- ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:៤០ នាទី ព្រឹក

ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានស្នើឱ្យរុស្ស៊ី និងអ៊ុយក្រែនបន្តការចរចាផ្ទាល់ ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីបង្កើតសន្តិភាព និងដោះស្រាយ«មូលហេតុឫសគល់នៃជម្លោះ»កន្លងមកនេះ។
« រុស្ស៊ីមិនមែនជាអ្នកបញ្ចប់ការចរចា ជាឯកតោភាគីនៅឆ្នាំ ២០២២ ទេ ប៉ុន្តែអ៊ុយក្រែន »។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានក្រឹមឡាំង កាលពីថ្ងៃទី១០ ខែឧសភា។
លោក ពូទីន បានស្នើឱ្យភាគីទាំងពីរជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួគីនៅ ថ្ងៃទី១៥ ខែឧសភា ដោយបញ្ជាក់ថា ទីក្រុងម៉ូស្គូប្តេជ្ញាចរចាយ៉ាងម៉ត់ចត់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ ។ លោកសង្កត់ធ្ងន់ថា ការសម្រេចចិត្តឥឡូវនេះ ជារបស់អ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី ក៏បានចោទប្រកាន់កងទ័ពអ៊ុយក្រែនថាបានឆ្លងព្រំដែននិងចូលទឹកដីរុស្ស៊ីចំនួន ៥លើក ក្នុងរយៈពេល ៣ថ្ងៃ ដែលក្រុងមូស្គូបានអនុវត្តបទឈប់បាញ់ជាឯកតោភាគី។
«បទឈប់បាញ់ពិតប្រាកដមួយ ដែលត្រូវបានគោរពដោយភាគីទាំងពីរ នឹងក្លាយជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង មិនមែនជាលក្ខខណ្ឌជាមុនសម្រាប់ការបន្តជម្លោះ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានវាយបក និងបំពេញបន្ថែមកងកម្លាំងរបស់ខ្លួន ក៏ដូចជាការកសាងបណ្តាញខ្សែការពារ និងបន្ទាយរឹងមាំ»។ លោក ពូទីន បញ្ជាក់បែបនេះ។
ជុំវិញនៃព័ត៌មានខាងលើនេះ មន្ត្រីអ៊ុយក្រែនមិនបានប្រតិកម្មអ្វីឡើយ។
រុស្ស៊ី និងអ៊ុយក្រែន បានចរចានៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីក្នុងខែមីនា ឆ្នាំ២០២២ ដើម្បីបញ្ចប់សង្រ្គាម។ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានបង្ហើបថា ក្រុងកៀវបានយល់ព្រមមិនស្នើឱ្យក្រុងម៉ូស្គូដកកងទ័ពចេញពីឧបទ្វីបគ្រីមៀ ក្នុងដំណាក់កាលដំបូងនៃដំណើរការសន្តិភាព។ លោកប្រធានាធិបតី ពូទីន និងសមភាគីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចាដោយផ្ទាល់លើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងដំណាក់កាលទីពីរ។
ភាគីទាំងពីរហាក់ដូចជាបានឈានដល់កិច្ចព្រមព្រៀងព្រាងមួយ ប៉ុន្តែការពិភាក្សាបានជាប់គាំង មុនពេលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សម្រេចចិត្តបញ្ចប់ការចរចានៅខែមេសា ឆ្នាំ២០២២។
នៅខែមិថុនា ឆ្នាំ២០២៣ ប្រធានាធិបតី ពូទីន បានប្រកាសជាសាធារណៈនូវសេចក្តីព្រាងច្បាប់ដែលមានចំណងជើងថា «សន្ធិសញ្ញាស្តីពីស្ថានភាពអព្យាក្រឹតអចិន្ត្រៃយ៍ និងការធានាសន្តិសុខរបស់អ៊ុយក្រែន»ដោយសង្កត់ធ្ងន់ថា ប្រធានគណៈប្រតិភូចរចាអ៊ុយក្រែនបានចាប់ផ្តើមឯកសារនេះ។
សេចក្តីព្រាងច្បាប់នេះមានបទប្បញ្ញត្តិចំនួន១៨ ដែលគ្របដណ្តប់អព្យាក្រឹតភាព និងទំហំនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ក៏ដូចជាការធានាសន្តិសុខសម្រាប់ប្រទេសនេះនៅពេលដែលជម្លោះបានបញ្ចប់។ តាមនោះ អ៊ុយក្រែនបានសន្យាថានឹងដាក់«អព្យាក្រឹតភាព»ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ខណៈរុស្ស៊ី អាម៉េរិក អង់គ្លេស ចិន តួកគី និងបេឡារុសនឹងក្លាយជាប្រទេសដែលធានាសន្តិសុខរបស់ប្រទេស។
រុស្ស៊ីអះអាងថា ការបន្តចូលជាសមាជិកណាតូរបស់អ៊ុយក្រែន ជាហេតុផលមួយនៃជម្លោះ។ អ៊ុយក្រែនបានបញ្ចូលគោលដៅនេះនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៩ របស់ខ្លួន បើទោះបីជាមានការព្រមានពីរុស្ស៊ីថា លទ្ធភាពនៃការដាក់ពង្រាយកងកម្លាំង និងសព្វាវុធរបស់ណាតូនៅជិតព្រំដែននឹងបង្កើតការគំរាមកំហែងសន្តិសុខដែលមិនអាចទទួលយកបាន៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
