ស៊ូដង់៖ស្លាប់ជាង ៣០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសជាថ្មីរបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា
  • ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
ស៊ូដង់៖ស្លាប់ជាង ៣០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសជាថ្មីរបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា

នៅស៊ូដង់ នាថ្ងៃសៅរ៍ ទី១០ ឧសភា យ៉ាងហោចណាស់មនុស្សចំនួនជាង ៣០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហាររបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា ទៅលើជំរំជនភៀសខ្លួនស៊ូដង់ និង ពន្ធនាគារមួយកន្លែង។ រដ្ឋាភិបាលស៊ូដង់និងអង្គការ Amnesty International បានចោទប្រកាន់អេមីរ៉ាតអារ៉ាប់រួម ថាជាអ្នកផ្គត់ផ្គង់អាវុធចិនដល់ក្រុមប្រដាប់អាវុធស៊ូដង់។
TTN-Free-Banner-In-Article-PC


នៅស៊ូដង់ នាយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី១០ ឧសភា ក្រុមប្រដាប់អាវុធទាហានប៉ារ៉ាស៊ូដង់បានបើកការវាយប្រហារទម្លាក់គ្រាប់និងដោយដ្រូន ទៅលើទីតាំងពីរកន្លែងផ្សេងគ្នា។ ទីតាំងទី១ នៅជំរំជនភៀសខ្លួន អាប៊ូ ឈូក Abou Chouk នៅតំបន់ដារហ្វួរខាងជើង (Darfour-Nord) ដែលស្ថិតនៅភាគខាងលិចប្រទេស ដោយបានផ្តាច់ជីវិតជនស៊ីវិលស៊ូដង់មួយគ្រួសារ ប្រមាណ១៤នាក់។ ទីតាំងទី២ នៅមន្ទីឃុំឃាំងមួយកន្លែង ក្នុងរដ្ឋ កូរដូហ្វង់ខាងជើង (Kordofan-Nord) នៅភាគខាងត្បូងប្រទេស បណ្តាលឲ្យអ្នកទោស ១៩នាក់ ស្លាប់បាត់បង់ជីវិត និង មនុស្ស ៤៥នាក់ផ្សេងទៀត រងរបួស។ បើគិតមកត្រឹមថ្ងៃសៅរ៍ ទី១០ ឧសភា យ៉ាងហោចមនុស្ស ៣៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមជួយសង្រ្គាះស្ម័គ្រចិត្តនិងក្រុមគ្រូពេទ្យ។

ចំណែកឯ កងទ័ពរដ្ឋាភិបាលស៊ូដង់ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ អាប់ឌែល ហ្វាតា អាល់ បួរ៉ាន (Abdel Fattah al-Burhane) ក៏បានវាយបកវិញតាមផ្លូវអាកាស ដោយបានកម្ទេចឃ្លាំងស្តុកអាវុធជាច្រើនកន្លែង និង គ្រឿងសព្វាវុធយោធារបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា នៅទីក្រុង នីយ៉ាឡា (Nyala) និង អែល ហ្គេណេណា (El Geneina) នៅតំបន់ដារហ្វួរខាងលិច។ នេះបើយោងតាមប្រភពកងទ័ពរដ្ឋាភិបាលប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP។

រដ្ឋាភិបាលស៊ូដង់និងអង្គការ Amnesty International បានចោទប្រកាន់អេមីរ៉ាតអារ៉ាប់រួម ថាជាអ្នកផ្គត់ផ្គង់អាវុធចិនដល់ក្រុមប្រដាប់អាវុធស៊ូដង់។ ទង្វើនេះជាការរំលោភបំពានបម្រាមរបស់អង្គការសហប្រជាជាតិ។ អេមីរ៉ាតអារ៉ាប់រួមបានច្រានចោលរាល់គ្រប់ពាក្យចោទប្រកាន់ដោយបដិសេធថាមិនបានជ្រៀតជ្រែកក្នុងជម្លោះនៅស៊ូដង់។

សូមរំឭកថា តាំងពីថ្ងៃទី១៥ មេសា ជម្លោះរវាងកងទ័ពរបស់ឧត្តមសេនីយពីររូបគឺលោកអាប់ឌែល ហ្វាតា អាល់ បួរ៉ានដែលជាអគ្គមេបញ្ជាការកងទ័ពជាតិ និងលោកម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ ដែលជាមេបញ្ជាការក្រុមប្រដាប់អាវុធទាហានប៉ារ៉ា បានបណ្តាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ និង មានអ្នកបម្លាស់ទីក្នុងស្រុក និងអ្នកភៀសខ្លួនចេញពីស្រុកកំណើតសរុបជាង ១៣លាននាក់។ បើយោងតាមអង្គការសហប្រជាជាតិ នេះគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅក្នុងសកលលោក។

ការប្រឈមមុខដាក់គ្នារវាងឧត្តមសេនីយជើងខ្លាំងទាំងពីររូបកំពុងបន្តមាន និង បើតាមមើលទៅ គ្មាននរណាម្នាក់សុខចិត្តលើកទង់ជាតិ ស ឬមួយក៏ធ្វើសម្បទានឲ្យនរណាម្នាក់ឡើយ។ បច្ចុប្បន្ននេះ កងទ័ពរដ្ឋាភិបាល គ្រប់គ្រងនៅតំបន់ភាគកណ្តាល ភាគខាងកើត និង ភាគខាជើងស៊ូដង់។ រីឯ ក្រុមប្រដាប់អាវុធទាហានប៉ារ៉ាវិញ កាន់កាប់ភាគខាងលិចនៃតំបន់ដារហ្វួរ ស្ទើរតែទាំងស្រុង និង តំបន់ខាងត្បូងមួយផ្នែក៕ 

ដោយ៖ទន់ ពុទ្ធពិសិដ្ឋ / RFI ខេមរភាសា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other