- ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី យប់

សៀមរាប៖ យុវជនមកពីបណ្ដាក្រុង-ស្រុក ក្នុងខេត្តសៀមរាបសរុប២០០នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច ដោយសិក្សារយៈពេលខ្លី ដែលរៀបចំឡើងដោយ សមាគមក្លឹបទេសចរណ៍សៀមរាប (STC)។ នេះជាវគ្គសិក្សាទី៣ហើយ ដែលសមាគមរៀបចំឡើង ដើម្បីរួមចំណែកស្ដារឡើងវិញនូវវិស័យទេសចរណ៍ខេត្តសៀមរាប។
វិបត្តិកូវីដ១៩ ធ្វើឱ្យធនធានមនុស្សក្នុងវិស័យបដិសណ្ឋារកិច្ចនេះ ចាកចេញយ៉ាងគំហុកទៅប្រកបរបរការងារដទៃ។ ការណ៍នេះ បណ្ដាលឱ្យមានកង្វះធនធានជាច្រើន ខណៈដែលវិស័យនេះងើបឡើងវិញក្រោយស្ងប់ស្ងាត់ជំងឺឆ្លងនេះ។
លោក សែត កៅ ប្រធាន STC
ដោយមានការគាំទ្របដិភាគហិរញ្ញវត្ថុពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយប្រើប្រាស់កម្មវិធីបណ្ដុះបណ្ដាលហូកា (HOKA) របស់ក្រសួងទេសចរណ៍ សមាគមក្លឹបទេសចរណ៍សៀមរាប ចាប់ផ្តើមបើកជ្រើសរើសយុវជនដើម្បីចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច ដែលចាប់ផ្តើមដំបូងនៅឆ្នាំ២០២៣។ បើតាមលោក សែត កៅ ប្រធានសមាគម STC ក្នុងវគ្គទី១ មានសិក្ខាកាម៣០០នាក់ វគ្គទី២ ២០០នាក់ និងវគ្គទី៣នេះ មានចំនួន ២០០នាក់ ដែលចាប់ផ្តើមចូលរៀនពីដើមឆ្នាំ២០២៥មក។
អ្នកឯកទេសអភិវឌ្ឍន៍ជំនាញនៃមូលនិធិអភិវឌ្ឍន៍ជំនាញ លោក ញ៉ែម ដាវីត បានលើកឡើងថា ចាប់ពីឆ្នាំ២០១៨ ដល់២០២៤ SDF បានផ្តល់ថវិកាបដិភាគដើម្បីគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលមូលធនក្នុងវិស័យទេសចរណ៍ក្នុងទំហំទឹក ប្រាក់ជិត ៤លានដុល្លារ ដែលមានសិក្ខាកាមជាង៤ពាន់នាក់។ ក្នុងនោះ ស្រី្ត២ពាន់នាក់ ស្មើនឹងជិត ៥០ភាគរយ។
ពិធីបើកវគ្គបណ្ដុះបណ្ដាល នៅថ្ងទី៨ ខែឧសភា ឆ្នាំ២០២៥។
ចំពោះការគាំទ្រដល់សមាគមក្លឹបទេសចរណ៍សៀមរាបដល់វគ្គទី៣នេះ SDF បានសម្រេចអនុម័តគម្រោង សំណើរចំនួន៩រួចមកហើយ ដែលចាប់ពីឆ្នាំ២០២៣មក សរុបថវិកាប្រមាណ៩០ម៉ឺនដុល្លារ ដែលមានសិក្ខាកាមសរុប ៧០០នាក់ ក្នុងនោះស្រ្តី ៤២០នាក់។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគម្រោង ហូកា បានសាទរដល់ SDF ដែលបានរួមចំណែកស្ដារឡើងវិញនូវវិស័យទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍របស់លោក ប៉ាក់ សុខុមបានបង្ហាញថា តាមរយៈការបណ្ដុះចំនួន២លើក របស់ STC នាពេលកន្លងមក ក្នុងចំណោមសិក្ខាកាម ៥០០នាក់ គឺសុទ្ធសឹងទទួលបានការងារគ្រប់ៗគ្នា។ ពួកគេបាន និងកំពុងចូលរួមបម្រើការងារ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងខេត្តសៀមរាប និងបណ្ដាខេត្ត/ក្រុងមួយចំនួន។
ជាមួយគ្នានេះ លោក ប៉ាក់ សុខុម បានផ្តាំផ្ញើដល់យុវជនដែលជាសិក្ខាកាមទាំងអស់ ត្រូវតស៊ូ និងអត់ធ្មត់ ក្នុងការសិក្សាឱ្យបានចប់ចុងចប់ដើម ដើម្បីទទួលបានជំនាញ និងការងារដ៏ល្អមួយនាពេលអនាគត។ បន្ថែមពីនេះ លោករដ្ឋលេខាធិការក៏បានណែនាំដល់យុវជន សិក្សាភាសាអង់គ្លេស និងរៀនប្រើកុំព្យូទ័រ ដើម្បីភាពងាយស្រួលពេលចេញធ្វើការផងដែរ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ចវគ្គទី៣ ដែលរៀបចំឡើងដោយ STC ត្រូវបានរៀបចំពិធីបើកជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា នៅសណ្ឋាគារមេម៉រ ផាឡេស រីសត និងស្ប៉ា។ ជំនាញបដិសណ្ឋារកិច្ចដែលសិក្ខាកាមរៀន រួមមានជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងចុងភៅ។ សិក្ខាកាមនឹងសិក្សាទ្រឹស្តីរយៈពេល៤ និងចុះហាត់ការ៤ខែ។ ក្រោយបញ្ចប់វគ្គ ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីក្រសួងទេសចរណ៍៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
