- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

មេដឹកនាំចិន និងរុស្ស៊ី នៅថ្ងៃទី៨ ខែឧសភា បានថ្កោលទោសអាម៉េរិក និងសម្ព័ន្ធមិត្ត ដែលព្យាយាមពង្រីកសម្ព័ន្ធយោធាណាតូ (NATO) ចូលទៅក្នុងតំបន់អាស៊ី។ ប្រទេសទាំងពីរ បានចាត់ទុកសកម្មភាពរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត ធ្វើឱ្យប៉ះពាល់ដល់សន្តិភាពតំបន់ ស្ថិរភាព និងវិបុលភាព។
តាមរយៈសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី៨ ខែឧសភា លោកប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់ចំៗលើអាម៉េរិក និងសម្ព័ន្ធមិត្ត ជុំវិញបំណងចង់ពង្រីកអង្គការណាតូ (NATO) ចូលទៅក្នុងតំបន់អាស៊ី។
«អាម៉េរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមចង់ពង្រីកអង្គការណាតូ ចូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, បង្កើតក្រុមប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដាក់សម្ពាធប្រទេសដទៃក្នុងតំបន់ ដើម្បីលើកកម្ពស់យុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដលសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់»។ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំចិន និងរុស្ស៊ី បានបញ្ជាក់បែបនេះ ដោយបន្តថា វិធានការគំរាមសម្លុតជាឯកតោភាគី និងទណ្ឌកម្មសេដ្ឋកិច្ច ដែលមិនឆ្លងកាត់ក្រុមប្រឹក្សាសន្តិសុខ គឺជាការបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផ្សេងទៀត។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល ចិន និងរុស្ស៊ី បានសន្យាធ្វើឱ្យស៊ីជម្រៅភាពជា «ដៃគូគ្មានដែនកំណត់» ដែលមានស្រាប់ រួមទាំងច្រានចោលការដាក់ពន្ធ និងវិធានការរឹតត្បិតខុសច្បាប់ជាឯកតោភាគី។
ការរិះគន់បែបនេះ ធ្វើឡើងស្របពេលអាម៉េរិក បានដាក់ពន្ធគយលើចិនរហូតដល់ ១៤៥ភាគរយ ដោយគ្មានផ្អាក និងបញ្ចុះមកត្រឹម ១០ភាគរយ រយៈពេល ៩០ថ្ងៃដូចបណ្តាប្រទេសផ្សេងៗ។
ទន្ទឹមនេះ លោកពូទីន បានយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ បានឈានដល់ចំណុចខ្ពស់បំផុត ហើយជាមិត្តភាពដែលមិនអាចបំបែកបាន។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ចិន បានទិញប្រេងឆៅក្នុងតម្លៃទាប ជាច្រើនលានបារ៉ែល ដើម្បីចាកទៅក្នុងម៉ាស៊ីនសេដ្ឋកិច្ចរបស់ខ្លួន។
តាមទិន្នន័យពន្ធគយចិន ទំហំពាណិជ្ជកម្មរវាងក្រុងមូស្គូ និងក្រុងប៉េកាំង នៅក្នុងឆ្នាំ២០២៤ មានចំនួន ២៤៤ពាន់លានដុល្លារ ដោយកើនឡើងពីឆ្នាំ២០២៣ ដែលមានចំនួន ២៤០ពាន់លានដុល្លារ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
