- ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:០០ នាទី ល្ងាច

សៀមរាប៖ ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ជាភូមិដែលមានពលរដ្ឋ រក្សាទំនៀមធ្វើធូបបុរាណខ្មែរច្រើនជាងគេនៅតំបន់អង្គរ។ ជារបរតជំនាន់មួយ ដែលបានចិញ្ចឹមអ្នកភូមិនៅតំបន់នេះ រាប់ជំនាន់មកហើយ ក្រៅពីរបរធ្វើស្រែចម្ការ។
អ្នកស្រី ឡម ខួច ជាពលរដ្ឋមួយរូបដែលនៅធ្វើធូបបុរាណខ្មែរ។ អ្វីៗត្រូវធ្វើដោយដៃទាំងអស់ លើកលែងតែអាចម៍រណា និងម្សៅដើមសំបកបាយដែលគេប្រើម៉ាស៊ីនកិន។ ក្រៅពីនេះ ទាំងលញ់ ទាំងលាយ ទាំងហាល ទាំងវេចខ្ចប់ គឺដោយដៃទាំងអស់។
មានវ័យ៦០ឆ្នាំ អ្នកស្រី ឡម ខួច ចាប់ផ្តើមរៀនធ្វើធូបពីម្ដាយ ពេលអ្នកស្រីអាយុខ្ទង់១០ឆ្នាំ។ អ្នកស្រីរំឭកថា ក្នុងគ្រួសារមានសមាជិក១២នាក់ គឺបងប្អូន៨នាក់ ឪពុកម្តាយ និងជីដូនជីតា សុទ្ធតែរស់ដោយសាររបរធ្វើធូបនេះ។ ទំនេរពីរបរធ្វើស្រែ គ្រួសារនេះបាននាំកូនៗចូលព្រៃ ដើរកាត់ដើមឈើ និងរុក្ខជាតិដើម្បីធូប។ ពីដើម វត្ថុធាតុដើមដូចជាដើមសំបកបាយ វល្លិ៍ និងរុក្ខជាតិផ្សេងទៀត សុទ្ធតែអាចរកបាននៅក្នុងភូមិ ឬនៅតំបន់ជិតៗ។ សព្វថ្ងៃ ព្រៃទាំងនោះបានបាត់បង់។ ដើម្បីអាចធ្វើធូបបាន អ្នកភូមិត្រូវចេញទៅកាប់ និងរកនៅតំបន់ឆ្ងាយៗដូចជា ស្រុកស្រែណូយ (ខេត្តសៀមរាប) និងខេត្តព្រះវិហារជាដើម។
សកម្មភាពលញ់ធូប
គ្រឿងផ្សំសំខាន់ៗដែលអាចផលិតជាធូបបាន រួមមាន ដើមសំបកបាយ អាចម៍រណា ត្រាញ់ សំបកដើមឈ្នូត ដើមតាសៀត ដើមបប៉ូល្យំ។ល។ ចំពោះខ្នាតធូបវិញ គេលញ់ប្រវែងចាប់ពី ១ម៉ែត្រ ៨ស.ម ៥ស.ម និង៣ស.ម។ អ្នកស្រី ឡម ខួច បញ្ជាក់ថា ក្នុងមួយថ្ងៃអ្នកស្រីអាចលញ់ធូបពី៥០០ ទៅជិត១០០០សសៃ។ ធូបមួយដុំមាន១០០សសៃ អាចលក់បានក្នុងតម្លៃចាប់ពី២៥០០រៀល ទៅ៦០០០រៀល។
ទោះបីតម្លៃលក់មិនបានថ្លៃក៏ពិតមែន ប៉ុន្តែធូបខ្មែរមានទីផ្សារល្អគួរសម និងលក់មិនដែលចាល់ទេ។ ស្ត្រីវ័យ៦០ឆ្នាំរូបនេះពន្យល់ថា៖«មានឈ្មួញមកទិញជាប់មិនដាច់ទេ។ ពីដើមដឹកទៅលក់ផ្សារក្រោម វត្តអាធ្វា វត្តពោធិ៍បន្ទាយជ័យ វត្តអារញ្ញ ភ្នំក្រោម ជិះកង់ដឹកលក់ តែសព្វថ្ងៃចាស់ហើយ មិនអាចយកទៅលក់ទៀតទេ»។
