- ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

លីគកីឡាបាល់ទាត់កំពូលទាំង៥ នៅអឺរ៉ុប បានរកឃើញម្ចាស់ជើងឯក៣ក្រុមហើយ ក្នុងនោះមាន Liverpool, Bayern Munich និង Paris Saint-Germain ស្របពេល La Liga និង Serie A នៅប្រជែងគ្នានៅឡើយ។ ដោយឡែកកីឡាករ៥រូប ដែលកំពុងនាំមុខគ្រាប់បាល់ស៊ុតបញ្ចូលទី និងមានភាគរយខ្ពស់ក្នុងការក្លាយជាម្ចាស់ស្បែកជើងមាស (Golden Shoe) នៃលីគរបស់ពួកគេរៀងខ្លួន មាន Mohamad Salah, Ousmane Dembélé, Harry Kane, Kylian Mbappé និង Mateo Retegui។
Salah បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Liverpool ឈ្នះ Premier League រដូវកាល ២០២៤-២៥ និងជាជើងឯកលីគកំពូលលើកទី២០ តាមស្មើកំណត់ត្រាឈ្នះច្រើនជាងគេរបស់ Manchester United។ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប ក៏កំពុងនាំមុខគ្រាប់បាល់ស៊ុតបញ្ចូលទីផងដែរ ដោយរកបាន២៨គ្រាប់ តាមពីក្រោយដោយ Alexander Isak ខ្សែប្រយុទ្ធ Newcastle United ដែលរកបាន ២៣គ្រាប់ និង Erling Haaland របស់ Manchester City ២១គ្រាប់។
ស្របពេលនៅសល់២ប្រកួតទៀត នឹងបញ្ចប់រដូវកាលនេះ Salah ដែលមាន៥គ្រាប់នាំមុខ មានឱកាសខ្ពស់ក្នុងការគ្រងតំណែងស្បែកជើងមាស។ មិនត្រឹមតែរកបានគ្រាប់ស៊ុតច្រើនជាងគេ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ ក៏ជាអ្នកបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (Assists) ច្រើនជាគេផងដែរចំនួន១៨លើក តាមពីក្រោយដោយ Jacob Murphy របស់ Newcastle ចំនួន១២លើក និង Anthony Elanga របស់ Nottenham Forest ១០លើក។
មិនខុសពី Salah នោះទេ ខ្សែប្រយុទ្ធ Dembélé ក៏បានបង្ហាញភាពលេចធ្លោផងដែរ បន្ទាប់ពីជួយ PSG គ្រងជើងឯក Ligue 1 បារាំង តាំងពីសប្តាហ៍ទី៣០។ ខ្សែប្រយុទ្ធបារាំង ក៏កំពុងនាំមុខគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន២១គ្រាប់ នាំមុខ Mason Greenwood របស់ Marseille ដែលរកបាន១៩ គ្រាប់ និង Arnaud Kalimuendo របស់ Rennes ១៧គ្រាប់ ស្របពេលនៅមួយប្រកួតនឹងបញ្ចប់រដូវកាល។
Harry Kane ស្គាល់រសជាតិជើងឯកលីគកំពូលលើកដំបូងក្នុងអាជីព តាមរយៈការជួយ Bayern Munich ឈ្នះ Bundesliga រដូវកាល ២០២៤-២៥នេះ ដោយនាំមុខពិន្ទុដាច់ម្ចាស់ការពារជើងឯក Bayer Leverkusen។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ក៏ត្រៀមគ្រងស្បែកជើងមាសផងដែរ។ Kane រកបាន២៥គ្រាប់ នាំមុខ Serhou Guirassy ខ្សែប្រយុទ្ធ Dortmund ចំនួន៥គ្រាប់ និង Parrick Schick របស់ Leverkusen ៦គ្រាប់ ស្របពេលសល់តែ១ប្រកួតទៀត នឹងបញ្ចប់លីគកំពូលអាល្លឺម៉ង់ រដូវកាល ២០២៤-២៥។
Kylian Mbappé ឡើងទៅឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីវិញ ក្រោយរកបាន៣គ្រាប់ Hat-trick ក្នុងការប្រកួតដែល Real Madrid ចាញ់ Barcelona ៤-៣ នៅជំនួបលីគអេស្ប៉ាញសប្តាហ៍ទី៣៥។
ខ្សែប្រយុទ្ធបារាំង កើន ២៧គ្រាប់ នាំមុខ Robert Lewandowski របស់ Barca ចំនួន២គ្រាប់វិញ ស្របពេល Ante Budimir របស់ Osasuna នៅលេខ៣ មាន១៩គ្រាប់។ La Liga នៅសល់៣ប្រកួតទៀត នឹងបញ្ចប់រដូវកាល។
នៅលីគកំពូលអ៊ីតាលី Serie A ឯណោះវិញ Mateo Retegui ខ្សែប្រយុទ្ធ Atalanta មានប្រៀបដាច់ក្នុងការក្លាយជាម្ចាស់ស្បែកជើងមាសរដូវកាលនេះ ក្រោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី២៤គ្រាប់ ពីការប្រកួត៣៦លើក។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ សញ្ជាតិអ៊ីតាលីរូបនេះ នាំមុខ Moise Kean ខ្សែប្រយុទ្ធ Frorentina ដែលតាមពីក្រោយ ដល់ទៅ៧គ្រាប់ឯណោះ ស្របពេលការប្រកួតសល់តែ២លើក។ នៅលីគកំពូលអ៊ីតាលី នេះ មានតែ Napoli និង Inter Milan ប៉ុណ្ណោះដែលមានឱកាសប្រជែងជើងឯករដូវកាលនេះ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
