កម្មវិធីទូរសព្ទ «ទស្សនាអង្គរ» ជួយទេសចរឱ្យដឹងព័ត៌មាន និងមានជម្រើសទស្សនាច្រើនកន្លែង
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
កម្មវិធីទូរសព្ទ «ទស្សនាអង្គរ» ជួយទេសចរឱ្យដឹងព័ត៌មាន និងមានជម្រើសទស្សនាច្រើនកន្លែង
កម្មវិធីទូរសព្ទ «ទស្សនា អង្គរ» ប្រកាសដាក់ឱ្យដំណើរការសាកល្បងជាផ្លូវការ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង នូវកម្មវិធីទូរសព្ទ ឬ App  ដែលមានឈ្មោះថា «ទស្សនា អង្គរ» ឬ Visit Angkor។ កម្មវិធីនេះប្រមូលផ្តុំនូវព័ត៌មានពីប្រាសាទ វង់ទស្សនាតាមប្រាសាទ ចំណត តូបលក់ដូរ អាហារដ្ឋាន បន្ទប់ទឹក និងគោលដៅទេសចរណ៍​ជាច្រើន​ទៀតនៅក្នុងខេត្តសៀមរាប ដែលអាចឱ្យទេសចរសម្រេចចិត្ត និងមានជម្រើសទស្សនា។

TTN-Free-Banner-In-Article-PC

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កម្មវិធីទស្សនាអង្គរ ត្រូវបានរៀបចំឡើងក្នុងបំណងលើកស្ទួយវិស័យទេសចរណ៍ ឱ្យដើរស្របតាមសម័យបច្ចេកវិទ្យា និងបង្កើតជម្រើសងាយស្រួលដល់ភ្ញៀវទេសចរ។ លោកបន្ថែមថា​ កម្មវិធីនេះមានព័ត៌មានពីប្រវត្តិប្រាសាទជាង១០០នៅ ខ្សែទស្សនា និងចំណុចទស្សនាប្រាសាទ ផែនទី ម៉ោងទស្សនាប្រាសាទ និងសម្បទាទេសចរណ៍។ ក្រៅពីនេះ ក៏មានព័ត៌មានក្រៅពីប្រាសាទផងដែរ ដូចជាព័ត៌មានអំពីប្រតិទិនព្រឹត្តិការណ៍ សារមន្ទីរ សហគមន៍ទេសចរណ៍ សកម្មភាពកម្សាន្ត ក្រមប្រតិបត្តិ និងបទបញ្ញត្តិនៃការទស្សនា។  ជាងនេះទៅទៀត សាធារណជនអាចឃើញពាក្យ សម្បទាទេសចរណ៍ ដែលអនុញ្ញាតឱ្យ​មានការបញ្ចេញមតិនានា ទាំងចំណុចល្អ និងចំណុចខ្វះខាតនៅតំបន់អង្គរ។ ក្នុងពិធីប្រកាសដាក់ឱ្យ​ដំណើរការ​សាកល្បង​កម្មវិធីទស្សនាអង្គរ នៅថ្ងៃទី៩ ឧសភា នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ​លោក សុធារ៉ា សង្កត់ធ្ងន់ថា អាជ្ញាធរនឹងយកមតិទាំងនោះមកពិនិត្យ និងកែលម្អរាល់ចំណុចខ្វះខាតផ្សេងៗ។ 

លោក សេង សុធារ៉ា ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បង App Visit Angkor

តាមការបញ្ជាក់ថាពីលោក សេង សុធារ៉ា App visit Angkor ត្រូវបានរៀបចំ និងគិតគូរច្រើនឆ្នាំមកហើយ ចាប់តាំងពីអំឡុងកូវីដ១៩។ លោកពន្យល់ថា រាល់ព័ត៌មានទាំងអស់មានភាពត្រឹមត្រូវ និងច្បាស់លាស់ ហើយប្រវត្តិសាស្រ្តប្រាសាទ សុទ្ធសឹងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញ។ យ៉ាងណា លោក សុធារ៉ា អះអាងថា កម្មវិធីនេះនឹងធ្វើបច្ចុប្បន្នភាពរហូត ដើម្បីឱ្យស្របតាមតថភាពជាក់ស្ដែង។ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះក៏រំពឹងថា វានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយអាជ្ញាធរ​នឹងព្យាយាមកែលម្អ រាល់ចំណុចខ្វះខាតណាមួយ។ 

លោក សេង សុធារ៉ា បន្ថែមថា៖« យើងសង្ឃឹមថា កម្មវិធីនេះនឹងជួយតំបន់អង្គរក្លាយជាតំបន់ឆ្លាតវៃ​ជាងមុន យើងមានកម្មវិធីផ្តល់ព័ត៌មាន ដែលមានភាពរហ័សជាងមុន និងមានប្រតិទិនព្រឹត្តិការណ៍​កម្មវិធីនានា ដើម្បីឱ្យទេសចរដឹងមុន និងរៀបចំគម្រោងមកកម្សាន្ត ដូចជាកម្មវិធីរត់ម៉ារ៉ាតុន ​សមរាត្រី ជាដើម»៕


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី