អ្នកនាំពាក្យ៖ បើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរការនៅថ្ងៃទី១០កក្កដា
  • ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១៩ នាទី ព្រឹក
អ្នកនាំពាក្យ៖ បើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរការនៅថ្ងៃទី១០កក្កដា
លោក ស៊ិន ចាន់សិរិវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល(ក្នុងរង្វង់) ជាមួយនឹងទិដ្ឋនៃការធ្វើដំណើរការភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

បើគ្មានអ្វីប្រែប្រួលទេ កម្ពុជា​នឹងផ្ទេរជើងហោះហើរទាំងសុទ្ធនៅរាជធានីភ្នំពេញ ពីអាកាសយានដានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាកណ្តាលរាត្រីចូលថ្ងៃទី១០ ខែកក្កដា។ នេះ​ជាលើកឡើងរបស់លោក ស៊ិន ចាន់សិរិវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

TTN-Free-Banner-In-Article-PC

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបម្រើការលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាតាំងពីឆ្នាំ១៩៥៩ នឹងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលេចរូបរាងឡើងនូវអាកាសយានដ្ឋានអន្តរជាតិថ្មីតម្លៃ១៥០០លានដុល្លារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ​លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ​នាព្រឹកថ្ងៃទី១៣ ខែឧសភា យ៉ាងដូច្នេះ​៖ « បើគ្មានអ្វីប្រែប្រួលទេ, យើងនឹងផ្ទេរការហោះហើរ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ នៅយប់ម៉ោង១២៖០០ ចូលថ្ងៃទី១០ ខែកក្កដា»។ 

តែយ៉ាងមិញ ការកំណត់ថ្ងៃ ឬពេលវេលាជាក់លាក់នៃការបិទព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ គឺវាអាស្រ័យទៅលើការវាយតម្លៃចុងក្រោយ​ និងសាវនកម្មលើកទី២ របស់ក្រុមការងារបច្ចេកទេស ដែលធ្វើឡើងនៅដំណាច់ខែឧសភានេះ ខណៈបច្ចុប្បន្ន​ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅសេសសល់មួយចំនួន ដែលក្រុមការងារមិនទាន់ធ្វើរួចរាល់។  « ថ្ងៃទី១០ ខែកក្កដា គឺជាថ្ងៃដែលយើងកំណត់យក[នូវការដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ]។ ប៉ុន្តែអ្វីៗ វាអាចប្រែប្រួលបើសិនជាមានបញ្ហាអ្វីដែលមិនទាន់រួចរាល់។ ព្រោះយើងនៅសេសសល់បញ្ហាតិចតួចដែលត្រូវបំពេញ និងសម្អាតវា​ »។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យអាកាសចរស៊ីវិល​។ 

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងបិទដំណើរការនៅម៉ោង០០:០០យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥​ នោះ គឺដោយសារប្រតិបត្តិការទាំងអស់ ត្រូវរើទាំងស្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោតាមការគ្រោងទុក។ លោកបានបន្ថែមយ៉ាងខ្លីថា ៖ « ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលានយន្តហោះពោធិ៍ចិនតុង គឺជា ជើងហោះហើរ Korean Air»។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានសាងសង់ជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ ដើម្បីឆ្លើយតបនឹងកំណើនចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស, អាកាសយាន្តដ្ឋាននេះត្រូវបានបើកការដ្ឋាន​រុះរើសាងសង់ជាថ្មីឡើងវិញ​នៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចរាល់​ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំណើរ​បាន៥លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០០៣៕ 


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន