ចរចាពន្ធគយ ៖ ជប៉ុននឹងមិនធ្វើសម្បទានជាមួយអាម៉េរិកទេ
  • ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣០ នាទី យប់
ចរចាពន្ធគយ ៖ ជប៉ុននឹងមិនធ្វើសម្បទានជាមួយអាម៉េរិកទេ
នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba ។ រូបភាព ៖ JIJI

ទោះបីជាជប៉ុន តែងតែរក្សាអាកប្បកិរិយាបត់បែន និងចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានរវាងអាម៉េរិក និងអង់គ្លេសជាគំរូវិជ្ជមានក្នុងការចរចារពន្ធជាមួយអាម៉េរិក ក៏ខ្លួននៅតែប្រុងប្រយ័ត្ន និងប្តេជ្ញាមិនធ្វើសម្បទានជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ។

ទាក់ទិននឹងការយល់ព្រមរបស់អង់គ្លេសនូវលក្ខខណ្ឌជាច្រើន ជាថ្នូរនឹងកិច្ចព្រមព្រៀងជាមួយអាម៉េរិក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ជប៉ុន លោក Akazawa Ryosei បានលើកឡើងថា ប្រទេសនីមួយៗមានទស្សនៈខុសគ្នា។  ដូច្នេះ ខ្លឹមសារនៃកិច្ចព្រមព្រៀងក៏វានឹងខុសគ្នាដែរ។ 

ចំណែក រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្ម លោក Muto Yoji បានលើកឡើងស្រដៀងគ្នាថា កិច្ចព្រមព្រៀងរវាងអាម៉េរិក និងអង់គ្លេស គ្រាន់ជាគំរូឯកសារយោងប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន The Japan News ។

ជាពិសេស ជប៉ុន​ក៏​ប្រយ័ត្ន ​ចំពោះ​ការសម្រេចចិត្ត​របស់​អង់គ្លេស​ក្នុងការ​លើកលែង​សាច់គោ​ចំនួន ១៣ ០០០ តោន​ ដែល​នាំចូល​ពី​អាម៉េរិក​ពី​ពន្ធគយ។ ឆ្លើយតបនឹងសារព័ត៌មានលើបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន លោក Eto Taku បានបង្ហាញអាកប្បកិរិយាយ៉ាងម៉ឺងម៉ាត់ថា៖«អាម៉េរិកគឺអាមេរិក អង់គ្លេសគឺអង់គ្លេស។ ចំពោះផលិតផលកសិកម្ម ជប៉ុននឹងបន្តអនុវត្តគោលនយោបាយបច្ចុប្បន្ន»។ 

នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru ក៏បានបង្ហាញអាកប្បកិរិយាកាន់តែម៉ឺងម៉ាត់ និងតឹងតែងចំពោះគោលនយោបាយរបស់សេតវិមាន និងចលនាក្នុងការចរចា ដោយសង្កត់ធ្ងន់ថា ពន្ធលើរថយន្តនាំចូលពីអាម៉េរិកគឺពិតជាមិនអាចទទួលយកបាន។ បើតាមនាយករដ្ឋមន្រ្តី Ishiba ជប៉ុន​មិន​ប្រញាប់​ចរចា​ជាមួយ​អាម៉េរិក​ទេ៕

អត្ថបទទាក់ទង
 


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង