- ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី យប់

នៅថ្ងៃ៩ ខែឧសភា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះពិនិត្យដោយផ្ទាល់ នូវការធ្វើសមយុទ្ធយោធា ដើម្បីហាត់សមការទប់ទល់ ចំពោះការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់សត្រូវ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទីព្រហស្បតិ៍ទី៨ឧសភា កូរ៉េខាងជើង បានបាញ់សាកល្បងនូវមីស៊ីលបាលីស្ទីកទំនើប ជាច្រើនគ្រាប់ ហើយបើយោងតាមការសង្ស័យពីអ្នកវិភាគ ក៏ដូចជាអ្នកជំនាញកូរ៉េខាងត្បូង គឺអាវុធនិងមីស៊ីលទាំងនេះ កូរ៉េខាងជើងកំពុងតែផលិតដើម្បីបញ្ជូនទៅជួយរុស្ស៊ី។
កងទ័ពកូរ៉េខាងជើងបានបើកសមយុទ្ធ ទប់ទល់ជាមួយការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ពីសំណាក់សត្រូវ។ ផ្អែកតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA សត្រូវទាំង២នោះ គឺកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង មានវត្តមានដោយផ្ទាល់ ដើម្បីពិនិត្យនិងចាត់ចែងការធ្វើសមយុទ្ធ នៅថ្ងៃសុក្រទី៩ឧសភា។
ប្រភពដដែលនេះបានឲ្យដឹងថា ការធ្វើសមយុទ្ធនេះ គឺមានប្រើដោយប្រព័ន្ធបាញ់រ៉ូកែត មីស៊ីលបាលីស្ទិកតាក់ទិក ដោយអនុលោមទៅតាមនីតិវិធី និងវិធានការឆ្លើយតបរហ័ស វាយទប់ទល់ក្នុងករណីមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ KCNA អះអាងថា លទ្ធផលនៃការធ្វើសមយុទ្ធគឺបានជោគជ័យដូចការគ្រោងទុក ដោយប្រព័ន្ធប្រតិកម្មរហ័សទប់ទល់នុយក្លេអ៊ែរ បានស្ទុះប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា សមយុទ្ធសង្គ្រាមនុយក្លេអ៊ែររបស់កូរ៉េខាងជើងនាពេលនេះ គឺធ្វើឡើង១ថ្ងៃប៉ុណ្ណោះ បន្ទាប់របបផ្តាច់ការនេះ បានធ្វើបាញ់បង្ហោះសាកល្បងនូវមីស៊ីលបាលីស្ទិកចំងាយខ្លីជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ឧសភា។ មីស៊ីលទាំងនេះ បានធ្លាក់ក្នុងសមុទ្រជប៉ុន ចម្ងាយប្រមាន៨០០គីឡូម៉ែត្រពីឆ្នេរ។
គួរកត់សំគាល់ថា សកម្មភាពផលិតអាវុធយុទ្ធភណ្ឌ និងការធ្វើលំហាត់សឹករបស់កូរ៉េខាងជើង គឺមានភាពសកម្មខ្លាំងណាស់ ប៉ុន្មានខែមកនេះ។ កាលពីថ្ងៃទី២៨មេសា កូរ៉េខាងជើងបានបង្ហាញនាវាចម្បាំងប្រភេទថ្មីមួយគ្រឿង ឈ្មោះថា Choe Hyon។ នៅថ្ងៃអួតបង្ហាញ នាវាដែលមានទម្ងន់៥០០០តោននេះ បាញ់មីស៊ីលបាលីស្ទិកក្រ័រស្យែជាច្រើនគ្រាប់ថែមទៀតផង។ ហើយបើយោងតាមការវិភាគរបស់អ្នកជំនាញខ្លះ នាវានេះ អាចមានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែរតាក់ទិក ថ្វីបើសម្រាប់ពេលនេះ កូរ៉េខាងជើងនៅមិនទាន់អួតអះអាងថា ខ្លួនអាចមានសមត្ថភាពបំព្រួញគ្រាប់នុយក្លេអ៊ែរឲ្យតូច ដាក់ក្នុងមីស៊ីលក្រ័រស្យែនៅឡើយ។ ហើយកាលពីដើមសប្តាហ៍នេះ មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន បានចុះទៅពិនិត្យមើលរោងចក្រផលិតរថក្រោះ ផលិតគ្រាប់កាំភ្លើងតូចធំថែមទៀតផង។ សកម្មភាពរោងចក្រផលិតគ្រាប់ ដែលបានកើនឡើងយ៉ាងសកម្មភាព នាប៉ុន្មានខែចុងក្រោយនេះ ទៅតាមការចង់បានរបស់ លោក គីម ជុងអ៊ុន។
ផ្អែកការសង្ស័យ របស់កងទ័ពកូរ៉េខាងត្បូង ក៏ដូចជាការវិភាគរបស់អ្នកជំនាញ គ្រាប់មីស៊ីល ក៏ដូចជាគ្រឿងសព្វាវុធ ដែលរបបផ្តាច់ការកូរ៉េខាងជើងកំពុងខំផលិតយ៉ាងសស្រាក់សស្រាំនេះ គឺកូរ៉េខាងជើងគ្រោងបញ្ជូន យកទៅជួយរុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន។ កូរ៉េខាងជើងនិងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពយោធាជាមួយគ្នា កាលពីខែមិថុនា២០២៤។ មិនត្រឹមតែបញ្ជូនទាហានទៅជួយច្បាំងរុស្ស៊ីប៉ុណ្ណោះទេ កូរ៉េខាងជើងបានបញ្ជូនអាវុធទៅជួយថែមទៀត។ ជាក់ស្តែង លោកហ្សេឡេនស្គីបានអះអាងថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់របស់កូរ៉េខាងជើង សម្លាប់ប្រជាជនស៊ីវីលអ៊ុយក្រែន ចំនួន១២នាក់នៅទីក្រុងកៀវ កាលពីថ្ងៃទី១២មេសា។ អ្នកជំនាញបានអះអាងដែរថា នាវាចម្បាំងថ្មីទំនើបរបស់កូរ៉េខាងជើងឈ្មោះ Choe Hyon គឺរុស្ស៊ីបានជួយសាងសង់ តាមរយៈការប្រគល់បច្ចេកវិទ្យា ជាថ្នូរនឹងការដែលកូរ៉េខាងជើង បញ្ជូនទ័ពបញ្ជូនគ្រាប់ទៅជួយរុស្ស៊ី នៅឯសមរភូមិអ៊ុយក្រែន៕
ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា
