- ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:៤០ នាទី រសៀល

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានពណ៌នាថ្ងៃដំបូងនៃការចរចារវាងអាម៉េរិក និងចិនថា«មានការរីកចម្រើនដ៏អស្ចារ្យ»។ យ៉ាងណាមិញ លោកមិនបានទម្លាយខ្លឹមសារនៃកិច្ចប្រជុំទាំងនោះឡើយ។
« កិច្ចប្រជុំល្អណាស់នៅថ្ងៃនេះ ជាមួយភាគីចិនក្នុងប្រទេសស្វីស។ បញ្ហា និងខ្លឹមសារជាច្រើនត្រូវបានពិភាក្សា និងយល់ព្រម»។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះខ្លឹមសារបែបនេះ នៅលើបណ្តាញសង្គម Truth Social ជុំវិញថ្ងៃដំបូងនៃការចរចាររវាងគណៈប្រតិភូពាណិជ្ជកម្មអាម៉េរិក និងចិន នាថ្ងៃទី១០ ខែឧសភា។
យ៉ាងណាមិញ លោកមិនបានបង្ហាញពីវឌ្ឍនភាពជាក់លាក់ណាមួយ ដែលត្រូវបានបង្កើតឡើងនោះទេ។ ផ្ទុយទៅវិញ លោក បានអំពាវនាវឱ្យចិនបើកទូលាយដល់អាជីវកម្មរបស់អាម៉េរិក ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។
នៅថ្ងៃដំបូងនៃការចរចា ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានជួបសន្ទនាដោយផ្ទាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer នៅ Villa Saladin ក្បែរទីស្នាក់ការអង្គការសហប្រជាជាតិរហូតដល់រយៈពេលជិត៨ម៉ោង ។ នេះជាទំនាក់ទំនងកម្រិតខ្ពស់លើកដំបូង ចាប់តាំងពីប្រទេសទាំងពីរ បន្តដាក់ពន្ធសងសឹកលើសពី១០០ភាគរយ លើទំនិញរបស់គ្នាទៅមក។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោងប្រហែល៨យប់ ម៉ោងក្នុងស្រុក នាថ្ងៃទី១០ ខែឧសភា។ ភាគីទាំងពីរ មិនបានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការ ឬបង្ហាញពីដំណើរការជាក់លាក់ណាមួយឡើយ។ សារព័ត៌មាន AP បានសរសេរថា ការចរចាបន្តនៅថ្ងៃទី១១ ខែឧសភា។
ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានផ្ទុះឡើងនៅក្នុងខែកុម្ភៈ បន្ទាប់ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ បានជំរុញឱ្យមានការសងសឹកយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ ទីក្រុងវ៉ាស៊ីនតោន ចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មទំនិញចំនួន ២៩៥ពាន់លានដុល្លារ ជាមួយទីក្រុងប៉េកាំង។ ទន្ទឹមនោះ ក៏បានបញ្ចុះបញ្ចូលប្រទេសចិន ឱ្យបោះបង់ចោលគំរូសេដ្ឋកិច្ច ដែលផ្តោតលើការនាំចេញរបស់ខ្លួន និងរួមចំណែកកាន់តែច្រើនដល់ការប្រើប្រាស់សកល។
ទីក្រុងប៉េកាំង បានច្រានចោលនូវអ្វីដែលខ្លួនមើលឃើញថា ជាការជ្រៀតជ្រែកពីខាងក្រៅ ហើយបានស្នើឱ្យក្រុងវ៉ាស៊ីនតោនកាត់បន្ថយពន្ធ បញ្ជាក់ពីអ្វីដែលខ្លួនចង់ឱ្យចិនទិញបន្ថែមទៀត និងចាត់ទុកជាដៃគូស្មើភាពគ្នានៅលើឆាកអន្តរជាតិ។
សារព័ត៌មានចិន Xinhua បានសរសេរថា៖ « ការរំលោភបំពានពន្ធដោយមិនប្រុងប្រយ័ត្ន» របស់អាម៉េរិក បានធ្វើឱ្យមានអស្ថិរភាពដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែក៏បានលើកឡើងថា ការចរចាគឺជាជំហានវិជ្ជមាន និងចាំបាច់ ដើម្បីដោះស្រាយភាពខុសគ្នា និងការពារការកើនឡើងបន្ថែមទៀត ។
កាលថ្ងៃទី៩ ខែឧសភា លោក ត្រាំ បានប្រកាសថា ពន្ធ៨០ភាគរយលើទំនិញរបស់ចិន «ហាក់ដូចជាសមហេតុផល»។ លោកអះអាងថា ការចរចាត្រូវបានផ្តួចផ្តើមដោយចិនលើកនេះ។ ទន្ទឹមនេះ ទីក្រុងប៉េកាំងបញ្ជាក់ថា អាម៉េរិកគឺជាអ្នកស្នើការចរចា ហើយថាគោលនយោបាយប្រឆាំងពន្ធរបស់ចិននៅតែមិនផ្លាស់ប្តូរ។
អ្នកវិភាគសេដ្ឋកិច្ចមិនរំពឹងច្រើនពីការទម្លាយរឿងរ៉ាវនោះទេ។ អ្នកជំនាញយល់ថា ចិនប្រហែលជាកំពុងស្វែងរកការបន្ធូរបន្ថយរយៈពេល ៩០ថ្ងៃ ដូចទីក្រុងវ៉ាស៊ីនតោន បានផ្តល់ឱ្យប្រទេសផ្សេងទៀតអំឡុងពេលចរចា។
រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វីស លោក Guy Parmelin បានជួបភាគីទាំងសងខាង នៅទីក្រុងហ្សឺណែវនាថ្ងៃទី៩ ខែឧសភា ហើយសង្កត់ធ្ងន់ថា កិច្ចចរចាបានទទួលជោគជ័យ។ បើតាម លោក Guy Parmelin ប្រសិនបើផែនទីបង្ហាញផ្លូវ អាចត្រូវបានគេបង្កើតឡើង ហើយពួកគេសម្រេចចិត្តបន្តការចរចា ភាពតានតឹងពាណិជ្ជកម្មនោះនឹងធូរស្រាល។
ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាអំឡុងពេលស្នាក់នៅទីក្រុងហ្សឺណែវ ផងដែរ។ លោកស្រី បានសាទរចំពោះកិច្ចប្រជុំនេះថាជា «ជំហានវិជ្ជមាន និងស្ថាបនាឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង» ហើយបានអំពាវនាវឱ្យប្រទេសទាំងពីររក្សាការសន្ទនាជាបន្តបន្ទាប់៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
