- ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៦:២០ នាទី ល្ងាច

ឥណ្ឌា និងប៉ាគីស្ថានបានចោទគ្នាទៅមក ពីការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ប៉ុន្មានម៉ោងបន្ទាប់ពីបានយល់ព្រមកាត់បន្ថយភាពតានតឹង។ នេះបើតាមសារព័ត៌មាន AP ។
ក្រសួងការបរទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី១១ ខែឧសភា ដោយអះអាងពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងចោទឥណ្ឌា ពីបទរំលោភលើកិច្ចព្រមព្រៀង ដែលបានសម្រេចពីមុន ព្រមទាំងបានព្រលយពាក្យថា កងកម្លាំងប៉ាគីស្ថាន កំពុងអនុវត្តការអត់ធ្មត់ និងដោះស្រាយស្ថានការណ៍ដោយការទទួលខុសត្រូវ។
«យើងជឿជាក់ថា បញ្ហាណាមួយដែលកើតឡើងអំឡុងពេលអនុវត្តបទឈប់បាញ់ គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាក្នុងកម្រិតសមស្រប។ កងកម្លាំងនៅក្នុងតំបន់ជម្លោះគួរតែអនុវត្តការអត់ធ្មត់ផងដែរ»។ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសប៉ាគីស្ថានបញ្ជាក់ដូច្នេះ។
ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vikram Misri កាលពីយប់ថ្ងៃទី១០ ខែឧសភា ក៏បានចោទប៉ាគីស្ថានថា «រំលោភបំពានម្តងហើយម្តងទៀត» ចំពោះកិច្ចព្រមព្រៀងដែលសម្រេចដោយភាគីទាំងពីរ។ លោកបន្ថែមថា ទីក្រុងញូវដែលីបានចាត់វិធានការសងសឹក។ «យើងអំពាវនាវឱ្យប៉ាគីស្ថានចាត់វិធានការសមស្រប ដើម្បីដោះស្រាយការរំលោភនេះ និងដោះស្រាយស្ថានការណ៍ឱ្យបានល្អិតល្អន់ និងទទួលខុសត្រូវ»។ លោក Misri បញ្ជាក់ដូច្នេះ។
ចំណែក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី១០ ខែឧសភា ថា ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមលើបទឈប់បាញ់គ្នាភ្លាមៗ។ ក្រោយមក ប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់គ្រប់ជ្រុងជ្រោយ។
តែយ៉ាងនេះក្កី ប៉ុន្មានម៉ោងក្រោយមក អ្នកស្រុកនៅក្នុងទីក្រុង Srinagar ក្នុងតំបន់ Jammu និង Kashmir របស់ឥណ្ឌាបានឮសំឡេងផ្ទុះជាច្រើន ហើយលើកឡើងថា ទីក្រុងនេះបានរងការដាច់ចរន្តអគ្គិសនី។ រូបភាពដែលថតដោយ អ្នកយកព័ត៌មាន AP នៅ Srinagar បង្ហាញពីការបាញ់កាំជ្រួចជាច្រើនគ្រាប់ពីលើដី។
លោក Omar Abdullah មន្ត្រីកំពូលរបស់ឥណ្ឌាប្រចាំតំបន់បានបង្ហោះនៅលើបណ្តាញសង្គមថា «តើមានអ្វីកើតឡើងចំពោះបទឈប់បាញ់? ការផ្ទុះបានឮគ្រប់ទីកន្លែង! មិនមានបទឈប់បាញ់ទេ»។
មន្ត្រីម្នាក់នៅក្នុងផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថាននៃតំបន់ជម្លោះ Kashmir បានបញ្ជាក់ថា ភាគីទាំងពីរនៅតែផ្លាស់ប្តូរការបាញ់ប្រហារគ្នានៅតាមខ្សែបន្ទាត់គ្រប់គ្រង (LoC) ដែលជាបន្ទាត់កំណត់ព្រំដែនដែលបែងចែកតំបន់។
គួរបញ្ជាក់ថា ឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការ Sindoor នៅព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភា ដោយវាយលុកទីតាំងចំនួន៩ ដែលខ្លួនចាត់ទុកជា «មូលដ្ឋានភេរវករ»នៅក្នុងទឹកដីប៉ាគីស្ថាន និងតំបន់ Kashmir ដែលគ្រប់គ្រងដោយទីក្រុង Islamabad ។ បើតាមភាគីឥណ្ឌា នេះជាការឆ្លើយតបទៅនឹងការបាញ់ប្រហារដែលបានសម្លាប់មនុស្ស ២៦នាក់នៅជិតទីក្រុង Pahalgam កាលពីថ្ងៃទី២២ ខែមេសា។ ប្រទេសនេះធ្លាប់បានចោទប៉ាគីស្ថានថា បានគាំទ្រក្រុមសកម្មប្រយុទ្ធដែលបានធ្វើការវាយប្រហារ ប៉ុន្តែទីក្រុង Islamabad បានបដិសេធ។
ក្រសួងការពារជាតិប៉ាគីស្ថានបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះយោធាឥណ្ឌាចំនួន ៦គ្រឿងនៅព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភា រួមទាំងយន្តហោះចម្បាំងពហុតួនាទី Rafale ចំនួនបី យន្តហោះចម្បាំងធុនស្រាល MiG-29 យន្តហោះចម្បាំងធុនធ្ងន់ Su-30MKI និងយន្តហោះគ្មានមនុស្សបើករយៈកម្ពស់មធ្យម Heron ។
ក្រោយមក ប្រទេសទាំងពីរបានវាយប្រហារម្តងហើយម្តងទៀតលើទឹកដីព្រំដែនរបស់គ្នាទៅវិញទៅមក ។ ការបាញ់បោះខ្លាំងគឺនៅយប់ថ្ងៃទី៩ ខែឧសភា នៅពេលឥណ្ឌាបានវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានទ័ពអាកាសប៉ាគីស្ថាន រួមទាំងអាកាសយានដ្ឋានដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្រពីរដ្ឋធានី Islamabad។
យោធាប៉ាគីស្ថានបានចាប់ផ្តើមប្រតិបត្តិការសងសឹកមួយដែលមានឈ្មោះថា Bunyanun Marsoos នៅព្រឹកព្រលឹមថ្ងៃទី១០ ខែឧសភា ដោយផ្តោតលើអាកាសយានដ្ឋានយោធាឥណ្ឌាជាបន្តបន្ទាប់ ហើយបានអះអាងថាបានបំផ្លាញឃ្លាំងផ្ទុកមីស៊ីលល្បឿនលឿនជាងសម្លេងនៅក្នុងទីក្រុង Beas ។
ជម្លោះរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យមនុស្សជិត ៧០នាក់ស្លាប់៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
