- ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:០០ នាទី ព្រឹក

ភ្នំពេញ៖ សមាគមអ្នកនិពន្ធខ្មែរ កំពុងរៀបចំបោះពុម្ពវណ្ណកម្មច្បាប់ដើមរបស់អ្នកនិពន្ធខ្មែរ ដាក់ជាសមូហកម្ម ដើម្បីតម្កល់សម្រាប់ការសិក្សាផ្នែកអក្សរសាស្ត្រអក្សរសិល្ប៍។ បើតាមលោក ឡឹក ជំនោរ អនុប្រធានគណៈកម្មការបោះពុម្ពផ្សាយនៃសមគមអ្នកនិពន្ធខ្មែរ កន្លងមក សមាគមទទួលបានវណ្ណកម្មច្បាប់ដើមពីទាយាទគ្រប់គ្រងមរកត និងបានបោះពុម្ពបណ្តើរៗ រួមមាន ស្នាដៃរបស់លោក រីម គីន, លោក នូ ហាច និងលោក ឡាំង ប៉េងសៀក ជាដើម។
បច្ចុប្បន្ន សមាគមបន្តព្យាយាមប្រមូលស្នាដៃច្បាប់ដើមរបស់អ្នកនិពន្ធខ្មែរ ដែលនៅសេសសល់ពីសាចញាតិ និងអ្នកគ្រប់គ្រងមរតកបន្ថែមទៀត។ គោលបំណងនៃសមូហកម្មនេះ គឺជាការបន្តគោលគំនិត ពីគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមចាស់ដែលមានតាំងពីសម័យសង្គមរាស្ត្រនិយម។
លោក ឡឹក ជំនោរ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ថា ការបោះពុម្ពផ្សាយច្បាប់ដើមឡើងវិញនេះ គឺដើម្បីផ្តល់ភាពស្រួលដល់អ្នកសិក្សាស្រាវជ្រាវវិស័យអក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរ និងការពារការបោះពុម្ពខុសនូវអត្ថន័យ និងខ្លឹមសារដើម។ អនុប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ បានបញ្ជាក់ថា៖ « គណៈកម្មការបោះពុម្ពផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ ស្វែងរកសៀវភៅ ដែលសមាគមអ្នកនិពន្ធចាស់ ទទួលបានសិទ្ធិបោះពុម្ពកាលពីឆ្នាំ ១៩៥៦ ដល់ឆ្នាំ១៩៧៥ ហើយបានបោះឡើងវិញ ជាជំហានៗ និងបានទាក់ទងបន្ថែមទៅទាយាទ ដើម្បីផ្តល់សិទ្ធជាផ្លូវការម្តងទៀត។ »។
សមូហកម្ម ជាការប្រមូល ការរួបរួម របស់មួយឱ្យនៅជុំគ្នា ឬនៅជាមួយគ្នា។ លោក ឡឹកជំនោរ បានពន្យល់ថា សមូហភាពស្នាដៃរបស់អ្នកនិពន្ធនីមួយៗ មានវណ្ណកម្មជាច្រើនប្រភេទ។ រួមមាន៖ អក្សរសិល្ប៍ ប្រលោមលោក រឿងខ្លី កំណាព្យ និងទស្សនៈវិជ្ជា...ជាដើម។ ស្នាដៃទាំងអស់នោះ សុទ្ធតែទទួលបានបុព្វសិទ្ធិ ពីទាយាទ ឬសាច់ញាតិដែលគ្រប់គ្រង ថែរក្សាកន្លងមក ដោយភាគីទាំងពីរ(សមាគម និងម្ចាស់ស្នាដៃ) រៀបចំការប្រគល់ និងទទួលលិខិតអនុញ្ញាតសិទ្ធិនៅចំពោះមុខមេធាវី។
កាលពីរសៀលថ្ងៃទី៤ ខែឧសភា សមាគមន៍អ្នកនិពន្ធខ្មែរ ទទួលបានសិទ្ធិពីកូនប្រុសកវីនិពន្ធ នូ ហាច គឺលោក នូ វិរម្ម ដែលជាទាយាទគ្រប់គ្រងមរតក ក្នុងការបោះពុម្ពវណ្ណកម្មរបស់ឪពុកខ្លួន ក្នុងរូបភាពដើមទាំងស្រុង ដើម្បីតម្កល់ច្បាប់ដើមសម្រាប់ការសិក្សាផ្នែកអក្សរសាស្ត្រអក្សរសិល្ប៍។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើការរៀបរៀងលិខិតប្រគល់មរតកវណ្ណកម្ម កវីនិពន្ធ នូ ហាច ទាំងអស់ដល់សមាគមអ្នកនិពន្ធខ្មែរ ដែលធ្លាប់ទទួលសិទ្ធិបោះពុម្ពផ្សាយឡើងវិញ។ ភាគីទាំងពីរ បានរៀបចំការប្រគល់ និងទទួលលិខិតអនុញ្ញាតសិទ្ធិនៅចំពោះមុខមេធាវី ផងដែរ។
គួរជម្រាបថា វណ្ណកម្មរបស់កវីនិពន្ធនូ ហាច រួមមាន រឿងផ្កាស្រពោន, រឿងមាលាដួងចិត្ត, រឿងត្រួយជីវិត, អត្ថបទសិក្សា មធុរសជាតិ, រឿងខ្លីកូនក្រក, ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង, ខ្ទីង កាព្យបែបបារាំង, រឿងនារីជាទីស្នេហា, លាវ័ណ្យ និង រវិន្ទ, រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប, ថូបែក កាព្យបែបបារាំង...៕
អ្នកសរសេរអត្ថបទ
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។
