- ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:២០ នាទី រសៀល

សៀមរាប៖ ក្រុមការងារអភិរក្សនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំ និងចុះបញ្ជីលេខថ្ម ដែលទុកចោល ឬនៅរាយប៉ាយច្រើនឆ្នាំជុំវិញប្រាសាទបាយ័ន។ កិច្ចការងារនេះ ធ្វើឡើងដើម្បីលើកតម្លៃ សោភ័ណភាព ងាយស្រួលឱ្យទេសចរអាចដើរទស្សនា ក៏ដូចជា រៀបចំផ្គុំបំណែកថ្ម ដែលខ្លះជាចម្លាក់នៅប្រាសាទឡើងវិញ។
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក ធឿន សុខុន ដែលកំពុងរៀបចំការងារចុះបញ្ជីលេខថ្ម មានរយៈពេលប្រមាណ៥ខែមកហើយ ដែលក្រុមការងារបានចុះមករៀបចំ សម្អាត និងចុះបញ្ជីលេខថ្មនៅជ្រុងខាងជើងប្រាសាទបាយ័ន។ ការងារនេះនឹ ងបន្តទៅកន្លែងផ្សេងទៀត ជុំវិញប្រាសាទបាយ័ន។
ការរៀបចំសម្អាត និងចុះលេខថ្ម
តាមមន្រ្តីជំនាញ ថ្មដែលនៅរាយប៉ាយទាំងអស់ ត្រូវបានស្ថាប័នJASA របស់ជប៉ុនយកចេញពីប្រាសាទ ខណៈស្ថាប័ននេះ ចាប់ផ្តើមការងារជួសជុលចាប់ពីឆ្នាំ១៩៩៧មក។ លោក សុខុន បញ្ជាក់ថា ថ្មខ្លះជាបំណែកមុខព្រហ្ម ព្រះកេស ផ្ដែរ ដំបូល និងបំណែកចម្លាក់ ឬខឿនប្រាសាទរាប់ម៉ឺនបំណែក។
ចំពោះការងារចុះលេខថ្មនេះដែរ ក្រៅពីប្រើប្រាស់ទឹកលុបពណ៌ស ក្រុមការងារក៏បានឆ្លាក់លេខជាប់នឹងថ្មផងដែរ ក្នុងបំណងកុំឱ្យងាយរលុប។ លោក សុខុន ពន្យល់ថា ការងារនេះ បានយកលំនាំពីកិច្ចការអភិរក្ស នៅតំបន់បេតិកភណ្ឌរបស់ប្រទេសឥណ្ឌូណេស៊ី។ ចំណែក ការចុះបញ្ជីលេខថ្មនេះដែរ ក្រុមការងារបានប្រើប្រាស់អក្សរតាងមួយចំនួន ដូចជា អក្សរ H អក្សរ G និងអក្សរ HI ។
លោក ធឿន សុខុន បុរាណវិទូអាជ្ញាធរជាតិអប្សរា
បើតាមលោក សុខុន ការងារខាងលើនេះ ធ្វើឡើងក្នុងបំណងដើម្បីរៀបចំថ្មឱ្យមានសណ្តាប់ធ្នាប់ ងាយស្រួលទេសចរដើរទស្សនា ក៏ដូចជាលើកតម្លៃរបស់ថ្មទាំងនោះ ខណៈដែលថ្មខ្លះជាបំណែកព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក ផុន តារា បានពន្យល់ថា ការរៀបចំ និងចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន នឹងលើកតម្លៃថ្ម និងធ្វើឱ្យថ្មមានសណ្ដាប់ធ្នាប់ឡើងវិញ។ លោកពន្យល់ថា ដោយសារថ្មខ្លះនៅកន្លែងទំនាប ដូច្នេះនៅរដូវវស្សាមានទឹកដក់ ចំណែកថ្មខ្លះក៏ត្រូវបានគេដើរជាន់ ជាដើម។
បុគ្គលិកបច្ចេកទេសរូបនេះបញ្ជាក់ថា ក្រោយរៀបចំសម្អាត និងចុះបញ្ជីរួច ថ្មទាំងអស់នឹងត្រូវចល័តទៅរក្សាទុកនៅបរិវេណប្រាសាទបាភួន។ ចំណែកថ្មខ្លះដែលអ្នកជំនាញរកឃើញថាជាបំណែកទីតាំងណានោះ នឹងត្រូវរៀបចំទុកជួសជុលឡើងវិញផងដែរ៕
ថ្មដែលត្រូវបានចុះលេខបញ្ជីរួចរាល់
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
