- ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:៣៥ នាទី រសៀល

ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា បានបដិសេធសំណើសុំស្តារ នីតិសម្បទាឡើងវិញ របស់ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ការស្នើសុំនេះ ធ្វើឡើងដើម្បីលុបលាងទោសចោទ ទណ្ឌកម្មព្រហ្មទណ្ឌ និងស្តារសិទិ្ធនយោបាយរបស់លោក ពាក់ព័ន្ធនឹងសំណុំរឿង កាលពីឆ្នាំ ២០២១ នៅពេលលោកត្រូវបានតុលាការផ្តន្ទាទោសពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សហៅកាត់ថាលីកាដូ អះអាងថាការសាលាឧទ្ធរណ៍បដិសេធសំណើសុំនេះ ធ្វើឡើងតាមមាត្រា ៥៣៤ និង ៥៤១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា៥៣៤ ចែងថា ការផ្ដល់ឱ្យមាននីតិសម្បទានឡើងវិញ តាមផ្លូវតុលាការ អាចត្រូវបានផ្ដល់ឱ្យ ឬមិនព្រមផ្ដល់ឱ្យ ដោយសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍។ មាត្រា ៥៤១វិញ នីតិសម្បទាត្រូវមានឡើងវិញ ដោយពេញលក្ខណៈច្បាប់នៅក្នុងករណី ផុតរយៈពេល៥ឆ្នាំ ដោយគិតពីថ្ងៃអនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ ពន្ធនាគារមិនលើសពី៥ឆ្នាំទេ ឬក៏ផ្តន្ទាទោសពិន័យ។
ពាក់ព័ន្ធនឹងការសម្រេចនេះ លោក រ៉ុង ឈុន ថាលោកមិនមានអ្វីភ្ញាក់ផ្អើលឡើយ ដោយសារលោកសង្កេតឃើញ សំណុំរឿងនយោបាយ កម្រទទួលបានយុត្តិធម៌ណាស់ ព្រោះលោកឃើញការសម្រេចក្ដី មិនឈរលើវិជ្ជាជីវៈ ឯករាជ្យភាព លើអង្គហេតុនិងអង្គច្បាប់ត្រឹមត្រូវឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោកពន្យល់ពីមូលហេតុនៃការបដិសេធរបស់សាលាឧទ្ធរណ៍បែបនេះ៖ «សាលាឧទ្ធរណ៍ គ្រាន់តែជាការយកលេស លេសទារលិខិតបង់ប្រាក់ ដែលខ្ញុំបានបង់ប្រាក់ពិន័យ២លានរួចរាល់ហើយ ដែលខ្ញុំមិនបានភ្ជាប់ទៅជាមួយ ហើយ សងសំណងគណៈកម្មការព្រំដែន ខ្ញុំបានស្នើសុំបង់តាមលទ្ធភាព ឬដំណាក់កាល»។
យ៉ាងណាក្ដី លោក រ៉ុង ឈុន មិនទាន់ទទួលបានការឆ្លើយតបពីការស្នើសុំបង់ប្រាក់នេះឡើយ។ ដូច្នេះ លោកថា ខ្លួនបានបង្ហាញជំហរសហការជាមួយតុលាការ ប៉ុន្តែខាងតុលាការ បែរជាមិនសងការជាមួយទៅវិញ។ អ្នកនយោបាយរូបនេះ អះងាងថា នឹងតស៊ូមតិជាមួយតុលាការបន្ថែមទៀត តាមនីតិវិធីក្រោយពីពិភាក្សាជាមួយមេធាវីខ្លួនរួច។
ពាក់ព័ន្ធនឹងសកម្មរបស់ លោក រ៉ុង ឈុន កន្លងមក លោកពន្យល់ពីកិច្ចការងារជួយការពារពលរដ្ឋទន់ខ្សោយ ស្វែងរកការគាំទ្រក្នុងវិស័យនយោបាយ រួមទាំងការចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះ ដើម្បីរកដោះស្រាយ។
ជុំវិញសំណុំរឿងខាងលើ កាលពីថ្ងៃទី៥ឧសភា សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ដកសិទ្ធិនយោបាយ រួមទាំងពិន័យ៤លានរៀល ពីបទមិនរាងចាល ក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទល្មើសមួយទៀត គឺញុះគង់បង្កឱ្យមានភាពវឹកវរដល់សង្តិសុខសង្គម ដែលប្រព្រឹត្តកាលពីឆ្នាំ២០២៤។
កន្លងមក ២០២១ លោក រ៉ុង ឈុន ដែលជាអតីតថ្នាក់ដឹកនាំសហជីព និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ ម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួនជាង ១៥ ខែ និងបង្គាប់ឱ្យសងជំងឺចិត្តដល់ដើមបណ្តឹងដែលជាគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចំនួន ៤០០ លានរៀល (ប្រមាណជាង ១០០.០០០ ដុល្លារអាមេរិក) ។ កាលពីខែមេសា ឆ្នាំនេះ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យរឹបអូសអចលនវត្ថុរបស់លោក ដែលរួមមានផ្ទះរស់នៅរបស់លោកនៅរាជធានីភ្នំពេញ ដើម្បីលក់ឡៃឡុងយកប្រាក់សងការខូចខាតរបស់ដើមបណ្តឹងខាងលើ ។ សម្រាប់សវនាការនាថ្ងៃនេះ តុលាការបានលើកសំអាងថា លោក មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការសងសំណងជំងឺចិត្តដល់ដើមបណ្តឹងនោះទេ ដែលជាហេតុធ្វើឱ្យតុលាការបដិសេធការស្នើសុំរបស់លោក ក្នុងការស្តារនីតិសម្បទាឡើងវិញ។
អំឡុងឆ្នាំ២០២០ រ៉ុង ឈុន បានចុះទៅព្រំដែន ខេត្តត្បូងឃ្មុំ ហើយរិះគន់ និងផ្ដល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការបាត់ដី។ នៅថ្ងៃទី៣១កក្កដា លោក រ៉ុង ឈុន ក៏ត្រូវបានឃាត់ខ្លួន ហើយឆ្នាំ២០២១ ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំម្ដងរួមមកហើយ ពីបទញុះញង់ដោយសាលាដំបូងរាជធានីភ្នំពេញ។ ការសម្រេចនេះ ដោយសារលោកចុះទៅខេត្តត្បូងឃ្មុំ ហើយរិះគន់ពីបញ្ហាព្រំដែន។ ក្រោយមកតុលាការក៏បង្គាប់ឱ្យលោក រ៉ុង ឈុន សងសំណងទៅគណៈកម្មការព្រំដែនជិត១០ម៉ឺនដុល្លារផងដែរ ពីករណីនេះ។ លុះដល់ថ្ងៃទី២៧មីនា ឆ្នាំ២០២៥ តុលាការក៏ចេញដីកា បង្ខំលក់អចលនវត្ថុ(ផ្ទះ)លោក រ៉ុង ឈុន ដែលមាន ទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះលោកពុំបានបង់សំណងទៅតាមការបង្គាប់របស់តុលាការ៕
អ្នកសរសេរអត្ថបទ
