- ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:៤៩ នាទី ព្រឹក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែឧសភា បានបង្ហាញពីបំណងចង់ចូលរួមជំនួបដោយផ្ទាល់រវាងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី។ មេដឹកនាំអ៊ុយក្រែន បានស្វាគមន៍វត្តមានលោក ត្រាំ ខណៈរុស្ស៊ី មិនទាន់ឆ្លើយតបនឹងជំនួបនៅតួកគីឡើយ។
ជាជំហានដ៏វិជ្ជមានមួយ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានស្នើជួបសមភាគីអ៊ុយក្រែនដោយផ្ទាល់ នៅទីក្រុងអ៊ីស្តង់ប៊ុល របស់តួកគី ក្នុងថ្ងៃទី១៥ ខែឧសភា ដើម្បីចរចាលើការបញ្ចប់សង្រ្គាម។ ជុំវិញជំនួបដោយផ្ទាល់លើកដំបូងចាប់តាំងពីឆ្នាំ២០១៩ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ក៏បានបង្ហាញពីចេតនាចង់ចូលរួមផងដែរ។
«ខ្ញុំមានកិច្ចប្រជុំជាច្រើន ប៉ុន្តែខ្ញុំកំពុងពិចារណាហោះទៅទីនោះ (អ៊ីស្តង់ប៊ុល)»។ លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ មុនចាកចេញពីអាម៉េរិក ដើម្បីបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ដែលជាទស្សនកិច្ចលើកដំបូង ចាប់តាំងពីចូលកាន់តំណែងនៅអាណត្តិទីពីរ។ ទន្ទឹមនេះ មេដឹកនាំអាម៉េរិក បានចាត់ទុកជំនួបដោយផ្ទាល់រវាងលោកពូទីន និងលោកហ្សេលេនស្គី ជាកិច្ចប្រជុំដ៏សំខាន់ ហើយមិនត្រូវមើលស្រាលឡើយ។ត្រង់ចំណុចនេះ លោក ត្រាំ ទំនងមើលឃើញថា ជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុល អាចជាជំហានដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន និងរុស្ស៊ីឈានទៅរកបទឈប់បាញ់ មុននឹងមានកិច្ចព្រមព្រៀងសន្តិភាពពេញទី។
តាមរយៈបណ្តាញសង្គម X នៅក្នុងថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញការស្វាគមន៍ចំពោះវត្តមានរបស់លោក ត្រាំ ដែលកន្លងមកតែងតែជំរុញឱ្យភាគីសង្រ្គាមទាំងពីរចូលតុចរចា និងមានបទឈប់បាញ់។បើទោះមេដឹកនាំអ៊ុយក្រែន បានឯកភាព និងត្រៀមខ្លួនជាស្រេចក្នុងការជួបជាមួយសមភាគីរុស្ស៊ីដោយផ្ទាល់ ប៉ុន្តែកិច្ចប្រជុំមួយនេះ នៅតែមានភាពស្រពេចស្រពិល ដោយសាររុស្ស៊ី មិនទាន់បានតបនឹងភាគីអ៊ុយក្រែនឱ្យបានច្បាស់លាស់។
នៅក្នុងកិច្ចសន្ទនារវាងលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងសមភាគីតួកគី លោក Hakan Fidan ក្រសួងការបរទេសរុស្ស៊ី មិនបានបញ្ជាក់ពីការទទួលសំណើរបស់រុស្ស៊ី ដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនដោយផ្ទាល់ឡើយ ស្របពេលភាគីក្រុងកៀវ នៅតែបន្តចោទក្រុងមូស្គូ បន្តវាយប្រហារនៅតំបន់ជួរមុខ នៅភាគខាងកើតអ៊ុយក្រែន៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
