- ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី យប់

សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជួសជុល និងអភិរក្ស បានបញ្ចប់ជាស្ថាពរការងារជួសជុលកាំជណ្ដើរ និងទទឹកចំនួន៣នៅប្រាសាទនាគព័ន្ធ រួមមានខាងជើង ខាងត្បូង និងខាងលិច។--
ក្រុមការងារជួសជុលទទឹកប្រាសាទនាគព័ន្ធ លោក អ៊ិច ស្រេង បានឱ្យដឹងថា គិតដល់ដើមខែ ឧសភា នេះ គម្រោងជួសជុលទទឹកប្រាសាទនាគព័ន្ធ បានបញ្ចប់ជាស្ថាពរ។ គម្រោងនេះបានជួសជុលជណ្ដើរ និងកម្រាលជុំវិញដំបូលទទឹក ឬទបង្ហូរទឹកទាំង៣របស់ប្រាសាទនាគព័ន្ធ។
លោក អ៉ិច ស្រេង ពន្យល់ពីការងារជួសជុលទទឹក
បើតាម លោក អ៊ិច ស្រេង ចំពោះការងារជួសជុលខាងលើនេះ គឺបានឈរនៅលើមូលដ្ឋានច្បាស់លាស់ដូចជា រក្សាភាពដើម ជួសជុលអភិរក្សថ្មចាស់ និងជំនួសថ្មថ្មីតិចតួចនៅទីតាំងដែលមានថ្មពុកផុយ។ អ្នកជំនាញរូបនេះបានបញ្ជាក់ថា ដើម្បីអនុវត្តការងារនេះទៅបាន គេត្រូវការក្រុមការងារជំនាញចំនួន៥ក្រុមផ្សេងគ្នា ដូចជា ក្រុមបុរាណវិទ្យា គូរប្លង់ ការផ្គុំថ្មឡើងវិញ កាត់និងឆ្លាក់ថ្ម និងក្រុមជួសជុល។
តាមការបញ្ជាក់ថាពីលោក អ៊ិច ស្រេង ស្ថានភាពមុនពេលជួសជុល ទបង្ហូរទឹកខាងជើង ខាងត្បូង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ មានសភាពស្រុតធ្លាក់ និងគ្មានលំនឹង ដែលកត្តាទាំងនោះ បណ្ដាលមកពីធម្មជាតិ អាយុកាលនៃថ្ម ក៏ដូចជាការពុំរក្សាបរិមាណទឹកឱ្យបានស្ថេរនាពេលកន្លងមកជាដើម។
ការងារជួសជុលកម្រាលទទឹក
សូមបញ្ជាក់ថា ទបង្ហូរទឹកប្រាសាទនាគព័ន្ធ ចាប់ផ្តើមជួសជុលនៅខែឧសភា ឆ្នាំ២០២៤។ ប្រាសាទនេះមានស្រះរាងដូចកាកបាទក្រហម និងមានទបង្ហូរទឹកចំនួន៤។ រួមមាន ខាងកើតមានតម្កល់មុខមនុស្ស ខាងជើងរូបដំរី ខាងលិចរូបសេះ និងខាងត្បូងរូបតោ។ ពលរដ្ឋនៅតំបន់អង្គរ តែងមានជំនឿនៅប្រាសាទនេះ ក្នុងនោះតែងរៀបចំពិធីសុំទឹកភ្លៀង និងការបន់ស្រន់ផ្សេងៗ។
ម្យ៉ាង ប្រាសាទនេះក៏ជាទស្សនាដ៏ពេញនិយមសម្រាប់ទេសចរផងដែរ។ កសិន្ធុខាងជើងត្រូវបានដាក់ទឹកឡើងវិញ មានទឹកខួបប្រាំងវស្សា ស្ពានថ្មី ម្លប់ឈើត្រជាក់ និងមានភាពស្ងប់ស្ងាត់ល្អ៕
ប្រាង្គកណ្ដាលប្រាសាទនាគព័ន្ធ
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
