ក្រសួងអប់រំ-ធនាគារជាតិ ណែនាំគ្រឹះស្ថានសិក្សាទាំងអស់ឱ្យគិតតម្លៃសិក្សានិងសេវានានាជា«ប្រាក់រៀល​»
  • ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤០ នាទី ព្រឹក
ក្រសួងអប់រំ-ធនាគារជាតិ ណែនាំគ្រឹះស្ថានសិក្សាទាំងអស់ឱ្យគិតតម្លៃសិក្សានិងសេវានានាជា«ប្រាក់រៀល​»
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា

ភ្នំពេញ៖  គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទាំងអស់ ត្រូវប្រើប្រាស់«ប្រាក់រៀល» ជារូបិយប័ណ្ណចម្បងលើការកំណត់តម្លៃសិក្សា និងថ្លៃសេវានានា។ នេះជាការណែនាំរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា  និងធនាគារជាតិ នៃ កម្ពុជា​ ក្នុងគោលដៅលើកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។​

TTN-Free-Banner-In-Article-PC

សេចក្តីណែនាំនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥​ ដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ រួមជាមួយ លោកស្រី ជា​ សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា​។ ក្នុងនោះ ស្ថាប័នជំនាញទាំងពីរ បានណែនាំគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ឱ្យពិនិត្យលទ្ធភាពបើកគណនីប្រាក់បញ្ញើ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល និងបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូនដល់គ្រប់បុគ្គលិកអប់រំទាំងអស់ រួមមាន បុគ្គលិកពេញម៉ោង បុគ្គលិកកិច្ចសន្យា និងបុគ្គលិកវេលាកាល ទាំងជនជាតិកម្ពុជា និងបរទេស។ 

ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន ត្រូវបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀល (ជារូបិយប័ណ្ណចម្បងលើការកំណត់តម្លៃ)។ តម្លៃជា រូបិយប័ណ្ណបរទេស គឺអាចគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា។​


បន្ថែមពីនេះ គ្រ​ប់គ្រឹះស្ថានសិក្សា ត្រូវរៀបចំយន្តការសម្របសម្រួល និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតាឬ អ្នកអាណាព្យាបាលរបស់សិស្ស និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការទូទាត់ទៅគណនីធនាគារ ជាប្រាក់រៀលក្នុងសកម្មភាពនានា។ ដូចជា៖ ការបង់ថ្លៃសិក្សា និងសេវាទូទាត់ផ្សេងៗ...ជាដើម។ 

រាល់ការណែនាំខាងលើនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តទៅ។ នេះបើខ្លឹមរួមសាររបស់ក្រសួងអប់រំ និងធនាគារជាតិ នៃកម្ពុជា៕  


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន