- ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៥៦ នាទី រសៀល

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បដិសេធព័ត៌មានបទល្មើសព្រៃឈើកើតមាន ក្នុងតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងខេត្តព្រះវិហារ។ មន្ទីរបរិស្ថានខេត្តព្រះវិហារអះអាងថា នឹងចាត់វិធានការច្បាប់ ហើយស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត។ ប៉ុន្តែ អ្នកតាមដានសង្គម បានស្នើទៅនាយករដ្ឋមន្ត្រី រួមទាំងមន្ត្រីជំនាញបរិស្ថាន ស្រាវជ្រាវឱ្យលម្អិត ដើម្បីប្រយោជន៍រួមនៃសង្គម និងបរិស្ថាន ជាជាងទាញករណីនេះ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ។
នៅថ្ងៃនេះ សហគមន៍ជនជាតិដើមភាគតិចកួយ ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃព្រះរការ បង្ហាញពីបទល្មើសកាប់បំផ្លាញព្រៃឈើកើតមា ន៣៣៤ករណី។ ឈើទាំងនោះ ភាគច្រើន ជាប្រភេទឈើទាល ដើមរាង ឈើក្រម និងគគីជាដើម។ ការចុះរកឃើញបទល្មើសនេះ មានរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥។
នៅលើទំព័រហ្វេសប៊ុករបស់សហគមន៍ជនជាតិដើមភាគតិចកួយ ស្ថិតក្នុងឃុំប្រមេរ បានបង្ហាញក្ដីបារម្ភបែបនេះ៖«ពួកយើងដែលជាសមាជិកសហគមជនជាតិដើមភាគតិចកួយ ដែលអាស្រ័យផលលើអនុផលព្រៃឈើតាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំដើម្បីប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ ពិតជាមានសេចក្តីសោកស្តាយជាខ្លាំង ចំពោះការអនុវត្តផែនការក្នុងការល្បាតការពារព្រៃពីសំណាក់ក្រសួងបរិស្ថាន ដែលមិនអាចទប់ស្កាត់បទល្មើសបាន។»។
ពួកគេ អំពាវនាវសារដល់ អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន ឱ្យបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជន។ លើសពីនេះ ត្រូវពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកប ដោយប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវ។ ពួកគេទទូចបន្ថែមបែបនេះ៖ «សំណូមពរដល់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យដោយផ្ទាល់ក្នុងព្រៃការពារ ជាជាងចាំតែយករបាយការណ៍ពីមន្ត្រីថ្នាក់ក្រោម ដែលអាចមិនមានព័ត៌មានពិត ពីការបំផ្លាញធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃមួយនេះ»។
ថ្មីៗនេះដែរ លោក ម៉ា ចិត្រា សកម្មជនបរិស្ថាន ដែលបានផ្ដល់បទសម្ភាសដល់វិទ្យុ អាស៊ីសេរី (RFA) ក៏បានលើកឡើងពីបទល្មើសព្រៃឈើ នៅដែនជម្រកព្រៃព្រះរការដែរ។ ករណីនេះ នៅថ្ងៃទី១០ ខែឧសភា ទាំងក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បង្ហាញសេចក្ដីព័ត៌មានថា លោក ម៉ា ចិត្រា និយាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃឆែប-ព្រះរការ។ ជាមួយគ្នាដែរ មន្ទីរចាត់ទុកការផ្សាយព័ត៌មានពីបទល្មើសព្រៃឈើ ក្នុងដែនជម្រកព្រៃព្រះរការនេះ គ្មានមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់ព័ត៌មានចាស់ រូបភាពចាស់ ហើយមិនឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពព្រៃឈើនាពេលបច្ចុប្បន្នឡើយ។
