- ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី ព្រឹក

ពាណិជ្ជកម្មសកលបានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតនៅខែមេសា ក្នុងរយៈពេលជាង ២ឆ្នាំ។ នេះបើយោងតាមការស្ទង់មតិសន្ទស្សន៍អ្នកគ្រប់គ្រងការទិញសកល (PMI) របស់ S&P Global។
ការស្ទង់មតិ PMI សកលធ្វើឡើងដោយ S&P Global Market Intelligence បានបង្ហាញថា សន្ទស្សន៍ការបញ្ជាទិញនាំចេញថ្មីសកលបានធ្លាក់ចុះដល់ ៤៧,៥ក្នុងខែមេសា ពី ៥០,១ក្នុងខែមីនា។ នេះគឺជាកម្រិតទាបបំផុតចាប់តាំងពីចុងឆ្នាំ២០២២ និងទាបជាងមធ្យមភាគរយៈពេលវែង។ PMI ក្រោម ៥០ បង្ហាញពីសកម្មភាពផលិតកម្មធ្លាក់ចុះ។
បន្ទាប់ពីមានស្ថិរភាពនៅចុងត្រីមាសទី១ លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិកាន់តែអាក្រក់កាលពីខែមុន ដោយសារតែផលប៉ះពាល់នៃពន្ធបន្ថែមដែលដាក់ដោយរដ្ឋបាល ត្រាំ ។ នេះបើយោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាម៉េរិក។
ការនាំចេញទំនិញក៏បានវិលទៅរកនិន្នាការធ្លាក់ចុះដែរ ដោយបញ្ចប់រយៈពេលខ្លីនៃស្ថិរភាព។ ការធ្លាក់ចុះនេះគឺខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២៣។
ក្រុមហ៊ុនដែលបានស្ទង់មតិបាននិយាយថា ពួកគេកំពុងចាប់ផ្តើមមានអារម្មណ៍ថា មានផលប៉ះពាល់នៃការប្រកាសពន្ធគយទៅវិញទៅមករបស់អាម៉េរិកនៅថ្ងៃទី២ ខែមេសា។ ទោះជាយ៉ាងណា ស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗ ដោយសារប្រតិបត្តិការកាលពីខែមុន នៅតែត្រូវបានគាំទ្រដោយអាជីវកម្មដែលទាញយកអត្ថប្រយោជន៍ពីការនាំចូលទំនិញអំឡុងពេលផ្អាករយៈពេល ៩០ថ្ងៃ។
អ្នកសេដ្ឋកិច្ចព្យាករថា ស្ថានភាពប្រញាប់ប្រញាល់នាំចូលនឹងបន្ត។ លោក Christopher Rupkey ប្រធានសេដ្ឋវិទូនៅ FWDBonds បាននិយាយថា ៖« អាជីវកម្មកំពុងស្វែងរកនូវពេលវេលាដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែអ្វីដែលអាក្រក់បំផុតមិនទាន់មកដល់នៅឡើយ»។
ដូច្នេះ ទំនុកចិត្តអាជីវកម្មក្នុងវិស័យផលិតកម្មបានធ្លាក់ចុះយ៉ាងខ្លាំង។ សន្ទស្សន៍នៃការរំពឹងទុកទិន្នផលនាពេលអនាគត បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែតុលាឆ្នាំ ២០២២ ដោយខិតជិតដល់កម្រិតនៃឆ្នាំ ២០១៩ ដែលជាពេលវេលានៃការគាំពារពាណិជ្ជកម្មនៅក្នុងអាណត្តិដំបូងរបស់លោក ដូណាល់ ត្រាំ ។
ការនាំចេញសេវាកម្មក៏បានធ្លាក់ចុះនៅក្នុងខែមេសាជាលើកដំបូងចាប់តាំងពីចុងឆ្នាំ ២០២៣។ អត្រានៃការធ្លាក់ចុះនេះ គឺតិចតួច ប៉ុន្តែវានៅតែជាកម្រិតខ្លាំងបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។
ក្នុងចំណោមប្រទេសសេដ្ឋកិច្ចពាណិជ្ជកម្មធំបំផុតទាំង ១០ របស់ពិភពលោក មានតែឥណ្ឌាប៉ុណ្ណោះដែលបានកត់ត្រាការកើនឡើងនៃការនាំចេញនៅក្នុងខែមេសា។ ប្រទេសនេះ មានការកើនឡើងខ្ពស់បំផុតទីពីរនៃការបញ្ជាទិញពីបរទេសក្នុងរយៈពេលជាង ១៤ឆ្នាំ ដោយសារដៃគូរប្រញាប់ប្រញាល់ដើម្បីធ្វើការបញ្ជាទិញមុនពេលពន្ធកើនឡើង។
ផ្ទុយទៅវិញ អង់គ្លេសបានឃើញការធ្លាក់ចុះខ្លាំងបំផុតក្នុងការនាំចេញទំនិញនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ តាមពីក្រោយដោយកាណាដា។ ការនាំចេញទំនិញរបស់អាម៉េរិកបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិតពីរឆ្នាំ។
បើតាមការស្ទង់មតិរបស់ Reuters របស់អ្នកសេដ្ឋកិច្ចចំនួន ៣២នាក់ តម្លៃនៃការនាំចេញរបស់ប្រទេសចិននៅក្នុងខែមេសាត្រូវបានព្យាករថា នឹងកើនឡើងត្រឹមតែ ១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ គឺធ្លាក់ចុះយ៉ាងខ្លាំងពី ១២,៤ភាគរយនៅក្នុងខែមីនា។ តួលេខនាំចេញផ្លូវការរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងចេញនៅថ្ងៃទី ៩ ខែឧសភា៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
