- ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី១២ ខែឧសភា បានអំពាវរកកិច្ចព្រមព្រៀងសន្តិភាពចងភ្ជាប់កាតព្វកិច្ចសម្រាប់រុស្ស៊ី និងអ៊ុយក្រែន។ ការទទូចរបស់ចិន ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ី បានដាក់សំណើជួបសមភាគីអ៊ុយក្រែនដោយផ្ទាល់ នៅទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី។
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី១១ ខែឧសភា បានស្នើចរចាដោយផ្ទាល់ជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ដោយផ្ទាល់ នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងថ្ងៃទី១៥ ខែឧសភា។ នេះជាជំហានដ៏វិជ្ជមានមួយ ដែលសូម្បីលោក ហ្សេលេនស្គី ក៏ទទួលស្គាល់។
បន្ទាប់ចំណាត់ការបែបនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានសាទរយ៉ាងខ្លាំង ហើយគាំទ្ររាល់កិច្ចខិតខំផ្នែកការទូត ក្នុងការបញ្ចប់សង្រ្គាម។
«យើងគាំទ្ររាល់កិច្ចខិតខំទាំងអស់សម្រាប់សន្តិភាព ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្តដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការចរចា»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែឧសភា ដោយបន្តថា អំពាវនាវរកកិច្ចព្រមព្រៀងសន្តិភាព ដែលមានលក្ខណៈចងភ្ជាប់កាតព្វកិច្ច។ បើតាមមន្រ្តីចិន កិច្ចសន្តិភាពនោះ ត្រូវតែទទួលយកដោយគ្រប់ភាគីជម្លោះ។
ការចង់បានការចរចាដោយផ្ទាល់រវាងលោក ពូទីន ជាមួយ លោក ហ្សេលេនស្គី ដោយផ្ទាល់បែបនេះ កើតមានស្របពេលប្រទេសលោកខាងលិច បានទាមទារឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ប្រសិនចង់រងទណ្ឌកម្មសេដ្ឋកិច្ច៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
