- ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៦:៣០ នាទី ល្ងាច

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ការចូលរួមរបស់ក្រុងព្យុងយ៉ាងក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺមានភាពយុត្តិធម៌ទាំងស្រុង។ លោក ហៅថា នេះជាទង្វើដើម្បីការពារ «ប្រទេសជាបងប្អូន»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១០ ខែឧសភា ។
សេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយ KCNA លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ៖ « ការចូលរួមរបស់យើងនៅក្នុងជម្លោះ គឺស្របច្បាប់ និងស្ថិតនៅក្នុងសិទ្ធិអធិបតេយ្យភាព ដែលមិនអាចរំលោភបាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ»។
មេដឹកនាំកូរ៉េខាងជើង ក៏បានគោរពវិញ្ញាណក្ខន្ធពិសេសដល់ទាហានរបស់ប្រទេសខ្លួន ដែលបានប្រយុទ្ធនៅក្នុងតំបន់ Kursk ដោយហៅពួកគេថា «វីរបុរស ដែលជាតំណាងដ៏ថ្លៃថ្នូនៃកិត្តិយសជាតិ»។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរក្នុងការងាកទៅរកសកម្មភាពយោធា ប្រសិនបើអាម៉េរិកបន្តនូវអ្វីដែលលោកហៅថា «ការបង្កហេតុខាងយោធាប្រឆាំងនឹងរុស្ស៊ី»។
គិតត្រឹមចុងខែមេសា ឆ្នាំ២០២៥ កូរ៉េខាងជើងបានបញ្ជាក់ជាផ្លូវការអំពីខ្លួនបានដាក់ពង្រាយទាហានជាង ១ម៉ឺននាក់ទៅកាន់រុស្ស៊ី ក៏ដូចជាការផ្តល់អាវុធដល់ទីក្រុងមូស្គូ ក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងយ៉ាងខ្លាំង តាមរយៈសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤។
យោងតាមសេវាស៊ើបការណ៍យោធាអ៊ុយក្រែន (GUR) នៅខែធ្នូ ឆ្នាំ២០២៤ ទាហានកូរ៉េខាងជើងប្រហែល ៣០នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងអ៊ុយក្រែននៅជិតតំបន់ព្រំដែន Kursk របស់រុស្ស៊ី។
មន្ត្រីយោធាអ៊ុយក្រែនម្នាក់បាននិយាយថា កងកម្លាំងកូរ៉េខាងជើងបានដកខ្លួនចេញពីតំបន់ Kursk តាំងពីខែកុម្ភៈ ឆ្នាំ២០២៥។
របាយការណ៍របស់ GUR ដែលត្រូវបានបង្ហោះនៅលើ Telegram បានសរសេរថា ការស្លាប់និងរបួសនេះ បានកើតឡើងនៅជុំវិញភូមិចំនួន៣ នៅក្នុងតំបន់ Kursk ជាកន្លែងដែលប្រទេសរុស្ស៊ី កំពុងព្យាយាមវាយលុកការវាយប្រហាររបស់អ៊ុយក្រែនក្នុងរយៈពេល ៤ខែកន្លងមកនេះ។
ពីទីក្រុងវ៉ាស៊ីនតោន សេតវិមានបានប្រកាសថា ពួកគេជឿថា កងកម្លាំងយោធាកូរ៉េខាងជើង មិនត្រឹមតែមានវត្តមាននៅលើសមរភូមិរុស្ស៊ី-អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជួរមុខ និងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់អ៊ុយក្រែន៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
