អ៊ុយក្រែននិង​អឺរ៉ុបរួមគ្នា​បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញ កាត់ទោសសង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី
  • ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០០ នាទី រសៀល
អ៊ុយក្រែននិង​អឺរ៉ុបរួមគ្នា​បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញ កាត់ទោសសង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុប រួមជាមួយនឹងអ៊ុយក្រែន បាន​សម្រេចអនុម័តជា​ផ្លូវការ ថ្ងៃទី​៩ឧសភា បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញមួយ​ ដើម្បី​កាត់ទោសរុស្ស៊ី​ស្តីពី​អំពើឧក្រិដ្ឋឈ្លានពានអ៊ុយក្រែន​។ ថ្នាក់ដឹកនាំអ៊ុយក្រែន​ រំពឹងសង្ឃឹមថា អង្គជំនុំជម្រះវិសាមញ្ញ នឹងកាត់ទោស​មេដឹកនាំកំពូលៗ​របស់រុស្ស៊ី ក្នុងនោះមាន​លោក​ពូទីនជាដើម ដើម្បី​​ស្វែងរកយុត្តិធម៌ ជូន​ប្រទេសក៏ដូចជាប្រជាជនអ៊ុយក្រែន។

TTN-Free-Banner-In-Article-PC

រដ្ឋមន្ត្រីការបរទេសមកពីបណ្តា​ប្រទេសអឺរ៉ុបប្រមាណ​៤០ប្រទេស បានសម្រេចអនុម័ត​ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ផ្តួចផ្តើម​ឈានទៅ​បង្កើតជាផ្លូវការ​ នូវ​អង្គជំនុំជម្រះវិសាមញ្ញមួយ ដើម្បី​កាត់ទោសនូវឧក្រិដ្ឋកម្ម​ទាំងឡាយ បង្កឡើងដោយសង្គ្រាម​ឈ្លានពាន​​របស់​​រុស្ស៊ី ចាប់ពីថ្ងៃទី២៤កុម្ភៈ២០២២។ ការសម្រេចនេះ ត្រូវបាន​ធ្វើ​ឡើងនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន ថ្ងៃទី​៩ឧសភា ជួនចំពេលដែលនៅទីក្រុងម៉ូស្គូឯនោះ លោកពូទីនរៀបចំ​កម្មវិធីដើរដង្ហែក្បួនយោធា រំឭកជ័យជំនះកាលពីជំនាន់សង្គ្រាមលោកលើកទី​២​។

លោកស្រី Kaja Kallas ប្រមុខការទូតសហភាពអឺរ៉ុប ដែលដឹកនាំកិច្ចប្រជុំនេះ បាន​លើកឡើងថា អង្គជំនុំជម្រះដែលនឹងចាប់បដិសន្ធិក្នុងពេល​អនាគតនេះ នឹង​ប្រើគ្រប់មធ្យោបាយ​គត្តិយុត្តិ ដើម្បីកាត់ទោសមនុស្ស​ទាំងអស់ ដែលមានចំណែកទទួលខុសត្រូវក្នុងសង្គ្រាមឈ្លានពាន​ ដែលរុស្ស៊ីបានធ្វើមកលើអ៊ុយក្រែន​។ លោកស្រីអះអាងថា គេបានប្រមូលចងក្រងឯកសារ​ទុកទាំងអស់ គ្រប់វិនាទីគ្រប់ម៉ែត្រការ៉េនៃការឈ្លានពានរបស់រុស្ស៊ី ចូលមកក្នុងទឹកដីអ៊ុយក្រែន​។

ជាមួយគ្នានេះដែរ លោកស្រីប្រមុខការទូតអឺរ៉ុប បានរិះគន់​ថ្នាក់ដឹកនាំប្រទេសជាង​២០ប្រទេស ដែលមានវត្តមាននៅក្នុងកម្មវិធីដង្ហែរក្បួន​យោធារៀបចំដោយ​លោកពូទីន នៅឯម៉ូស្គូ។ លោកស្រះលើកឡើងថា អ្នកដែលស្រលាញ់និងចង់បានសន្តិភាពពិត មិនត្រូវទៅអង្គុយជាមួយរុស្ស៊ីទេ ត្រូវតែមកអង្គុយជាមួយ​អ៊ុយក្រែនទើបត្រឹមត្រូវ។​ លោកស្រីបញ្ជាក់ទៀតថា កាលពី៨០ឆ្នាំមុន របបណាស៊ីសរបស់អ៊ីទ្លែរបានទម្លាក់គ្រាប់បែក​ឈ្លានពានអ៊ុយក្រែន ហើយបច្ចុប្បន្ននេះ គឺរុស្ស៊ីកំពុងតែឈ្លានពានអ៊ុយ​ក្រែន​។

