- ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:១៩ នាទី ព្រឹក

សៀមរាប៖ គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) នៃក្រសួងមុខងារសាធារណៈ បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១២ ខែឧសភា នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ នឹងចាប់ផ្តើមនាពេលខាងមុខ សម្រាប់កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព។ ដើម្បីឱ្យដំណើរការការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៥នេះ រក្សាបាននូវការអនុវត្តតាមគោលការណ៍សុក្រឹត្យភាព សុចរិតភាព និងយុត្តិធម៌ ព្រមទាំងផ្ដល់លទ្ធផលស្របតាមគោលបំណងនៃការជំរុញការកែលម្អ និងលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំឱ្យមានសិក្ខាសាលារយៈពេល២ថ្ងៃ។
សិក្ខាសាលានេះ រៀបចំជូនដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងអង្គភាពជាគោលដៅនៃការវាយតម្លៃ សម្រាប់ជាមូលដ្ឋាន ក្នុងការបំពេញតួនាទីវាយតម្លៃ និងរៀបចំខ្លួនចូលរួមប្រឡងប្រជែងក្នុងចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលា មានមកពីខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ ឧត្ដរមានជ័យ កំពង់ធំ និងសៀមរាប។
សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីជំរុញ និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃដំណើរការផ្តល់សេវាសាធារណៈនៅតាមអង្គភាពសាលារៀន និងមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