បញ្ហានេះ មន្ទីរបរិស្ថានខេត្តព្រះវិហារ សង្កេតឃើញលោក ម៉ា ចិត្រា តែងតែចូលតំបន់ការពារដោយគ្មានច្បាប់អនុញ្ញាត ហើយបង្កើតព័ត៌មានមិនពិត មានចេតនាញុះញង់ ប៉ុនប៉ងបង្កឱ្យមានបញ្ហាសណ្ដាប់ធ្នាប់ក្នុងសង្គម ដើម្បីបម្រើឱ្យនយោបាយ នៃក្រុមអគតិក្រៅច្បាប់នៅក្រៅប្រទេស។ លើសពីនេះ មន្ទីរបរិស្ថាន បានស្នើនិងព្រមានបន្ថែមដូច្នេះ៖ «មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល និងក្រុមខិលខូចចំពោះករណីខាងលើ និងស្នើសុំសារព័ត៌មាន បញ្ឈប់ការផ្សាយព័ត៌មានមិនពិត និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ដើម្បីជៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ»។
ជុំវិញករណីនេះ លោក ឱក សេរីសោភក្តិ៍ អ្នកជំនាញផ្នែកអភិបាលកិច្ច ក៏បានតាមដានករណីខាងលើដែរ។ លោកជំរុញឱ្យមានការស៊ើបអង្កេត ករណីនេះ នៅលើភូមិសាស្ត្រ និងតាមកាលបរិច្ឆេទជាក់ស្តែង ពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងតំបន់ព្រៃព្រះរការ។ អ្នកជំនាញរូបនេះ យល់ថាសម័យឌីជីថល ឥឡូវមិនពិបាក ក្នុងការផ្ទៀងផ្ទាត់ រូបចាស់ ឬជារូបថតបច្ចុប្បន្នឡើយ។ ទន្ទឹមនឹងនេះ លោកណែនាំឱ្យ ញែកសំណុំរឿងបរិស្ថាន និងនយោបាយដោយដាច់បែបពីគ្នា។
លោក ឱក សេរីសោភក្តិ៍ អ្នកជំនាញផ្នែកអភិបាលកិច្ច។ រូបពី ហ្វេសប៊ុក លោក ឱក សេរីសោភក្តិ៍
លោក ឱក សេរីសោភក្តិ៍ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះ៖ «ការផ្សារភ្ជាប់សំណុំរឿងដូច្នេះ(បរិស្ថាននិងនយោបាយចូលគ្នា) មានលក្ខណ:គំរាមកំហែង និងបង្ហាញដោយស្វ័យប្រវត្តិនូវភាពកម្សោយ នៃអំណះអំណាងយោង»។ ទាក់ទិននឹងការហាមមិនឱ្យ ប្រព័ន្ធផ្សព្វផ្សាយព៌តមាន ផ្សាយអំពីសំណុំរឿងនេះ ទាំងដែលមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ លោកយល់ថា វាមានលក្ខណៈគំរាមកំហែង ហើយរឹតតែធ្វើឱ្យមតិសាធារណ: មានមន្ទិលសង្ស័យ។
«ក្នុងឋាន:ជាអ្នកតាមដានបញ្ហាសង្គម ក្នុងវិស្ស័យអភិបាលកិច្ច ខ្ញុំសង្កេតឃើញថា រាជរដ្ឋាភិបាលអណត្តិទី៧នេះ មានឆន្ទ:នយោបាយមុតមាំក្នុងរឿងអភិបាលកិច្ច តែគម្លាតរវាងឆន្ទ:នយោបាយនោះ និងការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោម នៅឆ្ងាយពីគ្នានៅឡើយ។ អភិបាលកិច្ចជាមូលដ្ឋានគ្រិះ នៃទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅលើរាជរដ្ឋាភិបាល។ ដូច្នេះហើយទើបមានអភិក្រមទី៥»។ លោក ឱក សេរីសោភក្តិ៍ ពន្យល់ពីសារៈសំខាន់នៃអភិបាលកិច្ច រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបែបនេះ ហើយលោក បានស្នើឱ្យនាយករដ្ឋមន្ត្រីស្រាវជ្រាវបន្ថែមពីករណីខាងលើ។
