សិក្ខាកាមជាង៦០០នាក់ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥
  • ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
សិក្ខាកាមជាង៦០០នាក់ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥

សៀមរាប៖ ថ្ងៃទី១៣ ខែឧសភា ជាថ្ងៃទី២ នៃសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្ត​នៃការ​វយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ​២០២៥។ សិក្ខាសាលាតំបន់ទី៤នេះ ធ្វើឡើងនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែល​មានសិក្ខាកាមជាង៦០០នាក់ ជាមន្រ្តីសុខាភិបាលមកពីខេត្តចំនួន៧ មានខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងសៀមរាប។

TTN-Free-Banner-In-Article-PC

គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)  នៃក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «នីតិវិធីនិងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥» ដល់មន្រ្តីអប់រំ និងសុខាភិបាល ដើម្បីត្រៀមចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្នុងកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព។

សិក្ខាសាលានេះ រៀបចំឡើង ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ដែលមានសិក្ខាកាមជាមន្រ្តីអប់រំ និងមន្រ្តីសុខាភិបាលចូលរួមជាង១ពាន់នាក់ក្នុងរយៈពេល២ថ្ងៃនេះ។

បើតាមគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)  នៃក្រសួងមុខងារសាធារណៈ ការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ សម្រាប់អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព នឹងចាប់ផ្តើមនាពេលខាងមុខ។

 ដើម្បីឱ្យដំណើរការការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៥ នេះ រក្សាបាននូវការអនុវត្តតាមគោលការណ៍សុក្រឹត្យភាព សុចរិតភាព និងយុត្តិធម៌ ព្រមទាំងផ្ដល់លទ្ធផលស្របតាមគោលបំណងនៃការជំរុញការកែលម្អ និងលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំឱ្យមានសិក្ខាសាលារយៈពេល២ថ្ងៃ ជូនដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងអង្គភាពជាគោលដៅនៃការវាយតម្លៃ សម្រាប់ជាមូលដ្ឋាន ក្នុងការបំពេញតួនាទីវាយតម្លៃ និងរៀបចំខ្លួនចូលរួមប្រឡងប្រជែងក្នុងចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។



កន្លងមក សិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅទីតាំងគោលដៅសម្រាប់តំបន់ចំនួន៣រួចមកហើយ ហើយសៀមរាបជាតំបន់ទី៤ ដែលមានសិក្ខាកាមមកខេត្តចំនួន៧ មានខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងសៀមរាប។

សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីជំរុញ និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃដំណើរការផ្តល់សេវាសាធារណៈនៅតាមអង្គភាពសាលារៀន និងមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