លោកAndriï Sybiga រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនវិញ បាន​លើកឡើងថា​ វាជារឿងចាំបាច់ណាស់ ដែល​មេដឹកនាំកំពូលរបស់រុស្ស៊ី រាប់ទាំងប្រធានាធិបតីពូទីន រដ្ឋមន្ត្រីការពារជាតិ និង​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ត្រូវតែទទួលទោសនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។ ថ្លែងពីចម្ងាយតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ លោក​ហ្សេឡេនស្គី​ បាន​លើកឡើងថា ពូទីន​ហ៊ានធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន ក៏ដោយសារតែពូទីនបានចិត្ត ​ព្រោះសង្គ្រាមឈ្លានពាន​ដែលពូទីន​ធ្វើ​លើកមុនៗ គ្មាននរណា​ហ៊ានចាប់ផ្តន្ទាទោសពូទីនទេ ។ លោកហ្សេឡេនស្គី បាន​សង្កត់បន្ថែមថា ពូទីនមិនខុសអ្វីពីជនអន្ធពាល​ ឬឧក្រិដ្ឋជនដែល​មិនដែល​ទទួលទោស​កំហុសនោះឡើយ​។

សូមបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ ធ្លាប់បានចេញ​ដីកាអន្តរជាតិ តាមចាប់មេដឹកនាំរុស្ស៊ីជាច្រើននាក់ ក្នុងនោះ​ក៏មានលោក​ប្រធានាធិបតីពូទីនដែរ។ តែយ៉ាងណា តុលាការព្រហ្មទណ្ឌអន្តរជាតិមិនមានអំណាចយុត្តាធិការ​កាត់ទោសប្រទេសរុស្ស៊ីទេ ដោយសារតែរុស្ស៊ីមិនមែនជាប្រទេសហត្ថលេខីទទួលស្គាល់តុលាការនេះ​។ ដោយ​ហេតុនេះ​ហើយ ទើប​មានគំនិត​ផុស​ឡើង ឲ្យ​បង្កើតអង្គជំនុំជម្រះវិសាញ្ញដើម្បីកាត់ទោស​រុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន​។ អង្គជំនុំជម្រះពិសេសនេះនឹងធ្វើការយ៉ាងស្អិតល្មួតជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ។

ដោយឡែក ទាក់ទិននឹងសមរភូមប្រយុទ្ធនៅអ៊ុយក្រែនវិញ លោក​ដូណាល់ ត្រាំ ទើបតែបាន​ប្រកាសជាឯកត្តោភាគី ដាក់កំហិត​ឲ្យមាន​ ការផ្អាកការប្រយុទ្ធទាំងស្រុង ជា​បណ្តោះអាសន្នរយៈពេល​៣០ថ្ងៃ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់​។ នៅលើបណ្ដាញសង្គមX លោកដូណាល់ ត្រាំ បានបង្ហោះសារថា អ៊ុយក្រែនបានព្រមព្រៀង​លើចំណុចនេះ​ជិត​២ខែ​ហើយ នៅឡើយតែរុស្ស៊ីទេ ដូច្នេះ​រុស្ស៊ីត្រូវឆ្លើយយល់ព្រមនៅពេលនេះ​។ លោកត្រាំបាន​បន្ថែមទៀតថា ប្រសិនបើរុស្ស៊ីនៅតែរឹងរូសមិនព្រម សហរដ្ឋអាមេរិក​សហការជាមួយ​ក្រុមប្រទេសអឺរ៉ុប នឹងចាត់វិធានការទណ្ឌកម្មយ៉ាងធ្ងន់បំផុត​។ ភ្លាមៗក្រោយ​ការប្រកាសរបស់​លោកដូណាល់ ត្រាំនេះ ប្រមុខដឹកនាំ​បារាំង អង់គ្លេស អាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបខាងជើង បាន​ប្រកាសគាំទ្រជាបន្តបន្ទាប់៕

ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other