គ្រឿងផ្សំផលិតធូប
របរនេះបានចិញ្ចឹម និងទប់ជីវភាពប្រចាំថ្ងៃដល់គ្រួសារអ្នកស្រី ខួច ដោយមិនបារម្ភកង្វះខាតប្រចាំថ្ងៃឡើយ ទោះបីមិនបានហូរហៀរ។ ពេលមានបុណ្យទានផ្សេងៗ អ្នកស្រី ខួច ប្រាប់ថា សុទ្ធតែពឹងប្រាក់ពីរបរធ្វើធូបនេះ។ «ពេលដាច់លុយ ហើយគេមកទិញធូប១០០០-២០០០រៀល បានប្រាក់ ក៏សប្បាយចិត្ត។ ចង់ឱ្យថា ទៅមានកើតសម្បូរសប្បាយ ដេកស៊ីចាយស្រួលដូចគេ អត់មានទេ។ ចាប់ពីក្រោកឡើងដឹងតែនឿយ (សើច) អត់ដែលថាក្រោកព្រឹកឡើង គិតថាបានលុយដើរលេងសប្បាយម្ដង គឺអត់!»។ អ្នកស្រី ខួច បានរៀបរាប់បែបនេះ។
មេភូមិសំរោង ឃុំលាងដៃ អ្នកស្រី អ៊ាន ពឹស លើកឡើងថា សព្វថ្ងៃអ្នកភូមិប្រមាណ៦០គ្រួសារ និងភាគច្រើនជាចាស់ ដែលកំពុងបន្តរបរលញ់ធូប។ ដ្បិតថា ធូបបុរាណខ្មែរលក់មិនសូវបានថ្លៃ និងពិបាកធ្វើក៏ពិតមែន ប៉ុន្តែរបរនេះ បានជួយសម្រាលបន្ទុកជីវភាពមួយផ្នែកធំដល់គ្រួសារ ឬស្រ្តីចំណាស់ៗនៅផ្ទះ ដោយមិនចាំបាច់ចេញទៅធ្វើការនៅទីឆ្ងាយ។ បើតាមអ្នកស្រីមេភូមិ ការធ្វើធូបសព្វថ្ងៃ កាត់បន្ថយភាពនឿយហត់ច្រើន ដោយមានម៉ាស៊ីនជំនួសការប្រើកម្លាំងដូចជា កិន និងបុកម្សៅធូបជាដើម។
ជារបរដែលចិញ្ចឹមជីវិតអ្នកភូមិតជំនាន់ និងមានបំណងអភិរក្សមរតកដូនតាផងនោះ អ្នកស្រី ខួច ពិតជាចង់ឱ្យកូនចៅ និងយុវជនជំនាន់ក្រោយ បន្តរបរនេះណាស់។ យ៉ាងណា អ្នកស្រីមានភាពមិនច្បាស់លាស់ប៉ុន្មានទេចំពោះក្តីបំណងនេះ ខណៈអ្នកភូមិភាគច្រើន បូករួមនិងគ្រួសារអ្នកស្រីផង ពួកគេមិនចង់លំបាក ត្រូវចូលព្រៃឆ្ងាយៗដើម្បីរកវត្ថុធាតុដើមធ្វើធូបនេះ។ ពួកគេជ្រើសរើសការងារស្រាលៗ ដូចជា លក់ដូរនៅតាមប្រាសាទ និងធ្វើការឱ្យគេជាដើម។ ចាស់ទុំនៅភូមិសំរោងនេះ នៅតែមានជំនឿចិត្តថា ធូបខ្មែរនៅតែបន្តមានវត្តមានទៅមុខ និងទទូចឱ្យពលរដ្ឋខ្មែរជួយគាំទ្រសិប្បកម្មមួយនេះបន្ថែម៕
អ្នកស្រី ឡម ខួច និងគ្រួសារដែលបន្តរក្សាប្រពៃណីលញ់ធូបបុរាណខ្មែរ
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
