដែលនិយាយទឹកចិត្តម្ដាយ ជាស្នាដៃដែលអ្នកស្រីពេញចិត្តជាងគេ ក្នុងចំណោមស្នាដៃជាច្រើនរបស់អ្នកស្រី។
ផលិតការីដ៏ល្បីរូបនេះ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំបានផលិតខ្សែភាពយន្តជាច្រើន ក្នុងចំណោមភាពយន្តទាំងអស់នោះ ភាពយន្តដែលនិយាយអំពីម្តាយ ដក់ជាប់ក្នុងអារម្មណ៍ខ្ញុំជាងគេ។ រួមមាន រឿង ទឹកចិត្តម្តាយ ,ពេលម៉ែចាស់ទៅ និងទឹកចិត្តម្តាយជំនាន់ថ្មី ដែលខ្ញុំបានរៀបរាប់ពីទឹកចិត្តរបស់ម្តាយគ្រប់នៃវណ្ណៈសង្គម ដែលត្រូវប្រឈមនឹងការលំបាកក្នុងការប្រដៅ អប់រំកូន ដែលកំពុងដើរបញ្ច្រាស់ពីទឹកចិត្តរបស់ម្តាយពួកគេ»។
អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់រូបនេះ បានបញ្ជាក់ថា ការផលិតភាពយន្តនីមួយៗ មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺមានឧបសគ្គច្រើនណាស់ ត្រូវការកិច្ចសហការគ្នា ការតស៊ូអត់ធ្មត់ ជាចាំបាច់ គ្រប់កាលៈទេសៈ ជាពិសេសធនធាន។ ផលិតករភាគច្រើនបានប្រឹងប្រែងតស៊ូ ទម្រាំតែបានភាពយន្តមួយរឿងៗ បញ្ចាំងឱ្យអ្នកទស្សនា ហើយពេលបានទស្សនា ក៏មិនប្រាកដថា នឹងទទួលបានជោគជ័យនោះដែរ។
អ្នកស្រីបន្តថា បើចង់ក្លាយជាអ្នកនិពន្ធត្រូវចាប់ផ្តើមចេញពីការអាន រួមទាំងខួរក្បាល និងបេះដូងប្រាកដថាចង់ធ្វើអ្វី។ អ្នកស្រីខំតស៊ូប្រឹងប្រែងសព្វថ្ងៃគឺដោយសារតែចិត្តនៅតែស្រឡាញ់វិស័យភាពយន្តខ្មែរ ចង់លើកស្ទួយវិស័យភាពយន្ត ចង់ទុកស្នាដៃឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង ដើម្បីទុកជាបទពិសោធដល់អ្នកបន្តវេន ក្នុងការផលិតភាពយន្ត។ «ខ្ញុំសង្ឃឹមថាស្នាដៃរបស់ខ្ញុំជាឯកសារសម្រាប់អ្នកជំនាន់ក្រោយរៀនសូត្របន្ត ហើយពួកគេអាចធ្វើបានល្អជាងយើងផងដែរ ព្រោះតែសព្វថ្ងៃបច្ចេកវិទ្យាមានលក្ខណៈកាន់តែទំនើប»។ អ្នកស្រី ពាន់ ភួងបុប្ផា រំពឹងលើអ្នកជំនាន់ក្រោយដូច្នេះ។
អ្នកនិពន្ធនិងដឹកនាំរឿងចាស់វស្សា ពាន់ ភួងបុប្ផា នៅតែមានបេះដូងស្រឡាញ់វិស័យភាពយន្ត ខណៈដែលរូបកាយ កាន់តែទ្រុឌទ្រោម ដោយចូលវ័យជរា។ អ្នកស្រី បញ្ជាក់ថា ទាំងពេលវេលា និងភាពយន្ត ចេញពី ស្នាដៃរបស់អ្នកស្រី នៅសល់មិនច្រើនទៀតទេមុនពេលដែលអ្នកស្រីឈប់ទាំងស្រុងពីអាជីពមួយនេះ៕
អ្នកសរសេរអត្ថបទ
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។
