- ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

លោកគ្រូបង្វឹក Kim Sang-sik កោះហៅកីឡាករវៀតណាមពីររូបបន្ថែមទៀតទៅក្នុងក្រុម ASEAN All-stars ដើម្បីប្រកួតមិត្តភាពជាមួយក្រុម Manchester United នៅថ្ងៃទី២៨ ខែឧសភា នៅកីឡដ្ឋាន Bukit Jalil ក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ វៀតណាម និងថៃ មានកីឡាករចូលរួមច្រើនជាងគេចំនួន៤រូបដូចគ្នា ស្របពេលកម្ពុជាមាន២រូប។
លោក Kim Sang-sik គ្រូបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ត្រូវបានជ្រើសរើសជាអ្នកដឹកនាំក្រុមបាល់ទាត់អាស៊ាន ASEAN All-star ក្នុងការប្រកួតដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ដ៏ជាមួយ Man Utd ហើយជំនួបនេះក៏ជាសកម្មភាពនៃដំណើរទេសចរណ៍ក្រោយចប់រដូវកាលរបស់ក្រុមយក្សអង់គ្លេសផងដែរ។
ដំបូងឡើយលោក Kim គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងបានកោះហៅកីឡាករវៀត៣រូប។ ប៉ុន្តែក្រោយ Nguyen Quang Hai សុំដកខ្លួនក្រោមហេតុផលផ្តោតការជួយក្រុម Haanoi Police FC ក្នុងការប្រកួត ASEAN Clubs Championship វគ្គផ្តាច់ព្រ័ត្រទល់ Buriram United របស់ថៃ លោក Kim ក៏សម្រេចបន្ថែមកីឡាករវៀតណាម២រូបទៀត។ សរុបទាំងអស់កីឡាករវៀតណាមមាន៤រូប ដែលសុទ្ធសឹងជាអ្នករួមចំណែកជួយក្រុមឈ្នះជើងឯក ASEAN Cup 2024។ នេះបើតាការផ្សាយរបស់កាសែត vnexpress។
នេះមានន័យថាវៀតណាមមានកីឡាករ៤រូបរួមមាន Nguyen Hai Long, Nguyen Van Vi, Do Duy Manh និង Nguyen Hoang Duc ស្មើកីឡាករថៃ Patiwat Khammai, Peeradol Chamrasamsee, Worachit Kanitsribampen និង Ben Davies និងជាចំនួនច្រើនជាងគេក្នុងចំណោមកីឡាករពីប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។
ម៉ាឡេស៊ី មានកីឡាករ៣រូប ប៉ុន្តែក្នុងចំណោមនេះអាចចូលរួមបានតែអ្នកចាំទី Haziq Nadzli ប៉ុណ្ណោះ ស្របពេល២រូបទៀតមិនត្រូវបានក្លិបអនុញ្ញាត។ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) នឹងរកកីឡាករពីររួមផ្សេងទៀតជំនួសវិញ។
តំណាងកីឡាករកម្ពុជា មាន២រូប រួមមានខ្សែប្រយុទ្ធ អាប់ឌែល ឃូលីបាលី របស់អង្គរថាយហ្គឺរ (ជំនួស នេតូ រ៉ុនដុន) និង កាន់ ម៉ូ ខ្សែការពារវិសាខា។ ឥណ្ឌូណេស៊ីមាន២រូប Asnawi Mangkualam និង Muhammad Ferarri។ ខ្សែការពារ Irfan Fandi ជាកីឡាករតែមួយគត់មកពីសិង្ហបុរី។ មីយ៉ាន់ម៉ា បញ្ជូនខ្សែបម្រើ Maung Maung Lwin ខណៈព្រុយណេមានខ្សែបម្រើ Azwan Ali Rahman។
ខ្សែប្រយុទ្ធឡាវ Bounphachan Bounkong និង Joao Pedro របស់ទីម័រខាងកើត ដែលសព្វថ្ងៃកំពុងប្រកបអាជីពនៅក្រុមលីគកំពូលកម្ពុជា ស្ថិតក្នុងជម្រើសរបស់លោក Kim ផងដែរ ហើយគ្រូសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ចាត់ទុកកីឡាករទាំងពីរជាអ្នករកគ្រាប់បាល់សម្រាប់ក្រុម ASEAN All-stars ក្នុងជំនួបទល់នឹងក្រុមបិសាចក្រហម៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
