- ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

សៀមរាប៖ ការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥ សម្រាប់សាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ លោក សាត ថា នាយកអនុវិទ្យាល័យភ្នំយ៉ាត ក្នុងខេត្តប៉ៃលិន ដែលជាម្ចាស់ជ័យលាភីលេខ១ កាលពីឆ្នាំ២០២៣ ប្ដេជ្ញាពង្រឹងសមត្ថភាព គុណភាព អង្គភាពខ្លួន ពិសេសអនុវត្តតាមស្តង់ដាគំរូរបស់ក្រសួង ដើម្បីរក្សាតំណែងជ័យលាភីក្នុងឆ្នាំ២០២៥។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
នាសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តអនុវត្តន៍ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥ សម្រាប់កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព នៅថ្ងៃទី១២ ខែឧសភាព ក្នុងក្រុងសៀមរាប លោក សាត ថា នាយកអនុវិទ្យាល័យភ្នំយ៉ាត អះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា អង្គភាពលោក បានត្រៀមខ្លួនជាស្រេច ក្នុងការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៥។
យ៉ាងណាក៏ដោយ នាយកអនុវិទ្យាល័យរូបនេះ បានបញ្ជាក់ពីការប្ដេជ្ញាពង្រឹងគុណភាពអប់ រំ សមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូនៃសាលាខ្លួន ពិសេសចំណុចសំខាន់ៗនៃស្តង់ដាសាលាគំរូ ដើម្បីបន្តរក្សាតំណែងជ័យលាភីក្នុងឆ្នាំ២០២៥។
អនុវិទ្យាល័យភ្នំយ៉ាត ដែលស្ថិតក្នុងខេត្តប៉ៃលិនមួយនេះ ធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៣ កម្រិតអនុវិទ្យាល័យ ក្នុងចំណោមជ័យលាភីចំនួន១០។
លោក សាត ថា រម្លឹកថា មុនទទួលបានជ័យលាភីលេខ១ កាលពីឆ្នាំ២០២៣ លោកបាន ចំណាយពេល២ឆ្នាំ ដើម្បីពង្រឹងសមត្ថភាព គុណភាពអប់រំ និងអនុវត្តស្តង់ដាសាលាគំរូ មុនចូលរួមប្រកួត។ នៅឆ្នាំ២០២៥នេះ សាលាភ្នំយ៉ាត ក៏មានពេល២ឆ្នាំ ដើម្បីកែលម្អចំណុចខ្វះចន្លោះ និងបន្ថែមគុណភាព មុនពេលការប្រកួតចូលមកដល់។
លោក សាត ថា លើកឡើង៖ «ក្នុងឆ្នាំ២០២៥នេះ ខ្ញុំបានរៀបចំ និងត្រៀមរួចហើយក្នុងការចូលប្រកួតម្ដងទៀត ដើម្បីទទួលយកជ័យលាភី។ ខ្ញុំប្ដេជ្ញាចិត្តថានឹងយកជ័យលាភីឱ្យបាន ក្នុងឆ្នាំ២០២៥នេះ។ យើងបានត្រៀមរួចរាល់ហើយដែរ។»។
លោក សាត ថា នាយកអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន
កត្តាសំខាន់ដែលជំរុញឱ្យសាលាភ្នំយ៉ាត ទទួលបានជ័យលាភី គឺការអនុវត្តស្តង់ដាសាលា គំរូស្របតាមសូចនាករទាំង៨ចំណុច របស់គណៈកម្មការវាយតម្លៃស្តង់ដាសាលាគំរូ នៃក្រសួងមុខងារសាធារណៈ។ នេះជាការលើកឡើងរបស់នាយកអនុវិទ្យាល័យភ្នំយ៉ាត ដែលលោកបន្តបញ្ជាក់ថា ការចូលរួមស្វែងយល់ពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃរបស់គណៈកម្មការ ជាផ្នែកមួយសំខាន់អាចឱ្យអ្នកពាក់ព័ន្ធ ដូចជានាយក នាយិកាសាលាទាំងអស់អាចស្វែងយល់ និងបន្តយកទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួនស្របតាមស្តង់ដា។
និយាយចំពោះ លោកនាយក សាត ថា ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូ អនុវិទ្យាល័យភ្នំយ៉ាត ជាគុណតម្លៃ និងកិត្តិយសធំធេងរបស់សាលា ពិសេសសម្រាប់លោក ជាគណៈគ្រប់គ្រង សម្រាប់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល រួមទាំង សហគមន៍ទាំងមូល។
«ចំពោះជ័យលាភីនេះ មានតម្លៃណាស់! ទី១ សម្រាប់យើងជាអ្នកដឹកនាំក្នុងអង្គភាព។ ទី២តម្លៃសម្រាប់គ្រូ ដែលចេញសាលារបស់យើង។ ទី៣ គឺសិស្ស ទី៤ គឺសហគមន៍ ទី៥ គឺអាជ្ញាធរ គឺមានគុណតម្លៃណាស់។ អ៊ីចឹងខ្ញុំគិតថា តម្លៃនៃការប្រឡងអង្គភាពសាធារណៈ មានតម្លៃសម្រាប់ឱ្យសហគមន៍យើង សាលារៀនយើង និងប្រទេសយើងរីកចម្រើនស្របតាមគោលនយោបាយថ្នាក់ជាតិ»។ នេះជាការលើកឡើងរបស់លោក សាត ថា។
នាយកអនុវិទ្យាល័យភ្នំយ៉ាត បានបញ្ជាក់បន្ថែមថា មិនមែនសម្រាប់តែការប្រកួតប្រជែងយកជ័យលាភីនោះឡើយ ប៉ុន្តែអនុវិទ្យាល័យភ្នំយ៉ាត បានអនុវត្តប្រចាំលើការពង្រឹងគុណ ភាពអប់រំ សមត្ថភាព និងរៀបចំសណ្ដាប់ធ្នាប់សាលា ដើម្បីជំរុញគុណភាពអប់រំ និងបណ្ដុះ ធនធានដ៏ល្អប្រសើរក្នុងសង្គម។
សូមបញ្ជាក់ថា ការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ នឹងចាប់ផ្តើមនាពេលខាងមុខ សម្រាប់កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព។ ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួល ស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីជំរុញ និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃដំណើរការផ្តល់សេវាសាធារណៈ នៅតាមអង្គភាពសាលារៀន និងមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង៕

អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