ប្រធានកម្មវិធីបណ្តាញនិងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍន៍ លោក សាន ម៉ាឡា និង លោក លោក ម៉ើ ចាន់ដារ៉ា ប្រធានស្ដីទីនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) ក៏យល់ឃើញដូច សេរីសោភក្តិ៍ ដែរ គឺស្នើឱ្យមានការផ្ទៀតផ្ទាត់ឱ្យបានល្អិតល្អន់។ អ្នកទាំងពីរ បន្តថា ក្នុងករណីមន្ត្រីជំនាញបរិស្ថាន មិនទាន់បានផ្ទៀតផ្ទាត់ឬចុះពិនិត្យផ្ទាល់ជុំវិញការលើកឡើងរបស់សកម្មជនបរិស្ថានផង ក៏ចេញសេចក្ដីបំភ្លឺ ដោយបដិសេធ រួមទាំងចោទប្រកាន់នោះ គឺជារឿងមិនសមហេតុផលឡើយ។
មន្ត្រីសង្គមស៊ីវិលទាំងពីររូប សង្កេតឃើងសហគមន៍មូលដ្ឋាន និងសកម្មជនបរិស្ថាន តែងតែបង្ហាញព័ត៌មានបទល្មើសព្រៃឈើ ដោយភ្ជាប់ជាមួយនឹងរូបភាព និងទីតាំងជាក់ស្ដែង រីឯ មន្ត្រីជំនាញបរិស្ថានក៏តែងតែបដិសេធ មិនទទួលស្គាល់ ទាញភ្ជាប់ទៅនឹងរឿងនយោបាយដដែលៗ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ផ្ដល់បទសម្ភាសនាពេលកន្លងមក។ រូបពី ក្រសួងបរិស្ថាន
ប្រធានស្ដីទីនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) អះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃនេះថា៖ «តាមរបាយការណ៍របស់សហគមន៍ព្រៃព្រះរការ ឃើញនៅតែបន្តមានការកាប់បំផ្លាញព្រៃឈើសឹងតែរាល់ថ្ងៃ ហើយយើងក៏សង្កេតឃើញដូចគ្នាដែរ តំបន់ព្រៃរការនេះ នៅតែបន្តកើតមានបទល្មើសព្រៃឈើ។ សួរថាបើបទល្មើសនេះ នៅតែបន្តមានរាល់ថ្ងៃ តើប្រជាពលរដ្ឋ ដែលអាស្រ័យលផលព្រៃសហគមន៍នេះ អាចពឹងផ្អែកលើអ្វីបានទៀត»។
ពាក់ព័ន្ធនឹងករណីនេះ លោក លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ឆ្លើយតបវិញថា នឹងមានការស្រាវជ្រាវបន្ថែម ហើយអះអាងពីកិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើរបស់មន្ត្រីបរិស្ថាន រួមទាំងការអនុវត្តច្បាប់បានយ៉ាងតឹងរឹង។ លោក ប្រាប់សារព័ត៌មានឌីជីថលថ្មីៗនៅថ្ងៃយ៉ាងដូច្នេះ៖ «យើងបន្តតាមដានលើការគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់ការពារបន្ថែមទៀត ព្រោះកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត។ អ៊ីចឹង យើងនឹងបន្តអង្កេតបន្ថែមទៀត ដើម្បីផ្ទៀតផ្ទាត់ជាមួយព័ត៌មាននេះ ដោយសារកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានទើបយើងចេញសេចក្ដីបំភ្លឺជូនសាធារណជន ក៏ដូចជាតំបន់ផ្សេងទៀត យើងនឹងត្រួតពិនិត្យកិច្ចការបច្ចេកទេស ជាមួយស្ថានភាពជាក់ស្ដែង។ អ៊ីចឹង ក្រុមការងារនឹងបន្តធ្វើរឿងហ្នឹង បន្ថែមទៀត»។
ជុំវិញរបាយការណ៍ បទល្មើសកន្លងព្រៃឈើក្នុងតំបន់ព្រៃព្រះរការ ដែលកើតមានកន្លងមក លោក ខ្វៃ អាទិត្យា ថាក្រុមការងារមិនទាន់បានបូកសរុបនៅឡើយទេ៕
អ្នកសរសេរអត្ថបទ
